Tuesday, April 25, 2023

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំ

 CNV:

(១) បន្ទាប់ពីចូលឆ្នាំ មិនឃើញសញ្ញាណានៃការរីករាលដាលឡើង​វិញនៃជំងឺកូវីដ-១៩ទេ

ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានវិលត្រឡប់មកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូរបស់យើង ដែលថ្ងៃនេះ មានចំនួនរហូតទៅដល់ ២ ៣៨៥ នាក់។ យើងអាក់ខានធ្វើពិធីនេះអស់រយៈពេល ៣ឆ្នាំ គឺឆ្នាំ២០២០-២០២១-២០២២ ដោយសារតែជំងឺកូវីដ-១៩។ អ្វីដែលយើងបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩ ដែលផ្ដល់ឱកាសឱ្យយើងបើកប្រទេសឡើងវិញដោយពេញលេញ។ ទោះ​​បីថា សារចុងក្រោយនេះ ដែលខ្ញុំបានបន្ធូរបន្ថយថែមទៀតនូវវិធានការសុខាភិបាលសម្រាប់ការគ្រប់គ្រងកូវីដ-១៩ តាមរយៈការមិនតម្រូវឱ្យពាក្យម៉ាស់នៅក្នុងការជួបជុំ និងការមិនធ្វើតេស្ដក្នុងពេលវេលានៃការជួបជុំ ប៉ុន្តែខ្ញុំនៅតែសង្កេតឃើញថា ប្រជាជនរបស់យើង រាប់ទាំងលោកគ្រូអ្នកគ្រូនៅទីនេះផងដែរ ក៏នៅតែប្រកាន់យកនូវវិធានការ(ពាក់ម៉ាស) ដែលខ្ញុំបាននិយាយថា “ប្រសិនបើមិនមានការជឿជាក់ខ្លួនឯងទេ គឺយើងអាចពាក់ម៉ាស់” ព្រោះយើងអាចនឹងទៅចម្លងអ្នកដទៃនៃជំងឺរបស់យើង ឬក៏យើងអាចបារម្ភអំពីការឆ្លងពីអ្នកដទៃមកយើង។ ខ្ញុំគិតថា យើងនៅតែបន្តការគ្រប់គ្រងបានល្អសម្រាប់កូវីដ-១៩ ហើយផ្ដល់ឱកាសឱ្យយើងមានការជួបជុំគ្នាបែបនេះ។ បន្ទាប់ពីចូលឆ្នាំរួចហើយ ក្នុងពេលដែលសប្បាយរីករាយ យើងមិនទាន់មានឃើញសញ្ញាណានៃការរីករាលដាលឡើង​វិញ នៃជំងឺកូវីដ-១៩ នោះទេ។

សាររំលែកទុក្ខចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា

ខ្ញុំពិតជាមានការរីករាយ ប៉ុន្តែ យ៉ាងណាក៏ដោយ ថ្ងៃនេះ អវត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដោយសារមរណភាពរបស់មាតារបស់គាត់។ នេះជាការគួរឱ្យសោកស្ដាយ ដែលខ្ញុំបានផ្ញើសាររំលែកទុក្ខកាលពីយប់មិញ ហើយខ្ញុំក៏សូមផ្ញើសាររំលែកទុក្ខចំពោះឯកឧត្តម រដ្ឋមន្រ្តីសាជាថ្មីម្ដងទៀត ចំពោះការបាត់បង់មាតារបស់គាត់។

(២) លើកកម្ពស់គុណភាពនិងសមត្ថភាព គឺរៀនពេញមួយជីវិត

ថ្ងៃនេះ ការជួបជុំរបស់យើង គឺធ្វើឡើងសម្រាប់ជូនដំណើរលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ដែលទទួលបាននូវការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិអប់រំ​នៅទីនេះ មុននឹងពេលចេញទៅបង្រៀន។ មុនពេលមកដល់នេះ ខ្ញុំ(បានមើលនិង)មានការកោតសរសើរចំពោះការខិតខំរបស់អ្នកគ្រូ២នាក់។ អ្នកគ្រូម្នាក់នៅខាងក្រៅឯណោះ មានកូនទើបនឹងអាយុ ៤ខែ ៣ថ្ងៃ ហើយនិងអ្នកគ្រូម្នាក់ទៀត អំពីការខិតខំក្នុងការដំឡើងកម្រិតនៃក្របខណ្ឌរបស់ខ្លួន។ កាលពីដើមនោះគាត់បង្រៀនថ្នាក់ទាបជាង។ ប៉ុន្តែ ក្នុងពេលបង្រៀន គាត់ក៏ខិតខំដើម្បីសិក្សាបន្តយកបរិញ្ញា។ បរិញ្ញាបូកមួយនេះ គាត់នឹងទៅបង្រៀននៅថ្នាក់ខ្ពស់ជាង។ តាមការដែលគាត់រៀបរាប់ ឱ្យខ្ញុំមើលតាមការផ្សាយតាមរយៈ Fresh News ដោយលោក វ៉ាន់ សារាយ​ គឺគាត់បង្រៀននៅខេត្តកំពង់ស្ពឺ ហើយប្ដីនៅឯអន្លង់វែងឯណោះ។ អញ្ចឹងទេ អាចនិយាយបានថា ជាការខិតខំមួយ ដែលខ្ញុំសុំកោតសរសើរជាមួយនឹងការខិតខំបែបនេះ។

យើងមិនអាចនៅទ្រឹងទេ។ គ្រូបង្រៀនក៏មានឱកាសដើម្បីឈានទៅមុខអំពីការប្ដូរយកក្របខណ្ឌ។ ប៉ុន្តែការប្ដូរយកក្របខណ្ឌនោះ មិនមែនស្ថិតនៅស្ថានភាពទ្រឹងដែលយើងមានកម្រិតប៉ុណ្ណា យើងនៅត្រឹមតែប៉ុណ្ណឹងនោះទេ។ តម្រូវឱ្យយើងរៀន រួចហើយយើងបន្ត ដូចជាយើងពីដើម យើងជាប់បាក់ឌុប ឥឡូវហ្នឹង យើងមានប្រព័ន្ធ ១២បូក១។ ប៉ុន្តែនៅក្នុងពេលដែលចាប់ផ្ដើមបង្រៀនហ្នឹង ១២បូក១ ចេះតែបង្រៀនទៅ តែយើងក៏ឆ្លៀតរៀន ដើម្បីយកបរិញ្ញា។ បន្ទាប់ទៅ គឺយើងចាប់ផ្ដើមចូលវិទ្យាស្ថានជាតិអប់រំទៀត ដើម្បីអប់រំក្នុងកម្រិត បរិញ្ញាបូកមួយ ដែលអាចឈានទៅរកការបង្រៀនខ្ពស់ជាង។ នោះហើយដែលហៅថា ការលើកកម្ពស់គុណភាព ការលើកកម្ពស់សមត្ថភាព រៀនពេញមួយជីវិត។

(៣) វិទ្យាស្ថានជាតិអប់រំគួររៀបចំការទទួលសញ្ញាប័ត្រគរុសិស្សអោយសមនឹងកម្ពុជាក្នុងសតវត្សទី២១

ខ្ញុំសូមផ្ដល់អនុសាសន៍សម្រាប់លោកបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។ កន្លែងខាងក្រៅហ្នឹង ធ្លាប់ជាកន្លែងដែលយើងធ្វើតែអញ្ចឹង ហើយបើសិនជាយើងនៅតែអញ្ចឹង គឺវានៅតែអញ្ចឹង។ ឥឡូវនេះ សូម្បីតែគេធ្វើបុណ្យខ្មោចបន្តិចបន្តួច គេការបន្ដិចបន្ដួច ក៏គេមានរោងត្រឹមត្រូវដែរ រួចហើយមានម៉ាស៊ីនត្រជាក់ទៅទៀត។ រួចឯងនៅតែប្រក់ដំបូលជំនាន់ ម៉ុង ឬទី្ធ ជាមួយនឹងខ្ញុំហ្នឹង … ខ្ញុំថា “នេះមិនមែនសម័យ​សតវត្សរ៍ទី ២១ ដែលគេហៅថាសម័យតេជោនោះទេ” ព្រោះនៅខាងក្រៅរខេករខាកណាស់ … ជួលរោងគេយកមកដាក់ ឲ្យស្អាតបន្ដិចទៅ រួចហើយមានទាំងម៉ាស៊ីនត្រជាក់ឱ្យគ្នាអង្គុយនៅខាងក្រៅ។ គ្នានៅខាងក្រៅហើយ ឱ្យគ្នាក្ដៅទៀត … យើងមិនផ្សាយបន្តផ្ទាល់ចេញតែពីកន្លែងល្អៗទេ ផ្សាយបន្តផ្ទាល់ចេញពីកន្លែងដែលមិនល្អហ្នឹង។

