Tuesday, May 23, 2023

លិខិតមិត្តអ្នកអាន៖ ទឹកភ្នែកចេញពីបេះដូងមនុស្សជាតិ!

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេមលើកទី៣២ កម្ពុជាបានធ្វើឱ្យព្រឹត្តិការណ៍កីឡាតំបន់មួយនេះ ក្លាយទៅជាព្រឹត្តិការណ៍ដ៏រំជួលចិត្ត និងជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ ដែលមិនអាចបំភ្លេចបានសម្រាប់គ្រប់គ្នាដែលបានចូលរួម និងដែលបានទស្សនាទាំងផ្ទាល់ មិនផ្ទាល់ ទាំងក្នុង និងក្រៅប្រទេស។ កម្ពុជាបានធ្វើឱ្យមនុស្សរាប់លាននាក់ ស្រក់ទឹកភ្នែកដោយក្តីរំជួលចិត្ត ព្រោះតែបានបំពេញតួនាទី ជាម្ចាស់ផ្ទះដ៏ល្អជូនភ្ញៀវទាំងអស់ បើទោះបីនេះ ជាលើកដំបូងបង្អស់ និងពុំធ្លាប់មានបទពិសោធន៍រៀបចំព្រឹត្តិការណ៍នេះម្តងណាឡើយ ប៉ុន្តែមិននឹកស្មានដល់ថា កម្ពុជាធ្វើបានយ៉ាងល្អលើសពីការរំពឹងទុកទៅទៀត។ អត្តពលិកកម្ពុជា អត្តពលិកកូនកាត់ខ្មែរ-បរទេស អត្តពលិកតំណាងជាតិ នៃបណ្តាប្រទេសសមាជិកស៊ីហ្គេម ពួកគេខ្លះរំភើប នឹងជោគជ័យរបស់ខ្លួនលើកទឹកដីកម្ពុជា ខ្លះរំភើបនឹងការតស៊ូដ៏ស្វិតស្វាញរបស់ពួកគេ ទោះមិនបានជោគជ័យក្តី ខ្លះទៀតរំភើបព្រោះការផ្តល់ឱ្យដ៏កក់ក្តៅបំផុតរបស់កម្ពុជា រហូតពួកគេមិនអាចទប់ចិត្តមិនឱ្យរំជើបរំជួលបាន អត្តពលិកបរទេសខ្លះទៀតបានសម្រក់ទឹកភ្នែក ពេលដែលពួកគេធ្វើដំណើរចាកចេញពីទឹកដីកម្ពុជា ត្រឡប់ទៅប្រទេស កំណើតខ្លួនវិញ។ 

ពលរដ្ឋកម្ពុជាទូទាំងប្រទេសរំភើបនឹងជោគជ័យ ជាប្រវត្តិសាស្ត្រដែលកីឡាករ កីឡាការិនីកម្ពុជា រួមសាមគ្គីគ្នា បានយ៉ាងល្អបំផុតរហូតធ្វើឱ្យកម្ពុជា ដែលធ្លាប់តែមានពិន្ទុទាបក្នុងតារាងស៊ីហ្គេមជា៦០ឆ្នាំ ប្រែមកជាទទួលបានលទ្ធផលចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសទាំង១១ នៃសមាជិកកីឡាស៊ីហ្គេម ដែលនេះគឺជាលទ្ធផលខ្ពស់ហួសពីការរំពឹងទុករបស់កម្ពុជា។ ជាការពិតណាស់ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានហិរញ្ញវត្ថុ គេអាចនិយាយបានថា កម្ពុជាមិនទាន់មានលទ្ធភាពល្អឥតខ្ជះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានេះឡើយ ត្បិតថាកម្ពុជាគ្រាន់តែជាប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍តូចមួយ ដែលទើបងើបចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍រយៈពេលប្រមាណជាង៣០ឆ្នាំប៉ុណ្ណោះ។ ទោះបីខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន រំកិលទៅមុខរហូតបានឈានមកដល់ត្រឹមចំណុចនេះក្តី ក៏កម្ពុជាខ្លួនឯង ហ៊ានទទួលស្គាល់ការពិតថា ខ្លួននៅខ្វះខាតច្រើន។ ប៉ុន្តែអ្វីដែលមនុស្សជាតិមិនអាចប្រកែកបាន និងមិនអាចមិនសរសើរបាននោះ គឺទឹកចិត្តកម្ពុជាធំធេង រហូតទទួលបានការកោតស្ញប់ស្ញែងពីប្រជាជន កីឡាករ កីឡាការិនី ប្រតិភូកីឡា និងបណ្តាប្រទេសនានាជាច្រើនលើពិភពលោក ដែលសាកសមនឹងរហសនាមថា ជាប្រទេសតូច ប៉ុន្តែមានបេះដូងធំទូលាយ។ 

