Tuesday, April 25, 2023

សម្តេចតេជោ ហ៊ុន សែន ៖ ផ្ដាំទៅប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ សូមកុំសាងកំហុសទី៣ ដល់កម្ពុជាឱ្យសោះ គ្មានប្រសិទ្ធភាពទេ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ប្រទេសកម្ពុជា ធ្លាប់ជួបប្រទះនូវភាពអកុសលដែលបានផ្ដល់ឱ្យពីប្រទេសដែលតាំងខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះ បានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យបានសាងកំហុសទី១ មកលើកម្ពុជាគឺការគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងកំហុសទី២ គាំទ្រខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ដោយប្រទេសទាំងនោះមិនដែលបង្ហាញពាក្យ សុំទោស ឬសោកស្ដាយ ណាមួយចំពោះប្រជាជនកម្ពុជានោះទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សម្តេចតេជោដឹកនាំប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ បានជួបភាពអកុសលជាច្រើន ស្ថានភាពនេះក៏ជាឱកាសបាន បង្ហាញពីសមត្ថភាពដោះស្រាយបញ្ហារបស់កម្ពុជាផងដែរ។ 

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់ពួកអ្នកឯងគ្មានប្រសិទ្ធភាពទេ មិនអាចរារាំងប្រជាជនកម្ពុជាបានទេ សូមផ្ដាំទៅប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យទាំងនោះកុំសាងកំហុសទី៣ ដល់កម្ពុជាឱ្យសោះ ព្រោះកម្ពុជាមិនដែលភ្លេចនោះទេ នូវមេរៀនដ៍ឈឺចាប់ដែលពួកអ្នកឯងបានផ្តល់មកអោយប្រជាជនកម្ពុជា៕






No comments:

Post a Comment