អញ្ចឹងបានធ្វើឱ្យខ្ញុំបានឃើញដែរថាវាអត់សក្ដិសមទេ … នេះសុទ្ធតែជាក្រុមបញ្ញវន្តដែលនឹងចេញទៅបង្ហាត់បង្រៀន … ពេលមកទទួលសញ្ញាបត្រ ដោយសារអគារវាតូចដាក់វាមិនអស់ … ដាក់ខ្លះនៅខាងក្រៅ។ ដាក់នៅខាងក្រៅ ទម្លាប់គាត់នៅទសវត្សរ៍ ៩០ ប៉ុណ្ណា ឥឡូវដល់សតវត្សរ៍ទី ២០ ចូលបានជាង ២ទសវត្សរ៍ហើយ នៅដដែល។ គេហៅថា អត់ update។ សូម្បីតែ smartphone ក៏វាចេះទារ update ដែរ … សម័យឌីជីថល បើសិនជាមនុស្សមិនឌីជីថលទេ វានៅតែប៉ុណ្ណឹង … ខ្ញុំកំពុងអង្គុយហូបបបរ ស្ដាប់ព័ត៌មាន Fresh News ផ្សាយអំពីស្អីនោះ។ បន្ទាប់ទៅ គេចាប់ផ្ដើមផ្សាយបន្តផ្ទាល់។ ដល់បើកផ្សាយបន្តផ្ទាល់ លោក វ៉ាន់ សារាយ ទៅធ្វើសម្ភាសន៍។ អង្គុយហូបបបរផង មើលការសម្ភាសន៍ជាមួយនឹងអ្នកគ្រូ​ពីបង្រៀនក្នុងកម្រិតទាបជាង ឥឡូវកម្រិតបរិញ្ញាបូកមួយ ដែលមានកូនអាយុ ៤ខែ។ ក្មួយស្រីអើយ! ក្មួយមានកូន ៤ខែ ប្ដីនៅឆ្ងាយ ប៉ុន្តែតែគេមក មានទៀតហើយ។ អាហ្នឹងដោយសា​រតែខ្ញុំមានពិសោធន៍ខ្លួនឯង ព្រោះខ្ញុំ តែ ១៣ខែ កើតមួយ។ តែកាលណាកូនខ្ញុំបាន ៤ខែ ម៉ែវាមានផ្ទៃពោះមួយទៀតហើយ។ ខ្ញុំមិនមែននិយាយបង្អាប់ប្រពន្ធខ្ញុំទេ ប៉ុន្តែរឿងហ្នឹងជារឿងពិតវាអញ្ចឹង។ ហ្នឹងគេហៅថា កូនញឹក។

(៤) ប្រមូលនិងធ្វើវិក្រឹតការលោក/អ្នកគ្រូ បើកបវេសនកាលឆ្នាំ ១៩៧៩/៨០

ឥឡូវនិយាយអំពីការបណ្ដុះបណ្ដាលរបស់យើង។ មកដល់ពេលនេះ ប្រៀបធៀបនឹងរយៈពេលមុន យើងបានដើរឆ្ងាយណាស់មកហើយ។ ចំណុចចេញដំណើរ គឺយើងបានបើកបវេសនកាលឆ្នាំ១៩៧៩-១៩៨០។ ពេលនោះ យើងបានប្រមូលលោកគ្រូអ្នកគ្រូដែលនៅសេសសល់ពីការកាប់សម្លាប់ ហើយបានជ្រើសរើសអ្នកដែលមានលទ្ធភាពអាចបង្រៀនបានមកធ្វើវិក្រឹតការហើយបញ្ជូនទៅបង្រៀន។

(៥) ចូលរួមឧទ្ទេសនាមវគ្គវិក្រឹតការលោកគ្រូ/អ្នកគ្រូតាំងពីទសវត្ស១៩៨០

វិទ្យាស្ថានជាតិអប់រំនេះ គឺជាទីកន្លែងមួយបណ្ដុះបណ្ដាលគ្រូតាំងពីពេលនោះ ហើយបើនិយាយឱ្យលើសពីនេះគឺទទួលការងារបណ្ដុះបណ្ដាលគ្រូយូរហើយ។ ដោយសារផ្ទះរបស់ខ្ញុំនៅកៀក ខ្ញុំទទួលបន្ទុកក្នុងការមកឧទ្ទេសនាមសម្រាប់លោកគ្រូអ្នកគ្រូ ដែលមកធ្វើវិក្រឹតការនៅទីនេះ។ ជួនកាលឧទ្ទេសនាមថ្ងៃមិនចប់ យប់ឧទ្ទេសនាមបន្ត។ សម័យនោះ មិនមែនមានភ្លើងរបៀបនេះទេ គឺសម័យនោះ កូនម៉ាស៊ីនតូច​ៗបញ្ឆេះវានៅហ្នឹង ឮសូរសំឡេងចូលទៅ។ រួចហើយមានតែអំពូលប៉ុន្មានទេ។ ជួនកាល អ្នកកាន់ម៉ាស៊ីនភ្លេចចាក់ប្រេង ដល់ពេលកំពុងតែឧទ្ទេសនាម វារលត់ភ្លើងបាត់ទៅ។ ដល់សួរថាខូចអី? ថាភ្លេចចាក់សាំង។ វាអស់សាំង។ យើងមានអនុស្សាវរីយ៍ច្រើនណាស់អំពីការងារមួយនេះ សម្រាប់ការបណ្ដុះបណ្ដាលជួរគ្រូបង្រៀនរបស់យើង។

(៦) គ្រូនិងសិស្សមានកម្រិតសិក្សាខុសគ្នាតែបន្តិចទេ

ពេលនោះ គ្រូដែលយើងជ្រើសរើសមិនមានជំនាញខាងគរុកោសល្យ ខាងផ្នែកបង្រៀននោះទេ។ ពិតមែនតែយើងបានយកគេមកបណ្ដុះបណ្ដាលធ្វើវិក្រឹតការរយៈពេលខ្លី ក៏ប៉ុន្តែ គ្រូភាគច្រើននៅជនបទ គ្រូនិងសិស្សខុសគ្នាតែបន្ដិចទេ យើងជ្រើសរើសសិស្សខ្លះ ជំនាន់ដើម យើងហៅថា្នក់ទី៧ ទី៦ ទី៥ អញ្ចឹង។ ឥឡូវយើងរាប់ពីថ្នាក់ទី ១ ឡើងទៅ ១២។ ពីដើមគេរាប់ពីថ្នាក់ទី ១២ ឡើងទៅ ១ វិញ អាហ្នឹងគេរាប់បញ្ច្រាស់។ អញ្ចឹងគ្រូនិងសិស្សមានសមត្ថភាពខុសគ្នាមិនជាច្រើនទេ។

(៧) ឥឡូវការបណ្ដុះបណ្ដាលគ្រូបង្រៀនមាន ៣ កម្រិត៖ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកម្រិតភូមិភាគ

ឥឡូវនេះ តាមរយៈនៃការខិតខំរបស់យើង ប្រព័ន្ធអប់រំមួយត្រូវបានដាក់រៀបចំការបណ្ដុះបណ្ដាលគ្រូ។ ការរៀបចំការបណ្ដុះបណ្ដាលគ្រូមាន ៣កម្រិតឥឡូវនេះ។ កម្រិតថ្នាក់ជាតិ គឺយើងមានវិទ្យាស្ថានជាតិអប់រំនៅទីនេះ។ ឯកម្រិតថ្នាក់ក្រោមជាតិ យើងមានកម្រិតភូមិភាគដែលទទួលការបណ្ដុះបណ្ដាលសម្រាប់ ១២បូក១។ ខ្ញុំមិនដឹងថា​តើបានប៉ុន្មានហើយ ទាក់ទងនឹង ១២បូក៤? … ចាប់ផ្ដើមហើយនៅតាមភូមិភាគ។ ឯក្រៅពីនោះ យើងនៅមានវិក្រឹតការសាលាគរុកោសល្យខេត្ត ដើម្បីទទួលការបណ្ដុះបណ្ដាលគ្រូ។ យើងមាន ៣កម្រិត ដែលក្នុងមួយឆ្នាំៗ យើងបញ្ចេញគ្រូបង្រៀនក្នុងចំនួនមិនតិចទេ។ ចេញនូវថ្នាក់ជាតិក្នុងកម្រិតល្មមទេ តែចេញនៅក្នុងកម្រិតថ្នាក់ភូមិភាគនិងថ្នាក់ខេត្ត គឺយើងចេញចំនួនច្រើន។ បើមិនដូច្នេះ វាមិនអាចឆ្លើយតបជាមួយនឹងកំណើនរបស់សិស្សបានទេ។ ឥឡូវនេះ អតីតគ្រូបង្រៀនកាលពីឆ្នាំ ១៩៧៩-១៩៨០ ឬថា ទសវត្សរ៍ ៨០ ភាគច្រើនបានចូលនិវត្តន៍ទៅហើយ ជំនួសដោយគ្រូថ្មី ដែលយើងបានបណ្ដុះបណ្ដាល មានរបៀបរៀបរយ។

(៨) សម័យសង្គមរាស្រ្តនិយម ប្រើការគួបផ្សំគ្នារវាងរដ្ឋនិង​ឯកជន ពង្រីកវិស័យអប់រំ

នេះជាការខិតខំមួយ ដែលមិនមែនគ្រាន់តែរាជរដ្ឋាភិបាលម្នាក់ឯង ឬក្រសួងអប់រំម្នាក់ឯងទេ ក៏ប៉ុន្តែយើងបានរួមគ្នាដើម្បីធ្វើការបណ្ដុះបណ្ដាលរៀបចំឱ្យមានការរីកចម្រើននៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។ បើយើងពិនិត្យមើល វិស័យឯកជន សប្បុរជន ប្រជាជនយើងគ្រប់ស្រទាប់បានចូលរួមវិនិយោគធំណាស់ទៅលើវិស័យអប់រំនេះ។ សា​​លារៀនជាច្រើន មិនមែនសាលារៀនដែលរដ្ឋ​ធ្វើទេ។ កាលពីមុននេះ សាលារៀនភាគច្រើនធ្វើដោយប្រជាពលរដ្ឋ ធ្វើដោយសប្បុរជនទេ។ វាជាប្រពៃណីដែលបានកើតពីមុនមក។ បើយើងពិនិត្យអំពីជំនាន់បារាំង ខ្ញុំកើតមិនទាន់ទេ ប៉ុន្តែបើយើងពិនិត្យអំពីសម័យសង្គមរាស្រ្តនិយម គឺបានប្រើប្រាស់ការគួបផ្សំគ្នារវាងរដ្ឋនិងប្រជាជន ដែលជាវិធីសាស្ត្រមួយអនុញ្ញាតឱ្យមានការពង្រីកបាននូវវិស័យអប់រំយ៉ាងល្អ។ ខាងរដ្ឋពេលនោះផ្ដល់តែគ្រូបង្រៀនទេ អាចមានការកសាងសាលាក្នុងកម្រិតតិចតួច ក៏ប៉ុន្តែនៅតាមសាលា ជាពិសេសបឋមសិក្សានៅតាមភូមិ/ឃុំ គឺសហគមន៍ធ្វើទាំងអស់។

