នៅល្ងាចថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាប្រមាណសរុបចំនួន ៤២៦៤ នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រម គ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាងបានជួបផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ នឹងខិតជិតមកដល់នាពេលឆាប់ៗនេះ ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលមានឱកាសបានបងប្អូនកីឡាករកីឡាការិនីសារជាថ្មីម្ដងទៀត ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងសាមគ្គីភាពយ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ តែពហុកីឡដ្ឋានជាតិអូឡាំពិក នៅតែអាចបម្រើដល់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះបានទៀត។ សម្តេចតេជោចាត់ទុកពហុកីឡដ្ឋានជាតិអូឡាំពិក ជាផ្លែឈើសម្រាប់កូនខ្មែរជំនាន់ ហើយមិនត្រូវភ្លេចដល់អ្នកដាំ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ផងដែរ ដែលបានជួយសាងសង់ពហុកីឡដ្ឋានមួយដ៏ស្រស់ស្អាត បម្រើដល់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ សម្តេចតេជោបានរំលឹកជាថ្មីថា ការដែលកម្ពុជាខកខានការធ្វើជាម្ចាស់ផ្ទះជាច្រើនឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានតម្រូវការអភិវឌ្ឍប្រទេស ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ សម្តេចតេជោបន្តថា ក្រោមម្លប់នៃសន្តិភាព គុណតម្លៃនៃសន្តិភាព បានកំណត់គោលដៅ និងប្រធានបទរបស់កីឡាជាមូលដ្ឋានគឺ «កីឡារស់ក្នុងសន្តិភាព»។កម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដែលជាកំណត់ត្រាជាប្រវត្តិសាស្ត្រមួយសម្រាប់ជាតិ និងប្រជាជនដែលបានរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣)។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ដោយសារឃើញស្ថានភាពលំបាករបស់កីឡាករ និងកីឡាការិនី ទើបកន្លងទៅសម្តេចបានចាត់ចែងឱ្យរៀបចំមន្ទីរពេទ្យតេជោសន្តិភាព សម្រាប់ការព្យាបាលពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីសុំអោយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយគោរពតាមស្តង់ដារកីឡាផង គោរពតាមទិដ្ឋភាពសង្គមវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងផង។ កិត្តិយសរបស់ម្ចាស់ផ្ទះរៀបចំ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺជាមោទនភាពជាតិ ដែលមិនអាចកាត់ថ្លៃបាន ហើយកិត្តិយសជាតិបានមកពីឆន្ទៈនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែករបស់មហាគ្រួសារកីឡាដែលមានវត្តមានចូលរួមនាពេលនេះ។ ពេលវេលានៅសេសសល់មកដល់ពេលនេះ គឺមានតែ ៣២ថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបើកជាផ្លូវការ នឹងចូល មកដល់ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ពេលវេលាសម្រាប់ម្ចាស់ផ្ទះនានាទីចុងក្រោយ ត្រូវការចាំបាច់នូវកម្លាំងសាមគ្គីភាពផ្ទៃក្នុងការងារ គោរពវិន័យការងារ និងតួនាទីភារកិច្ច មានការទទួលខុសត្រូវខ្ពស់។
នៅថ្ងៃនេះសម្ដេចតេជោបានមានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទាំងពិធីបិទ ពិធីបើក និងការប្រកួតផ្សេងៗ គឺមិនត្រូវបានឲ្យលក់សំបុត្រយកលុយពីអ្នកទស្សនានោះទេ ក៏ប៉ុន្តែសម្តេចតេជោទាមទារឲ្យអ្នកចូលទស្សនាត្រូវមានសំបុត្រចូលទស្សនាដើម្បីឲ្យការចូលទស្សនាមានរបៀបរៀបរយល្អ ជាពិសេសកន្លែងអង្គុយទស្សនា។ ដូច្នេះ សម្ដេចតេជោសុំឲ្យគណៈកម្មការរៀបចំការងារនេះឲ្យបានល្អបំផុត។
ដើម្បីឲ្យមានប្រសិទ្ធភាពលើការងារចុងក្រោយនេះ សម្តេចតេជោសូមដាក់ចេញនូវអនុសាសន៍សំខាន់ៗដូចខាងក្រោម៖
១-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងការងារ និងសុខដុមរម្យនាការងារក្នុងគណៈកម្មាធិការជាតិ រៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ដឹកនាំ និងអនុវត្តឲ្យមានប្រសិទ្ធភាព។
២-គណៈកម្មាធិការជាតិរៀបចំការប្រកួតប្រើប្រាស់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដូចនេះក្នុង ដំណាក់កាលចុងក្រោយនេះ បើមានករណីចាំបាច់បន្ទាន់ អនុញ្ញាតឲ្យដោះស្រាយចំណាយមុន ទើបរៀបចំសក្ខីបត្រទូទាត់ក្រោយ។
៣-រដ្ឋបាលរាជធានី-ខេត្តទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ-សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះតទៅ។
៤-ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការនិងទទួលសំណូមពរចាំបាច់នានារបស់គណៈកម្មា ធិការជាតិរៀបចំការប្រកួត ដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំព្រឹត្តិការណ៍ឲ្យទទួលបានជោគេជ័យ។
៥-សូមសហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី។
៦-ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ អំឡុងពេលព្រឹត្តិការណ៍ប្រកួត សូមអធ្យាស្រ័យកាត់បន្ថយ ការប្រើប្រាស់យានយន្ត និងសូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ។
សម្តេចតេជោសូមអរគុណ ចំពោះវត្តមានចូលរួមក្នុងពិធីដ៏សែនរីករាយរបស់យើងនាពេលនេះ ហើយខ្ញុំនឹងទន្ទឹងរង់ចាំលទ្ធផលល្អប្រសើរប្រកបដោយកិត្តិយស និងមោទនភាពជាតិ ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងបំពេញការងារដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ «កម្ពុជាឆ្នាំ២០២៣» ទទួលបានជោគជ័យដ៏ធំធេង និងធានាឲ្យ «ក្រុមជម្រើសជាតិកម្ពុជា» សម្រេចបាននូវគុណផលកីឡាដ៏ល្អបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
សម្តេចតេជោសូមកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិរៀបចំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដែលបានរៀបចំត្រៀមការប្រកួតបានយ៉ាងរលូន និងមានវឌ្ឍនភាពល្អប្រសើរ និងសូមអរគុណដល់សហព័ន្ធកីឡាជាតិបានខិតខំប្រឹងប្រែងអភិវឌ្ឍបច្ចេកទេសកីឡារបស់ខ្លួន គួរជាទីសង្ឃឹមឈានទៅរកឧត្តមភាពក្នុងការប្រកួត ក្នុងនាមម្ចាស់ផ្ទះ៕
No comments:
Post a Comment