Monday, May 15, 2023

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ញើសារជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥- ១៦ ឧសភា ២០២៣)។ 


នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា អង្គប្រតិបត្តិច្បាប់ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម ត្រូវបានចាប់បដិសន្ធិក្រោមស្នាព្រះហស្តដ៏ថ្លៃថ្លារបស់សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដោយត្រូវបានប្រសិទ្ធនាមថា «នគរបាលជាតិ» ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះមានអាយុកាល ៧៨ឆ្នាំហើយ។

ស្ថិតក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃការរំលឹកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ តាងនាមថ្នាក់ ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមឧទ្ទិសនូវការចងចាំមិនអាចបំភ្លេចបានចំពោះគុណូបការៈ និងពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បង និវត្តន៍ជន ក៏ដូចជាយុទ្ធជន យុទ្ធនារីនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រកបដោយវីរភាពអង់អាចក្លាហានឆ្លងកាត់គ្រប់ឧបសគ្គ គ្រប់និន្នាការនៃសង្គម បូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិត និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីបុព្វហេតុសន្តិសុខ ព្រមទាំងភាពសុខសាន្តរបស់ពលរដ្ឋ និងសង្គមជាតិ។

សមិទ្ធផល ស្នាដៃជាច្រើនឥតគណនាត្រូវបានបង្កើតឡើងរហូតដល់បច្ចុប្បន្ននេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីទស្សនៈ ទេពកោសល្យ ពលិកម្ម និងបទពិសោធន៍ពោរពេញដោយមនសិការស្នេហាជាតិ ស្នេហាប្រជាជន ដែលបានបន្សល់ទុកជាគំរូដ៏ឧត្ដុង្គឧត្តមសម្រាប់កងកម្លាំងនគរបាលជាតិ ជំនាន់ក្រោយសិក្សារៀនសូត្រ ដើរតាមគន្លងដ៏ប្រសើរថ្លៃថ្លា និងធ្វើជាមូលដ្ឋានក្នុងការអភិវឌ្ឍអង្គភាពឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ទន្ទឹមនេះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានអនុញ្ញាតឲ្យកូនចៅ ស្វាមី ភរិយា សាច់ញាតិ ចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ និងបានជួយឧបត្ថម្ភគាំទ លើកទឹកចិត្ត ព្រមទាំងបង្កលក្ខណៈគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិតាំងពីដើមរៀងរហូតមក ដែលគុណបំណាច់ទាំងអស់នេះយើងខ្ញុំសូមកត់ត្រា និងចងចាំទុកក្នុងដួងចិត្តជានិច្ច។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដោយក្ដីនឹករឭក និងមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះបងប្អូនកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម និងសូមជូនពរមន្ត្រីនគរបាលជាតិ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយពីជំងឺគ្រប់ប្រភេទ ដើម្បីវិលមករួមរស់ជាមួយក្រុមគ្រួសារ និងត្រឡប់មកបំពេញការងារជូនអង្គភាពវិញ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្ដទៀតថា ថ្វីត្បិតសព្វថ្ងៃនេះមាតុភូមិរបស់យើង ក្រាលគ្របដោយសុខសន្តិភាពយ៉ាងពេញលេញ ប៉ុន្តែកងកម្លាំងនគរបាលជាតិនៅតែបន្តបំពេញតួនាទីយ៉ាងសកម្ម រួមចំណែកការពារសន្តិភាព ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបានប្រកៀកស្មាគ្នយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទន្ទឹមនេះយើងក៏បានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាស្ថិរភាពសន្តិសុខផ្ទៃក្នុង រក្សាបាននូវប្រក្រតីភាព និងជីវភាពសង្គម បង្កើតបរិយាកាសកក់ក្ដៅសម្រាប់ប្រជាពលរដ្ឋរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិត ស្របពេលដែលយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ច្បាប់ចរាចរណ៍ផ្លូវគោក ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ការអនុវត្តច្បាប់អន្តោប្រវេសន៍ យុទ្ធនាការការពារធនធានធម្មជាតិ ការបង្ក្រាបបទល្មើសព្រៃឈើ និងជលផលនៅបឹងទន្លេសាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង ពិសេសការប្រយុទ្ធប្រឆាំងបទល្មើសសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិបានអនុវត្តភារកិច្ចប្រកបដោយភាពម្ចាស់ការ ដោយបានការពារ និងធានានូវប្រក្រតីកម្ម នៃស្ថាប័នជាតិ គ្រប់គោលដៅនយោបាយការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ក៏ដូចជាបេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗប្រមាណ១២,៧៥៦លើក ត្រូវបានធានាសុវត្ថិភាពទាំងស្រុង ពិសេសដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ រួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ចំពោះស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម រឹតតែមានភាព​ល្អប្រសើរជាលំដាប់ ដោយបានកាត់បន្ថយបទល្មើសព្រហ្មទណ្ឌជារួមប្រមាណ ៩% ស្របពេលដែលលទ្ធផលបង្ក្រាប មានកម្រិតខ្ពស់រហូតដល់ ៩២%។ ការងារដែលកំពុងទទួលបាននូវជំនឿទុកចិត្ត និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅតាមសហគមន៍នោះគឺការបម្រើសេវាចាំបាច់របស់នគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានផ្សាភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្នុងនាមសេវាករ និងជាកម្លាំងស្នូលជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ដែលជាគោលនយោបាយជាតិដ៏មានអាទិភាព និងសក្តានុពលបំផុត ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។