ខ្ញុំនៅចាំបាន។ ខ្ញុំមានបងប្អូនប្រុស ៣នាក់ ដែលត្រូវរៀនទាំងអស់គ្នា។ បន្ទាប់ទៅមានប្អូនស្រីចូលរៀនដែរ​។ ឧទាហរណ៍ថា ត្រូវធ្វើជញ្ជាំងសាលា គ្រូបង្រៀន ចាងហ្វាងសាលាតម្រូវឱ្យកូនសិស្ស(ម្នាក់ៗ នាំយកមកនូវ)បន្ទាំ។ កាលហ្នឹងជញ្ជាំងធ្វើពីបន្ទាំ។ មានបន្ទាំ ៣បន្ទះ។ អញ្ចឹងទេ ឪពុករបស់ខ្ញុំដើម្បីឱ្យកូន៣នាក់បានចូលរៀន គឺគាត់ត្រូវទៅកាប់ឬស្សី យកមកធ្វើជាបន្ទាំ ត្រាំទឹកអីយ៉ាងស្រួលរួចហើយបានឱ្យកូនៗយកមកសាលា។ ដល់ពេលបានគ្រប់បន្ទាំហើយ គឺចាងហ្វាងសាលាសំណូមពរឱ្យឪពុក អ្នកដែលមានកម្លាំងពលកម្មមកសាលាដើម្បីបាំងជញ្ជាំងសាលា ហើយខណ្ឌជាបន្ទប់ៗ ជាវិធីដោះស្រាយបញ្ហានៅពេលនោះតាមរបៀបហ្នឹង។

(៩) ជំនាន់ លន់ នល់ សាលាមាននៅតែទីក្រុង, ប៉ុល ពត សាលាខ្ទេចអស់, ក្រោយរំដោះសិស្សរៀនក្រោមកុដិលោក ឬតាមក្រោមផ្ទះ

ក្រោយរំដោះឆ្នាំ១៩៧៩ យើងសម័យសង្គ្រាមយើងមិនបាច់និយាយទេ នៅសល់សាលារៀនតែក្នុងទីក្រុង ទីប្រជុំជនមួយចំនួនដែលរបប លន់ នល់ កាន់កាប់ទេ ក្នុងពេលដែលមានការគម្រាមកំហែងដោយសង្គ្រាមទៅទៀត ប៉ុន្តែក្នុងតំបន់រំដោះបានបិទសាលា។ របប ប៉ុល ពត គឺខ្ទេចតែម្ដង។ យើងបានស្ដារឡើងវិញក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឱ្យមានវិសហការអប់រំ ពេលនោះកូនសិស្សរបស់យើងមួយចំនួន គឺរៀននៅក្រោមកុដិលោក ដែលគ្មានព្រះសង្ឃគង់នៅ ព្រោះមានព្រះសង្ឃឯណាទៀត រៀននៅក្រោមកុដិលោក។ មួយចំនួនរៀននៅក្រោមផ្ទះ យើងមិនទាន់មានសាលារៀន មិនទាន់បើកសាលារៀនគ្រប់គ្រាន់ទេ។ សូម្បីតែសាលាចតុមុខរបស់យើងក៏ត្រូវតែជួសជុល កូនខ្ញុំក៏ត្រូវទៅរួមដើម្បីចំណែកដើម្បីឱ្យសាលានេះបានបើក។ កូនខ្ញុំទាំងអស់រៀននៅសាលាចតុមុខ ឥឡូវពួកគេក្លាយទៅជាបណ្ឌិត, អនុបណ្ឌិត, បរិញ្ញាបត្រ អស់ទៅហើយ អាហ្នឹងគឺជាកម្រិតដែលយើងបានខិតខំពីជំហានដំបូង។

(១០) បានប្រាប់ជនបរទេសដែលចូលចិត្តប្រដៅថា “សូមកុំធ្វើកំហុសទី៣” លើកម្ពុជា

ប្រទេសយើង(នៅគ្រានោះបាន)ជាប់ទណ្ឌកម្ម។ រឿងនេះបើនិយាយបកក្រោយត្រឡប់មកវិញ។ ខ្ញុំតែងតែនិយាយជាមួយនឹងជនបរទេសមួយចំនួនដែលចូលចិត្តប្រដៅកម្ពុជា។ ខ្ញុំបាននិយាយថា “សូមពួកអ្នកឯងកុំធ្វើកំហុសទី៣” … កំហុសទី១ ដែលពួកអ្នកឯងបានធ្វើ គឺពួកអ្នកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ក៏ប៉ុន្តែអ្នកឯងបានគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ហើយធ្វើឱ្យប្រទេសរបស់ខ្ញុំមានសង្គ្រាម … អញ្ចឹងមានន័យថាម៉េច? គឺប្រជាធិបតេយ្យនៅនឹងមាត់អ្នក​ឯង … កំហុសទី២ គឺអ្នកឯងគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ពីឆ្នាំ ១៩៧៩-១៩៩១។ មិនមែនរឿងលេងសើចទេ។ ដឹងថាខ្មែរក្រហមសម្លាប់ប្រជាជនដែរ ក៏ប៉ុន្តែហេតុអីបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ? (ផ្អែកលើសក្ខីកម្មទាំងនេះ) ខ្ញុំតែងតែដាស់តឿនថា សូមអ្នកកុំធ្វើកំហុសទី៣ មកលើប្រទេសរបស់ខ្ញុំ។

(១១) គេមិនផ្តល់ជំនួយអភិវឌ្ឍទេ តែទណ្ឌកម្មមិនអាចរារាំងការខិតខំរបស់ប្រជាជនកម្ពុជា

អ្នកឯងសុទ្ធតែតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែប្រជាធិបតេយ្យរបស់អ្នកឯង ទី១ គាំទ្ររដ្ឋប្រហារយោធា ទី២ គាំទ្រអ្នកដែលសម្លាប់ប្រជាជន រួចអ្នកឯងថាប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស។ ខ្ញុំបកមកនិយាយកន្លែងហ្នឹង គឺវាជារឿងមួយអកុសលសម្រាប់យើង ក៏ប៉ុន្តែ ក៏វាបង្ហាញអំពីសមត្ថភាពដោះស្រាយអំពីបញ្ហារបស់ប្រជាជាតិយើងដែរ។ដែលហៅថាប្រទេសជាប់ទណ្ឌកម្ម គឺជំនួយអភិវឌ្ឍន៍មិនត្រូវបានផ្ដល់ទេ។ គេអាចផ្ដល់ជំនួយសង្គ្រោះបឋមជាស្បៀង, ថ្នាំពេទ្យ ក៏ប៉ុន្តែជំនួយអភិវឌ្ឍដូចជាសៀវភៅ, ដីស, ឧបករណ៍សិក្សាគេអត់ផ្ដល់ទេ។ បានជាសម័យនោះសួរឪពុក-ម្ដាយរបស់ក្មួយៗដែលជានិស្សិតនៅពេលនេះ គាត់រៀនរបៀបម៉េច? គាត់បង្រៀនរបៀបម៉េច? ប្រើធ្យូងសរសេរ កន្លែងខ្លះទៅរកដីឥដ្ឋដើម្បីបង្កើតទៅជាអក្សរ រឿងនេះគឺជារឿងដែលត្រូវចងចាំ។ អញ្ចឹងបានថាទណ្ឌកម្មរបស់ពួកអ្នកឯងគ្មានប្រសិទ្ធភាពទេ មិនអាចរារាំងនូវការខិតខំរបស់ប្រជាជនកម្ពុជា ដែលរួចចេញពីការស្លាប់នោះបានដែរ។

(១២) មិនហ៊ាននិយាយសូម្បីតែពាក្យថា “សោកស្តាយដែលបានគាំទ្ររដ្ឋប្រហារ ឬពួកប្រល័យពូជសាសន៍នៅសហប្រជាជាតិ”

អញ្ចឹងសុំអ្នកឯងកុំធ្វើកំហុសតទៅទៀត អ្នកឯងអាចមានបទពិសោធន៍រួចហើយ។ យើងមិនស្ដីបន្ទោសអ្នកណា ហើយកុំឱ្យអ្នកណារើសដាក់ខ្លួនឱ្យសោះ រឿងនេះវាបានកើតពីអតីតកាល។ អ្នកឯងកុំលាក់។ ប៉ុន្តែនៅពេលដែលគេធ្វើខុស គេមិនដែលសុំទោស ឬមិនចាំបាច់សុំទោស គ្រាន់តែសោកស្ដាយដែលបានគាំទ្រ លន់ នល់ ធ្វើរដ្ឋប្រហារ ឬសោកស្ដាយដែលបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ គឺគ្រាន់តែពាក្យប៉ុណ្ណឹងគេមិនធ្វើផង។ ប៉ុន្តែឱ្យប្រជាជនកម្ពុជាភ្លេចគឺមិនងាយភ្លេចទេ។ អញ្ចឹងទេបានជាអ្វីដែលយើងបានខិតខំ របស់ដែលបានមកងាយពេក ក៏វាងាយបាត់ទៅវិញដែរ។ បើសិនជារបស់នោះបានមកដោយការលំបាកយើងខិតខំការពារខ្លាំងណាស់។