អ្វីដែលគួរឱ្យកោតស្ងប់ស្ងែងបំផុត គឺកម្ពុជាបានទទួលជោគជ័យខ្លាំងបំផុត ដែលប្រវត្តិសាស្ត្រក្នុងកីឡាស៊ីហ្គេមស្ទើរតែមិនធ្លាប់មាននោះ គឺកម្ពុជាបានធ្វើឱ្យមនុស្សជាតិរាប់លាននាក់ស្រក់ទឹកភ្នែក ចេញពីក្រអៅបេះដូងរបស់ពួកគេ ពោរពេញដោយក្តីរំភើប រំជើបរំជួល រកអ្វីមកប្រៀបពុំបាន ក្នុងការរៀបចំព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២។ ហើយទឹកភ្នែកដែលចេញពីបេះដូងនេះ គឺវាបានដក់ជាប់ក្នុងការចងចាំ ដែលមិនរលុបឡើយ។ កម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ទើបតែលើកទី១សោះ ប៉ុន្តែព្រឹត្តិការណ៍នេះបែរជាបានអង្រួនបេះដូងពលរដ្ឋកម្ពុជាខ្លួនឯង និងជនបរទេសជាច្រើនដោយពួកគេ នាំគ្នាពោលដោយមោទនភាពចំពោះកម្ពុជាថា ពួកគេស្រលាញ់កម្ពុជា ពួកគេអរគុណកម្ពុជា ហើយពួកគេនិងចងចាំអំពើល្អៗរបស់កម្ពុជាជាប់ក្នុងដួងចិត្ត។ គួរបញ្ជាក់ថា សម្រាប់ប្រទេសអ្នកមាន ដែលមានធនធានគ្រប់បែបយ៉ាង គឺវាពិតជាមិនលំបាកទេ សម្រាប់ពួកគេ ក្នុងការរៀបចំព្រិត្តិការណ៍លំដាប់អន្តរជាតិណាមួយឱ្យបានល្អ និងទទួលបានជោគជ័យនោះ។ ប៉ុន្តែក៏មិនប្រាកដថា នៅគ្រប់ភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងអស់នោះ សុទ្ធតែអាចឆក់យកបេះដូងមហាជន ឬមនុស្សជាតិ ឱ្យរំភើបរំជើបរំជួលរហូត អួលដើមករ ហូរទឹកភ្នែកដោយមិនដឹងខ្លួនចេញពីក្រអៅបេះដូងបានដែរ។ ត្រង់នេះហើយ ដែលយើងអាចនិយាយបានថា កម្ពុជាពិតជាអស្ចារ្យខ្លាំងណាស់។

គេអាចសង្កេតឃើញច្បាស់ៗថា នៅគ្រប់ផ្នែកនៃការរៀបចំ និងការផ្តល់ឱ្យភ្ញៀវគ្រប់ជាតិសាសន៍ ការគ្រប់គ្រងសណ្តាប់ធ្នាប់ ការរក្សាបាននូវយុត្តិធម៌ក្នុងការប្រកួតនីមួយៗដោយមិនលំអៀង ការមើលថែរក្សា ការយកចិត្តទុកដាក់ ការទទួលខុសត្រូវ គឺសុទ្ធតែចេញពីបេះដូងមេដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលមិនអាចប្រកែកបាន។ ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមឧទិ្ទសនូវសមិទ្ធផលដ៏ថ្លៃថ្លា នៃមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ កីឡាស៊ីហ្គេម លើកទី៣២នេះ ជូនដល់បុព្វបុរសខ្មែរគ្រប់ជំនាន់ អតីតព្រះមហាក្សត្រ អតីតព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមបានទទួលនូវសមិទ្ធផលនេះ ដោយសេចក្តីត្រេកអរ រំភើបជាមួយនឹងប្រជាជាតិកម្ពុជាទាំងអស់ ដែលកំពុងរស់នៅក្នុងសុខសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំប្រកបដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសូមឱ្យលោកបន្តថែរក្សា ការពារ ប្រោះព្រំឱ្យមាតុភូមិកម្ពុជា ឈានទៅទទួលបាន នូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដ៏មហស្ចារ្យបន្តបន្ទាប់ទៀតក្នុងពេលអនាគត។ សូមបន់ស្រន់ឱ្យកូនខ្មែរគ្រប់ជំនាន់តទៅមុខ ស្គាល់តែស្នាមញញឹម មានកម្លាំងសាមគ្គីជាតិកាន់តែរឹងមាំ ប្រឹងប្រែងតស៊ូ ជំនៈឧបសគ្គ ដើម្បីបម្រើឱ្យបុព្វហេតុជាតិមាតុភូមិ របស់ខ្លួនដោយមិនរួញរា រួមគ្នាកសាងជាតិ កម្ចាត់ចោលការមើលងាយ មើលស្រាល និងមិនឱ្យតំលៃពីមជ្ឈដ្ឋានបរទេសមួយចំនួនតូច និងសូមឱ្យកូនខ្មែរកាន់តែមានកំលាំងអាចប្រឈមមុខ នឹងឧបសគ្គគ្រប់បែបយ៉ាង ពុះពារដើម្បីឆ្លងទៅដល់ត្រើយសុភមង្គម ការរីកចំរើន ជឿនលឿន និងការអភិវឌ្ឍឥតឈប់ឈរ៕

ដោយ៖ ពៅ ធីតាវណ្ណ






No comments:

Post a Comment