ក្រៅពីការអនុវត្តភារកិច្ចស្នូលខាងលើនេះ កងកម្លាំងនគរបាលជាតិបានរួមចំណែកយ៉ាងសស្រាក់សម្រាំ ក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រកបដោយឆន្ទៈមុតស្រួច និងស្មារតីអង់អាចក្លាហានគួរឲ្យកោតសរសើរ។

ឆ្នាំ២០២៣ នេះក្រៅពីការបន្តទទួលរងនូវវិបត្តិសុខភាពសាធារណៈ ដោយសារជំងឺកូវីដ-១៩ សកលលោកទាំងមូលក៏កំពុងរងការគំរាមកំហែងប្រកបដោយភាពស្មុគស្មាញ និងពុំមានភាពច្បាស់លាស់ពីការប្រកួតប្រជែងដណ្ដើមឧត្តមភាពភូមិសាស្ត្រនយោបាយ សង្គ្រាមឈ្លានពាន វិបត្តិសេដ្ឋកិច្ច និងស្បៀងអាហារ ព្រមទាំងបញ្ហាជាច្រើនទៀត ដែលស្ថានភាពទាំងនេះនឹងជះឥទ្ធិពលដោយផ្ទាល់ ឬដោយប្រយោល ដល់ព្រះរាជាណាចក្រកម្ពុជា ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងបរិយាកាសនៃសន្តិសុខផ្ទៃក្នុង ស្របពេលដែលប្រទេសយើងត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលព្រឹត្តិការណ៍សំខាន់ៗទាំងនេះសុទ្ធសឹងតែជាភារកិច្ច និងជាបន្ទុកទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ និងទាមទារឲ្យមានការចាត់វិធានការដោយភាពម៉ឺងម៉ាត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីធ្វើឲ្យបរិយាកាសសង្គមកាន់តែមានភាពកក់ក្ដៅ គាំទ្រដល់កិច្ចដំណើរការនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងអស់នោះ រួមចំណែកលើកតម្កើងកិត្តិយសសក្តានុពល និងកិត្យានុភាពជាតិ។

ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន សូមវាយតម្លៃខ្ពស់ និងសូមគាំទ្រលើកទឹកចិត្ត ដល់បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្ដេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងមានមនសិការវិជ្ជាជីវៈខ្ពស់។

ទន្ទឹមនេះក៏សូមណែនាំឲ្យបងប្អូនទាំងអស់ បន្តធ្វើគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់ និងបង្កើនការប្រុងប្រយ័ត្នថែទាំសុខភាពបុគ្គល-គ្រួសារ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ «៣ការពារ-៣កុំ»។

ខាងក្រោមនេះ ជាសារលិខិតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន៖






No comments:

Post a Comment