(១៣) រួមគ្នាបង្កើតប្រព័ន្ធអប់រំមួយ កែទម្រង់និងពង្រឹងគុណភាពថែមទៀត

ក្នុងសម័យនោះ យើងរៀនក្រោមផ្ទះប្រជាជន យើងរៀនក្រោមកុដិលោក។ យើងខ្វះមធ្យោបាយ ឧបករណ៍ ឧបទេសសម្រាប់ការសិក្សា។ ក៏ប៉ុន្តែ ទីចុងបំផុតយើងនៅតែឈានបន្តិចម្ដងៗ។ ទោះបីថាវាលំបាកប៉ុណ្ណា ជាមួយនឹងសន្តិភាពផងសង្គ្រាមផង ដែលកើតក្នុងផ្ទៃប្រទេសរបស់យើង តែយើងបានខិតខំរួមគ្នាបង្កើតឱ្យមានប្រព័ន្ធអប់រំមួយ ដែលបច្ចុប្បន្នកំពុងតែបន្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងគុណភាពអប់រំនៅក្នុងប្រទេសរបស់យើង។ សូម្បីតែវិទ្យាស្ថានអប់រំនេះក៏បានទទួលនូវការកែទម្រង់សម្រាប់ការបណ្ដុះបណ្ដាលគ្រូដែលអម្បាញ់មិញ ឯកឧត្តម ណាត ប៊ុនរឿន ក៏បាននិយាយក្នុងរបាយការណ៍របស់គាត់ ទាក់ទិនជាមួយនឹងកំណែទម្រង់ក្នុងវិស័យនៅក្នុងវិទ្យាស្ថានជាតិអប់រំ។ ឥឡូវយើងបានដើរដល់ចំណុចមួយ ដែលទាមទារឱ្យមានការជំរុញទៅមុខបន្ថែមទៀត។ មិនអាចស្កប់ស្កល់ត្រឹមប៉ុណ្ណឹងទេ។ ធ្វើម៉េចឱ្យគុណភាពនៃការអប់រំក្នុងប្រទេស ទទួលបានផលលើសពីនេះ។ ដាំដើមឈើនិងដាំមនុស្សខុសគ្នាឆ្ងាយណាស់។ ក្នុងពេលនេះអស់លោក ក្មួយៗទាំងឡាយ ដែលមានបរិញ្ញាបត្រជាន់ខ្ពស់, បរិញ្ញាបត្របូក១ក៏មាន និងមានកម្រិតមូលដ្ឋាន ១២បូក១ ក៏មាននៅក្នុងទីនេះ ហើយដែលរៀនមុខជំនាញខុសៗគ្នា។ យើងទាំងអស់គ្នាមិនមែនបានមកដោយខ្វះការខិតខំទេ យើងប្រឹងណាស់ដើម្បីធ្វើម៉េចឱ្យថ្ងៃក្រោយប្រទេសរបស់យើងមានធនធានមនុស្សគ្រប់គ្រាន់។

(១៤) កាលពីសម័យឆ្នាំ១៩៧៩ អ្នកដែលមានសញ្ញាបត្របរិញ្ញាបត្ររាប់ដៃបាន

ថ្ងៃមុន ក្នុងមួយសាលប្រជុំ ខ្ញុំរាប់ពីអ្នកដែលមានបរិញ្ញាបត្រកាលពីសម័យឆ្នាំ១៩៧៩ ដោយម្រាមដៃបាន។ ឥឡូវ ខ្ញុំរាប់ម្រាមដៃអត់បានទេ។ ចំនួនយើងវាច្រើន។ ក្រសួងការបរទេសកាលពីសម័យនោះ ខ្ញុំរាប់ខ្វះតែឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញមួយទេ។ កាលនោះ ខ្ញុំមានអ្នកដែលមានបរិញ្ញាបត្រពិតប្រា​កដតែប៉ុន្មានទេ។ បង ហោ ណាំហុង គាត់អ្នកការទូតជើងចាស់ហើយ, មានបង ឌិត មុន្ទី គាត់មិនមែនខាងផ្នែកគរុកោសល្យទៅទៀត។ គាត់ចៅក្រមតុលាការ។ អ្នកដែលចេញពីវិស័យអប់រំគឺមានឯកឧត្តម អ៊ឹម ឈុនលឹម, លោកជំទាវ បូរ៉ាស៊ី, ឯកឧត្តម សុខ អាន, លោកជំទាវ មាស សាឯមដានី គាត់ជាគ្រូភាសាអង់គ្លេស គាត់ក៏ជាអ្នកជាប់បរិញ្ញាដែរ, និង អ៊ុច គឹមអ៊ន ដូចជាជំនាញខាងការទូត ដែលគាត់ទៅរៀននៅអូស្ត្រាលី។ ឯក្រៅពីនោះគឺអត់ទេ។ និស្សិតដែលនៅសេសសល់ពីការស្លាប់ ក្នុងហ្នឹងគឺមាននិស្សិតពេទ្យដូចជា ឌី ឡាំថុល បន្ទាប់ពីធ្វើការងារនៅហ្នឹង ទៅរៀនបញ្ចប់យកវេជ្ជបណ្ឌិត​។ ធា គ្រុយ កាលពីហ្នឹងមិនមែនទាន់វេជ្ជបណ្ឌិតឯណា ឥឡូវជាសាស្ត្រាចារ្យ។ ពេលហ្នឹងគឺយើងជំរុញឱ្យទៅបញ្ចប់នៅសាលាពេទ្យក៏មាន នៅសាលាណាក៏មាន ក្នុងហ្នឹងសាលាបច្ចេកទេសដែល ហង់ជួន ណារ៉ុន បានទៅបោសមុនពេលដែលគាត់ទៅរៀននៅសូវៀតនៅពេលនោះ។

(១៥) ដាំដើមឈើពី ៥ ទៅ ៦ ឆ្នាំបានផ្លៃ តែដាំមនុស្ស ជាង២០ឆ្នាំទើបបានបណ្ឌិត

ការខិតខំរបស់យើងមិនអត់ប្រយោជន៍ទេ។ ដាំមនុស្សគឺត្រូវការរយៈពេល។ បើយើងគិតអំពីចំណេះទូទៅគឺរយៈពេល១២ឆ្នាំ។ បរិញ្ញាត្រូវប្រើប្រាស់៤ឆ្នាំដើម្បីបញ្ចប់ អញ្ចឹងវាឡើង១៦ឆ្នាំ។ បរិញ្ញាជាន់ខ្ពស់២ឆ្នាំទៀត វាឡើង១៨ឆ្នាំ។ ដល់បណ្ឌិតទៅតាមឆ្នាំទៅទៀត​ ដូចជាកូនប្រុសរបស់ខ្ញុំរយៈពេល៤ឆ្នាំ។ ឯកូនប្រសាររបស់ខ្ញុំដូចជាប៉ុន្មានឯណោះសរសេរនិក្ខេបបទស្តីអំពីបញ្ហាសុខភាពសាធារណៈ ហើយនិយាយអំពីរឿងថ្នាំជក់។ ដល់គ្នាមកស្រុកខ្មែរមកដើម្បីស្រាវជ្រាវរឿងទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ ទាក់ទងនឹងការបំផ្លិចបំផ្លាញជាមួយនឹងបញ្ហាថ្នាំជក់។ ខាង​ប៉ាត្រុងរបស់គេ ប្រាប់ថាអ្នកឯងជាកូនប្រសាររបស់នាយករដ្ឋមន្រ្តីមិនគួរធ្វើជាសត្រូវជាមួយពួកផលិតថ្នាំជក់ទេ។ បារីដែលល្បីៗផលិតនៅប្រទេសអង់គ្លេសទេតើ។ បារី ៥៥៥ ស្អីៗនេះគឺនៅប្រ​ទេសអង់គ្លេស។ អញ្ចឹងគ្រូគេលួចខ្សិបថា អ្នកឯងជាកូនប្រសាររបស់នាយករដ្ឋមន្ត្រីមិនគួរសរសេរអាហ្នឹងទេ អាហ្នឹងក្លាយទៅជាសត្រូវរបស់អ្នកផលិតបារី។ គ្នាក៏បោះចោលប្រធានបទនោះទៅសរសេរផ្នែកមួយទៀតទៅ។ ដល់កូន២ហើយ បានចប់បណ្ឌិតខាងផ្នែកសុខភាពសាធារណៈ។ ដាំដើមឈើ៥-៦ឆ្នាំ យើងអាចទទួលផ្លែ ប៉ុន្តែដាំមុនស្សដើម្បីបានថ្នាក់បរិញ្ញាបត្រ យើងប្រើពេល១៦ឆ្នាំ ដើម្បីបានបរិញ្ញាជាន់ខ្ពស់ យើងប្រើពេល១៨ឆ្នាំ ដើម្បីយើងបានថ្នាក់បណ្ឌិត យើងប្រើជាង២០ឆ្នាំ។ យើងត្រូវហ៊ានវិនិយោគ បើមិនហ៊ានវិនិយោគបញ្ហាហ្នឹងទេ គឺមិនចាំបាច់និយាយដល់ការអភិវឌ្ឍទេ បើអត់មានធនធានមនុស្សមិនដឹងថាធ្វើអីទេ។

(១៦) ទទួលជួបតាមសំណូមពរឪពុកម្តាយនិងឪពុកម្តាយក្មេក យឹម ស៊ីណន

ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយថា ប៉ុន្មានថ្ងៃនេះអតីតសកម្មជននៃគណបក្សប្រឆាំង បានចូលមកជាបន្តបន្ទាប់។ វាជានិស្ស័យមួយរវាងខ្ញុំជាមួយនឹងក្មួយប្រុស យឹម ស៊ីណន។ ខ្ញុំបានទទួលគាត់ម្ដងហើយ ក៏ប៉ុន្តែឪពុក-ម្ដាយទាំងសងខាងនោះចង់ជួបខ្ញុំណាស់។ ពួកគាត់ថារឿងកូនរបស់ពួកគាត់ផ្សេង ប៉ុន្តែរឿងរបស់គាត់គឺបោះឆ្នោតឱ្យគណបក្សប្រជាជនរហូត។ ដល់បានមកជួប ឪពុកក្មេករបស់ យឹម ស៊ីណន នោះគាត់ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន។ យើងត្រូវរៀបចំផែនការដាក់សាលាថ្មីថែមថែមទៀត។ ឪពុករបស់ យឹម ស៊ីណន គ្រូ (ក្នុងសាលាដែលមាន)សិស្សជាង ៩០០នាក់។ ប៉ុន្តែសាលាមានតែ ១០បន្ទប់។ កូនសិស្សរៀនបានតែមួយពេល រួចហើយគឺមួយថ្នាក់ដាក់រាប់សិបនាក់។ ចំនួននេះខុសនិយាមគរុកោសល្យ។ ម្សិលមិញ តាម សំ​ណូមពររបស់គាត់ ខ្ញុំបានឱ្យសាងសង់(អគារ)វិទ្យាល័យនោះ ៣ជាន់ មាន​ ៣០បន្ទប់ សម្រាប់ការសិក្សា ទីចាត់ការមួយដែលជាស្តង់ដារគឺ ៣បន្ទប់មានទាំងបណ្ណាល័យ និងផ្ទះគ្រូបង្រៀនមាន ២០បន្ទប់ ២ជាន់។

(១៧) ដល់ដំណាក់កាលជំនួសអគារថ្មី មានគុណភាពខ្ពស់ជាងនិងរក្សាសុខភាពសិស្សបានល្អជាង

កាលពីថ្ងៃដែលខ្ញុំទៅសម្ពោធមន្ទីរពេទ្យនៅស្រុកក្រូចឆ្មារ ថ្ងៃទី៣ ខែមេសា ក៏ខ្ញុំបានជួបប្រទះរឿងបែបនេះដែរ ហើយនៅពេលដែលខ្ញុំធ្វើដំណើរជាង ៦ ០០០ គីឡូម៉ែត្រ ក៏ខ្ញុំបានជួបប្រទះបញ្ហាហ្នឹងដែរ។ យើងមានតម្រូវការអញ្ចេះ សាលាចាស់មួយចំនួនវាអស់អាយុកាលប្រើប្រាស់ហើយ។ ជួសជុលតទៅទៀតក៏វាលំបាក អញ្ចឹងយើងត្រូវកសាងថ្មី។ កាលពីសម័យដែលយើងទើបនឹងភ្លាមៗនោះ ពេលនោះខ្ញុំធ្វើតែ ១ខ្នង ១ជាន់ៗទេ ប៉ុន្តែប្រើបានជាង ២០ឆ្នាំដែរ។ ឥឡូវនេះគឺសាលាហ្នឹងប្រើលែងកើតហើយ។ ជំនាន់នោះជំនាន់ក្រុមហ៊ុនក្មេងវត្ត របស់ ម៉ុង ឫទ្ធី ជាអ្នកម៉ៅការធ្វើ។ ក្រុមហ៊ុនក្មេងវត្ត វាមិនមែនដៃតែមួយទេ ក្រុមហ៊ុនក្មេងវត្តនៅកន្លែងខ្លះទៅក៏ធ្វើស្តង់ដារបានល្អទៅ កន្លែងខ្លះក៏មិនល្អទៅ រួចហើយតម្លៃស្មើគ្នាទាំងអស់។ តម្លៃស្មើគ្នា(នៅតាមទីតាំង)ជិត ហ្នឹងវាមិនអីទេ។ តម្លៃស្មើគ្នា(ទៅទីតាំងឆ្ងាយៗ​ ដូចជា) អូសចូលតំបន់ខ្មែរក្រហមដែលទើបនឹងធ្វើសមាហរណ​កម្ម វាគឺជាការលំបាក​។ តែយើងប្រឹងប្រែងពេលនោះ ធ្វើម៉េចឱ្យសិស្សមានសាលារៀន។ ឥឡូវនេះ សាលារៀនទាំងនោះកំពុងតែខូចខាតបណ្តើរៗ ដែលយើងត្រូវដាក់ជំនួសដោយអគារថ្មី ដែលមានគុណភាពខ្ពស់ជាង និងរក្សាសុខភាពរបស់សិស្សបានល្អជាង …។

(១៨) កម្ពុជាមានកំណើនប្រជាសាស្ត្រជាង ៣០ ម៉ឺននាក់ក្នុងមួយឆ្នាំ

សូមបញ្ជាក់ ស្របជាមួយនឹងការជំនួសអគារសាលាចាស់ដែលវាទ្រុឌទ្រោម យើងកុំភ្លេចថាយើងមានកំ​ណើនប្រជាពលរដ្ឋរបស់យើងកើនក្នុងប្រមាណជាង ៣០ម៉ឺននាក់/១ឆ្នាំ។ ៣០ម៉ឺននាក់ ក្នុងអត្រាប្រជាជន ឥឡូវយើងប្រើជាតួលេខត្រឹមតែ ១៦ លាននាក់ ក៏ប៉ុន្តែបើក្នុង Website របស់ Worldometer ចេញជាមួយកូវីដ-១៩ ប្រជាជនយើងជាង ១៧ លាននាក់។ កាលពីមុន ខ្មែរយើងពិតជាកើតលឿនមែន។ ឆ្នាំ១៩៧៩ យើងនៅសល់ប្រជាជនជុំវិញ ៥លាននាក់ ឡាវក៏មាន ៥លាននាក់ ដែរ។ ឥឡូវឡាវមានត្រឹមតែជាង ៧លាននាក់ យើងឡើង ១៧លាននាក់ បានសេចក្តីថាលឿន។ ក្មេងឥឡូវទេ ដែលគេមានវិធានការការពារនោះ ប៉ុន្តែសម័យមុនមានស្អីការពារ តែទៅៗ ហើយ រឿងវាអញ្ចឹងទៅហើយ។

(១៩) សេចក្តីថ្លែងការណ៍សន្ទុក ២០០២៖ ឃុំមួយត្រូវមានអនុវិទ្យាល័យមួយ … ឃុំមួយមានអនុវិទ្យាល័យមួយយ៉ាងតិច

ចំនួនប្រជាជនកើនឡើងតម្រូវឱ្យយើងធ្វើសាលាកាន់តែច្រើន។ បច្ចុប្បន្ន សាលាដើររកសិស្ស មិនមែនសិស្សដើររកសាលាដូចសម័យមុននោះទេ។ សម័យមុនខ្ញុំធ្លាប់បាននិយាយ អាយុ ១៣ឆ្នាំ ខ្ញុំត្រូវបែកពីឪពុកម្តាយ ដើម្បីស្វែងរកសាលារៀន។ តែឥឡូវគ្មានការចាំបាច់នឹងធ្វើបែបហ្នឹងទេ។ សេចក្តីថ្លែងការណ៍សន្ទុកឆ្នាំ២០០២ ដែលខ្ញុំបានប្រកាសថា ឃុំមួយត្រូវមានអនុវិទ្យាល័យមួយ មិនមែនអត់ប្រយោជន៍ទេ។ ឥឡូវនេះដើរមកដល់ដំ​ណាក់កាលថា ឃុំមួយ អនុវិទ្យាល័យមួយយ៉ាងតិច។ អញ្ចឹងអាចមានក្នុងមួយឃុំអាចមានអនុវិទ្យាល័យច្រើនជាងមួយ។ ដូចជាឃុំខ្ញុំ គ្រាន់តែបណ្តោយឃុំហ្នឹងវាវែងពេក ព្រំប្រទល់ម្ខាងនៅខាងព្រះអណ្តូង ហើយតភ្ជាប់មកព្រែកសង្កែ អីប៉ុន្មានហ្នឹង អញ្ចឹងបើមានអនុវិទ្យាល័យតែមួយ។ កូនសិស្សពិបាករៀន។ អញ្ចឹងទេអាចមានអនុវិទ្យាល័យច្រើនជាងមួយ។

(២០) អត្រានៃការបោះបង់ចោលការសិក្សាកាន់តែចុះថយ

នៅតាមស្រុកនីមួយៗមានវិទ្យាល័យច្រើន។ ចំណុចនេះយើងត្រូវបន្ត ដើម្បីធានាទៅឱ្យសិស្សរបស់យើងមានសាលារៀន កុំឱ្យលំបាកក្នុងការដើររកសាលារៀនដូចកាលពីពេលមុន។ នៅក្នុងទសវត្សរ៍ ៨០ ដែលយើងបានចាប់ផ្ដើម ពេលនោះកូនសិស្សក៏ដើររកសាលារៀនដែរ។ រយៈពេលក្រោយនេះ សាលារៀនដើរទៅរកកូនសិស្សវិញ។ ដូច្នេះអត្រានៃការបោះបង់ចោលការសិក្សាគឺកាន់តែធ្លាក់ទៅៗ។ យើងក៏ត្រូវធ្វើដំណើរទៅជាមួយការអប់រំជាមួយមាតាបិតា អាណាព្យាបាលសិស្ស ឱ្យយកចិត្តទុកដាក់ជាមួយនឹងការរៀនរបស់កូនខ្លួន។ សង្ឃឹមថា រឿងនេះវានឹងកើតនៅលើទឹកដីរបស់យើង ដែលយើងបណ្តុះបណ្ដាលបានធនធានមនុស្សកាន់តែច្រើន។

(២១) សូមខិតខំរៀនថែមទៀតដើម្បីបានប្តូរក្របខណ្ឌទៅកម្រិតខ្ពស់

សង្ឃឹមថា យើងខិតខំទាំងអស់គ្នាដើម្បីឈានឡើងទៅរកអនាគតមួយសម្រាប់ប្រទេសជាតិកាន់តែរង្គរឿង។ បើយោងទៅលើទិន្នន័យអប់រំនៅកន្លែងនេះ គិតពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ២០២២ យើងបានបណ្តុះបណ្តាលនិងធ្វើវិក្រឹតការគ្រូ ១៨១ ៣៦៦នាក់។ គ្រាន់តែដំណាក់កាលវាខុសគ្នាតែប៉ុណ្ណោះ ក៏ប៉ុន្តែដំណាក់កាលណាក៏ដោយវាស្ថិតនៅក្នុងគោលដៅមួយនៃការជម្រុញវិស័យអប់រំឱ្យឈានឡើងនៅក្នុងប្រទេសរបស់យើង។ សង្ឃឹមថា លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននេះ (នឹងខិតខំរៀនថែមទៀត)ដើម្បីធានាថា ក្របខណ្ឌរបស់ខ្លួននឹងត្រូវបានប្តូរ ដូចករណីអ្នកគ្រូ ២នាក់ នៅខាងក្រៅ ដែលគាត់បានប្រឹងប្រែងបង្រៀនផងនិងរៀនផង។ គាត់មានបាក់ឌូប្លិ៍ស្រាប់ហើយ គាត់មាន ១២បូក១ ហើយកំពុងតែបង្រៀន។ គាត់រៀនបន្តដើម្បីជាប់បរិញ្ញា។ ដល់ជាប់បរិញ្ញា គាត់ប្រឡងចូលគ្រូ គាត់មកហ្វឹកហាត់នៅកន្លែងនេះ។ នេះជាវិធីដើម្បីដោះស្រាយបញ្ហាកុំឱ្យនៅទ្រឹងមួយកន្លែង។ តែទៅតាមលទ្ធភាពរបស់អ្នកដែលមានលទ្ធភាពដែរ។

(២២) វិនិយោគបន្ថែមលើអគារសិក្សានិងផ្ទះគ្រូបង្រៀន

សូមអំពាវនាវចំពោះអ្នកដែលជួយកសាងសាលា យកចិត្តទុកដាក់ជួយទៅដល់កសាងផ្ទះគ្រូបង្រៀននៅតាមសាលានានាឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន … នៅច្រើនកន្លែងណាស់ តែខ្ញុំដាក់សាលាហើយ ខ្ញុំដាក់អន្តេវាសិកនៅកន្លែងនោះ សម្រាប់សិស្សស្នាក់នៅផងនិងសម្រាប់កន្លែងគ្រូបង្រៀនស្នាក់នៅផង។ គ្រូបង្រៀនរបស់យើងទៅពីឆ្ងាយ។ អញ្ចឹងទេត្រូវការជួលផ្ទះ ហើយបើសិនជាស្តាប់តាមលោកគ្រូមកពីកំពង់ស្ពឺ គាត់ថាមានពេលខ្លះគឺថា គ្រូបង្រៀនរបស់យើងហ្នឹងយកកូនទៅយោលអង្រឹងក្រោមដើមឈើ។ នេះគឺជាចំណុចដែលយើងត្រូវគិត។ ត្រូវវិនិយោគបន្ថែមទៀត ទៅលើការកសាងអគារសិក្សា និងការកសាងផ្ទះគ្រូបង្រៀន។ ធ្វើយ៉ាងដូច្នេះយើងមានប្រាក់មុខងារគ្រូ គ្រូបង្រៀនយើងបញ្ជូនទៅ គឺយើងទាញបាន គ្រូយើងមានផ្ទះស្នាក់នៅ។ បើសិនខេត្តណាឆ្លាត ស្រុក ឬឃុំណាឆ្លាត គឺប្រឹងប្រែងធ្វើអាហ្នឹង។ បើចង់បានគ្រូល្អ គ្រូពូកែ ត្រូវមានផ្ទះឱ្យគ្រូនៅ អាហ្នឹងទាញបានគ្រូពូកែហើយ​។

(២៣) អាចសាកល្បងឈរឈ្មោះធ្វើមេឃុំមួយរយៈ

អាហ្នឹង បើសិនជាខ្ញុំធ្វើជាមេឃុំ ប្រសិនទេ ព្រោះឥឡូវគេលែងឱ្យធ្វើមេឃុំហើយ ប៉ុន្តែចង់សាកដែរនៅពេលណាមួយ។ ចាំបោះឆ្នោតនៅឆ្នាំ ២០២៧ គិតឈរឈ្មោះមេឃុំម្តង។ គិតទៅឈរមេឃុំនៅកន្លែងណាមួយ។ សាកល្បងធ្វើមេឃុំប៉ុន្មានខែមើល រួចហើយចាំលាចេញ … ហ្នឹងក្នុងករណីដែលខ្ញុំលាលែងទេណា ​… ខ្ញុំអត់មានសិទ្ធិ​តែងតាំងមេឃុំទេ។ មេឃុំតែងតាំងដោយការបោះឆ្នោត។ ប៉ុន្តែខ្ញុំក៏ចង់សាកល្បងដែរ នៅពេលណាដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រី។ អាចជាលទ្ធភាពមួយដែលខ្ញុំទៅឈរឈ្មោះធ្វើមេឃុំ។ សាកល្បង ៤ទៅ ៥ខែ មើលនៅជាមេឃុំ ដើម្បីមើលស្មៀនគេធ្វើការយ៉ាងម៉េច? មានពាក្យបណ្តឹងយ៉ាងម៉េច? អាទាស់គ្នាប្តីចូលខារ៉ាអូខេក៏មកប្តឹងមេឃុំ។

(២៤) សូមកុំអោយមានពាក្យតទៅទៀតថា “ខាងលើចុះទៅ មូលដ្ឋានប៉ាវ …”

មេឃុំរបស់យើងកាលពីដើមគឺថាមេឃុំរបស់យើងធ្វើគ្រប់រឿង បើយោងទៅលើអ្វីដែលខ្ញុំចុះទៅមូលដ្ឋានជំនាន់ទសវត្សរ៍៨០ មេឃុំធ្វើគ្រប់រឿងទាំងអស់ រហូតដល់ប្រពន្ធជេរ។ ជារឿងមួយដែលត្រូវដកពិសោធន៍ដែរ។ កាលពីសម័យនោះ តែឥឡូវវាមិនមានអញ្ចឹងទេ។ ចៅហ្វាយស្រុកចុះទៅ ក៏ទៅផ្ទះមេឃុំ ដល់ទៅមន្ទីរកសិកម្មរបស់ខេត្តចុះទៅ ក៏ទៅផ្ទះមេឃុំ មន្ទីរណាចុះទៅក៏ទៅផ្ទះមេឃុំ ហើយមេឃុំគិតតែពីរឿងរកកាប់មាន់ កាប់អីឱ្យស៊ីរហូត អាអ្នកដែលទៅវាអត់ចិត្ត ស៊ីហើយគឺសូម្បីតែលុយកាក់បន្តិចបន្តួច។ ឱ្យដឹងថាគ្នានោះវាលំបាកយ៉ាងម៉េច? មេឃុំខ្លះប្រពន្ធជេរបណ្តោយ។ ឈប់ធ្វើមេឃុំ។ អញ្ចឹងបានថារំលឹកចំពោះមន្ត្រីរបស់យើងដែលចុះទៅមូលដ្ឋាន កុំឱ្យដូចមានពាក្យពីមុនមកថា “ខាងលើចុះទៅ មូលដ្ឋានប៉ាវ ដល់មូលដ្ឋានឡើងមក មូលដ្ឋានប៉ាវថ្នាក់លើទៀត” …។​

(២៥) នៅក្នុងរដ្ឋាភិបាលមិនដាច់រយៈ បានបំបែកឯកទគ្គកម្ម ៣

ថ្ងៃណាខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីទៅ គេហៅខ្ញុំទៅសួរពីបទពិសោធន៍។ ខ្ញុំនឹងដាក់ខ្លួនឱ្យគេសួរតែម្តង។ បទពិសោធន៍អីខ្លះកាលពីមុន ដែលលោកជួបប្រទះ? ព្រោះខ្ញុំវាស្ថិតនៅក្នុង(ស្ថានភាពមួយជាបុគ្គល)គេហៅថា ឆ្លងកាត់គ្រប់ដំណាក់កាល ឆ្លងកាត់គ្រប់សភាពការណ៍ និងឆ្លងកាត់គ្រប់ហេតុការណ៍ និយាយតាមមួយបែបគឺអញ្ចឹង។ ខ្ញុំកាន់អំណាចធ្វើក្នុងរដ្ឋាភិបាលមិនដាច់រយៈ តាំងពីថ្ងៃ៨ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ម៉ោងនេះ ខ្ញុំអត់មានដាច់រយៈសូម្បីតែបន្តិច ពីរដ្ឋមន្រ្តី ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រី។ ជានាយករដ្ឋមន្ត្រី ជាង ៣៨ឆ្នាំ បូកទាំងជារដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីជាង ៤៤ឆ្នាំ គឺនៅលើពិភពលោក​មិនមានករណីបែបនេះទេ អស់ហើយចប់ហើយ។ ខ្ញុំបានបំបែកឯកទគ្គកម្មរហូតដល់ ៣ ឯណោះ។ ឯកទគ្គកម្មទី ១ ជារដ្ឋមន្ត្រីការបរទេសដែលក្មេងជាងគេលើពិភពលោក។ ឯកទគ្គកម្មទី ២ គឺជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេលើពិភពលោក។ ដល់ឯកទគ្គកម្មទី ៣ គឺជានាយករដ្ឋមន្ត្រីដែលធ្វើបានយូរជាងគេលើពិភពលោក។ អាអ្នកដែលចង់ធ្វើនា​យករដ្ឋមន្ត្រី គឺថាវាតឹងទ្រូងចង់ងាប់ហើយ …។

ឧទាហរណ៍៖ រឿងដែលកំពុងបញ្ចាំងដល់ភាគទី១៩ អារឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី បើអ្នកមើលហ៊ានមើល ហ៊ានទិតៀន អ្នកឯងអន់ណាស់ ខំប្រកាច់មើលធ្វើអី បើទិតៀន រឿងរបស់គេ។ គេសុំថតមិនមែនតិចទេណា គេសុំថតក្រុមហ៊ុនបរទេសដល់ទៅ ២ មកស្រុកខ្មែរសុំថត ទាក់ទងរឿងរបស់ខ្ញុំ តែខ្ញុំមិនឱ្យ។ បងប្អូនប្រជាពលរដ្ឋសុំចង់ឱ្យល្ខោនភាគ​និទាន ទៅជារឿងភាពយន្ត ឥឡូវគេធ្វើ បញ្ចាំងដល់ភាគទី១៩ហើយ។ បើយើងគ្រាន់ធ្វើប៉ុណ្ណឹង វាក៏ជេរយើងដែរ។ បើចិត្តសឿង កុំមើលវើយ … ប៉ុន្តែមានអ្នកដែលចង់មើលច្រើន ហើយអ្នកណាដែលថ្ពក់តាម Telegram ទូរទស្សន៍គេមានម៉ោងរបស់គេ ប៉ុន្តែអ្នកណាដែលថ្ពក់ជាមួយនឹង Telegram របស់ខ្ញុំ គឺគេបានមើលក្រោយពេលគេបញ្ចាំងហើយ ខ្ញុំបង្ហោះតាម Telegram ដែល Telegram របស់ខ្ញុំសព្វថ្ងៃនេះ គឺបានមកដល់ ៧០៧ ២៩១ នាក់។ ឥឡូវ Telegram នេះកំពុងផ្សាយបន្តផ្ទាល់ គេអាចមើលតាម Telegram ផ្សាយបន្តផ្ទាល់ ព្រោះយើងជួនកាលពិបាកណាស់ក្នុងការយកទូរទស្សន៍ទៅដាក់តាមឡាននោះ អញ្ចឹងគេអាចស្តាប់តាមហ្នឹង។ ហ្នឹងគឺការភ្ជាប់ដើម្បីឲ្យអ្នកដែលទទួលព័ត៌មានពីនាយករដ្ឋមន្រ្តីបានរហ័សជាង។

(២៦) កែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០បូក១ ជាការប្រគល់អំណាចកាន់តែខ្លាំងឲ្យគណបក្សប្រជាជន

តែអារឿងស្អីក៏ទាស់ដែរ។ អ្នកខ្លះចេញមកអះអាងរាសីខ្ញុំមិនដល់រាសីគេនោះទេ។ រាសីខ្ញុំទេវតាចារឲ្យខ្ញុំមកធ្វើនាយករដ្ឋមន្រ្តីគ្រប់គ្រងដីខ្មែរអស់ប៉ុន្មានទសវត្សរ៍អញ្ចឹងទៅ។ គ្រប់គ្រងទាំងក្បាលអស់លោកហ្នឹងទៅទៀត។ អាខ្លះវាថាឯងហ្នឹងល្ងង់ណាស់។ ចុះបើសិនជា ហ៊ុន សែន ល្ងង់ណាស់ ម៉េចក៏ ហ៊ុន សែន ប្រើក្បាលអ្នកឯងបាន … ពេលចូលឆ្នាំ គួរណាស់តែឈប់បាញ់ ប៉ុន្តែពេលចូលឆ្នាំ វាជេរឯងទៀត។ ឥឡូវ អ្នកណាជួយពង្រឹងអំ​ណាចរបស់ ហ៊ុន សែន ? អាមួយហ្នឹង ក្មេងស្រួលប្រើណាស់ … កែរដ្ឋធម្មនុញ្ញពី ២ ភាគ ៣ មក ៥០ បូក ១ គឺជាការប្រគល់អំណាចកាន់តែខ្លាំងឲ្យគណបក្សប្រជាជនតែម្តង។ សុំអ្នកគាំទ្រអ្នកឯងពិចារណា។ មេរបស់អញវាអន់ពេកបានជា ហ៊ុន សែន ខ្លាំងដល់ប៉ុណ្ណឹង … ខ្ញុំៗធ្លាប់និយាយហើយថា មានសត្រូវដែលមានការវៃឆ្លាត ល្អជាងមិត្តដែលវាល្ងង់ហើយខ្សោយ។ ប៉ុន្តែសត្រូវមួយនេះ គឺសត្រូវដែលវាល្ងង់តែម្តង។ គេរាំត្រូវចង្វាក់រាំវង់ «ផ្លូវទៅផ្ទះម៉ែក្មេក» ឯងទៅរាំslow … ចូលក្នុងវត្ត ទៅជេរឯងនៅក្នុងវត្ត។ ខ្ញុំមិនចង់វាយប្រហារអ្នកណាទេ ទុកឲ្យបរិយាកាស ទុកឲ្យប្រជាជនកាត់សេចក្តីទៅ …។

(២៧) បើគេគាំទ្រខ្លួនថាគេស្នេហាជាតិ បើគេចូលជាមួយរដ្ឋាភិបាល ថាគេក្បត់ជាតិ

សូម្បីតែកូនក្មួយដែលពីដើមធ្លាប់នៅខាងបក្សប្រឆាំង ឥឡូវមកចូលរួមជាមួយនឹងរដ្ឋាភិបាល។ រដ្ឋាភិបាលក៏មើលដែរ អ្នកណាមានជំនាញអីឲ្យធ្វើហ្នឹង។ ក្មួយៗ កូនៗដែលធ្វើការងារខាងសង្គមស៊ីវិល ឥឡូវក៏កំពុងតែចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីនឹងធ្វើកិច្ចការអំពីបញ្ហានេះបញ្ហានោះ រាប់ទាំងបញ្ហាបរិស្ថាន។ ហេតុអីបានជាជេរគេ? ថ្ងៃហ្នឹងថាគេស្នេហាជាតិ គ្រាន់តែគេមកគាំទ្ររដ្ឋាភិបាលភ្លាម ថាគេក្បត់ជាតិភ្លាម។ វាមិនគួរ។ គណបក្សប្រជាជនអត់មានវប្បធម៌ហ្នឹងទេ។ អ្នកណាចង់ទៅណា អាហ្នឹងរឿងរបស់គេ។ ក៏ប៉ុន្តែ ខ្ញុំមិននឹកស្មានថាពួកអ្នកដែលនិយាយពីប្រជាធិបតេយ្យ បែរជាប្រឆាំងនឹងជាមួយដំណើរការប្រជាធិបតេយ្យ ប្រឆាំងនឹងការជ្រើសរើសដោយសេរីនៃសេរីភាពខាងនយោបាយរបស់ពលរដ្ឋ ហើយតែងតែលាបពណ៌ថា គេលក់ក្បាល ក្បត់មនសិការស្អីៗ។

អាមួយ(ចូល)បនល្បែងនោះ គេបង្ហោះឌឺថា បើចង់បានធ្វើអ្នកធំ ទាល់តែចូលធ្វើសមាជិកគណបក្សប្រជាជន ទៅចូលបក្សប្រឆាំងសិន​ ចូលត្រឡប់មកវិញបានធ្វើធំហើយ … ប៉ុន្តែអាពៅមក អញលើកលែងទោសឲ្យ អញតែងតែអ្ហែងធ្វើស្អីមួយក្នុងរដ្ឋាភិបាល។ ហ្អែងសាកមើល អញឲ្យធ្វើ … ខ្ញុំនិយាយមេល្បែងហ្នឹងត្រឹមត្រូវហើយ។ អានេះល្បែងនៅស្រុកខ្មែរ ទៅដល់នោះល្បែងនៅអាមេរិកទៀត។ អញ្ចឹងអ្នកចូលលុយ ចូលដើម្បីឲ្យអាអ្នកចូលកាស៊ីណូហ្នឹង។ ដល់យកលុយគេចូលកាស៊ីណូ អ្នកក្នុងស្រុកអត់លុយ ព្រោះទៅចលនាគេថាយកមកជួយអ្នកក្នុងស្រុក … អាហ្នឹងយកលុយទៅចាញ់កាស៊ីណូនោះបាត់។ ហ្នឹងគេហៅថាយុទ្ធសាស្រ្ត រុញទូកបណ្តោយទឹក ឲ្យវាទៅបណ្តោយទៅ។ បើថានិយាយគ្នាវាស្តាប់មិនបានទេ មានតែវិធីរុញទូកបណ្តោយទឹក …។

(២៨) ចាប់ពីអាយុ ២៥ឆ្នាំ បម្រើតែប្រជាជនមួយគត់ មិនជឿអ្នកនយោបាយណា

ចាំដល់ពេលខ្ញុំចូលនិវត្តន៍ខាងនយោបាយទៅ ខ្ញុំដើរទេសនា។ និយាយរួមទុកឱកាសឲ្យសិស្សានុសិស្ស និស្សិត ឬក៏អ្នកនយោបាយ អ្នកស្រាវជ្រាវ(សាកសួរ) លោកឯងធ្វើម៉េច របៀបម៉េច បានជាដំណើរចេញជីវិតមក? ព្រោះខ្ញុំចាប់ផ្តើមអាជីពពិតប្រាកដជាអ្នកនយោបាយ ដឹកនាំតែម្តងពីអាយុ ២៥ឆ្នាំ។ ពីអាយុ ១៨ឆ្នាំ មកដល់អាយុ ២៥ឆ្នាំ គឺជាដំណាក់កាលដែលគេប្រើ ធ្វើកូនទាហានគេ។ ប៉ុន្តែ ចាប់ពីអាយុ ២៥ឆ្នាំមក ខ្ញុំតាំងចិត្តថាលែងស្តាប់អ្នកណាទាំងអស់ គឺមានតែប្រជាជនមួយគត់ដែលមានលទ្ធភាពឲ្យខ្ញុំបម្រើ ក្រៅពីហ្នឹងអ្នកនយោបាយណាក៏ខ្ញុំមិនជឿដែរ។ សុខៗទៅនាំគ្នាធ្វើរដ្ឋប្រហារ ឯងទៅខំចូលបម្រើទៅ រួចហើយមកកាប់សម្លាប់ប្រជាជន។

(២៩) ហ៊ុន សែន មិនដែលធ្វើកូនចៅអ្នកណាទេ

(ខ្ញុំបាន)ចាប់ផ្តើមដកខ្លួន ខ្ញុំអត់ដែលធ្វើកូនចៅអ្នកណាទេ កុំអ្នកណាមកតាំងខ្លួនថាជាមេ ហ៊ុន សែន អី។ ថ្ងៃ ២០ ខែមិថុនា​ ឆ្នាំ១៩៧៧ រហូតដល់ម៉ោងនេះ គ្មានអ្នកណាមកអះអាងថាជាមេរបស់ ហ៊ុន សែន ទេ។ បើ ហ៊ុន សែន ជាមេគេមាន។ សួរ សម្តេច ម៉ែន សំអន ទៅ … ចុងឆ្នាំ ១៩៧៧ ខ្ញុំកំពុងឈឺគាត់ទៅសួរខ្ញុំនៅ ពេទ្យយោធភូមិភាគ គាន់អ៊ីវៀន បៃអា (Quan Y Vien 7A)។ អញ្ចឹងតាំងពីពេលហ្នឹងរហូតមក សួរថាអ្នកណាជាមេរបស់ខ្ញុំ? អត់មានអ្នកណាធ្វើមេខ្ញុំទេ។ ឯកសារអប់រំកងទ័ពសរសេរស្អីៗនេះ ខ្ញុំធ្វើតែទាំងអស់ហ្នឹង អត់មានអ្នកណាមកត្រូវធ្វើមេ ហ៊ុន សែន ទេ។ អញ្ចឹង កុំអ្នកណាមកតាំងខ្លួនថា ជាមេ ហ៊ុន សែន អញ្ចេះ ជាមេ ហ៊ុន សែន អញ្ចុះ។ អត់ទេ។ គ្រាន់តែពេលមកដល់ទីក្រុងភ្នំពេញ អ្នកនេះកាន់ការងារនេះ អ្នកនេះកាន់ការងារនោះ ប៉ុន្តែឲ្យតាំងខ្លួនធ្វើមេ ហ៊ុន សែន គឺអត់ទេ។ បើ ហ៊ុន សែនធ្វើមេគេអាហ្នឹងមាន។ អញ្ចឹងបានជាបទពិសោធន៍នេះវាអាចមានគួរសម តែមិនមែនជាបទពិសោធន៍អាក្រក់ទេ ជាបទពិសោធន៍ដែលអាចផ្តល់ឲ្យបាន។

(៣០) នឹងបង្រៀនទ្រឹស្ដី ៣ ដល់មន្រ្តីគណបក្សប្រជាជនដើម្បីវិភាគស្ថានការណ៍

ខ្ញុំនិយាយដោយត្រង់ យោងទៅលើថាសមត្ថភាពវិភាគរបស់មន្រ្តីមួយចំនួនហាក់ដូចជាមានភាពខ្សោយ ខ្ញុំកំ​ពុងតែគិតថា នៅពេលខាងមុខ គណបក្សប្រជាជនអាចនឹងបើកវគ្គបណ្តុះបណ្តាល។ ឥឡូវបើកហើយ ក៏ប៉ុន្តែ មានទ្រឹស្តី ៣ ដែលមិនទាន់បានបង្រៀន ហើយខ្ញុំចង់បង្រៀនខ្លួនឯង។ ទី១ សម្ភារនិយម វិចារវិទ្យា ឬហៅថា សម្ភារនិយមបដិច្ចសមុប្បាទដើម្បីដាក់គ្រឹះឲ្យមន្រ្តីរបស់យើងចេះវិភាគ។​​ ទី២ សម្ភារនិយមប្រវត្តិសាស្រ្តដើម្បីដាក់ជាគ្រឹះសម្រាប់វិភាគរឿងអោយត្រូវសភាពការណ៍ … ដូចគ្រូពេទ្យអញ្ចឹង បើវាយសភាពការណ៍ជំងឺមិនត្រូវទេ លោកឯងវាយថ្នាំម៉េចត្រូវ? ករណីអ្នកនយោបាយក៏ដូចគ្នាដែរណា វិភាគខុស ដាក់វិធានការខុស។ ឯកសារទី៣ គឺវិធីសាស្រ្តដឹកនាំនិងធ្វើការងារ ដែលខ្ញុំបានសរសេរវានៅក្នុងឆ្នាំ១៩៨៣ ហើយខ្ញុំបានទៅបង្រៀនមន្រ្តីជាន់ខ្ពស់។ ខ្ញុំចង់ដាក់គ្រឹះសម្រាប់អ្នកវិទ្យាសាស្រ្តនយោបាយ អ្នកធ្វើគោលនយោបាយទាក់ទិននឹងការវិភាគ។

(៣១) ហ៊ុន សែន ប្រើវិធីសាស្រ្ត ៣ ទើបវាយតម្លៃសភាពការណ៍មិនសូវខុស

ខ្ញុំប្រើវិធីសាស្រ្ត ៣ក្នុងការវិភាគ។ វិធីសាស្រ្តទី១ គឺ សម្ភារនិយមវិចារវិទ្យា, វិធីសាស្រ្តទី២ គឺទស្សនៈប្រវត្តិ​សាស្រ្ត ឯវិធីសាស្រ្តទី៣ គឺ logic តក្កវិជ្ជា។ គួបផ្សំ ៣ហ្នឹង ហ៊ុន សែន កម្រវាយតម្លៃសភាពការណ៍ខុស។ ខ្ញុំមិនមែនអួតទេ ប៉ុន្តែគណបក្សគោរពនូវការវាយតម្លៃរបស់ខ្ញុំទៅលើសភាពការណ៍នានា ព្រោះកាលណាតែវាយតម្លៃខុសហើយ គឺដាក់វិធានការខុស។ ខ្ញុំប្រៀបធៀបតែជាមួយគ្រូពេទ្យ។ អ្នកជំងឺកំពុងគ្រុនចាញ់ ទៅថាឈឺក្រ​ពះ​វិញ វាមិនងាប់? ឯងកំពុងត្រូវការថ្នាំគ្រុនចាញ់ ទៅឲ្យថ្នាំលេបក្រពះ ម៉េចជា? ជំងឺវាមិនជាទេ។ ខ្ញុំក៏បានឃើញភាពទន់ខ្សោយខាងក្រុមប្រឆាំង គឺទន់ខ្សោយខាងការវិភាគវាយតម្លៃសភាពការណ៍របស់ផ្ទៃក្នុងគណបក្សប្រជាជនមិនដែលចេះត្រូវ។ អញ្ចឹងបានជាខ្ញុំប្រាប់ទៅសហការីរបស់ខ្ញុំថា ទុកឲ្យគេវាយតម្លៃខុសតទៅទៀតចុះ …។

(៣២) ក្រុមហ៊ុនប៊ូយ៉ុងនឹងផ្តល់ថវិកាទិញរថយន្តក្រុង ១ពាន់គ្រឿង និងបើកសាកលវិទ្យាល័យសុខាភិបាល

មានរឿងមួយក៏គួរតែនិយាយដែរ។ ម្សិលមិញ ខ្ញុំទៅកាត់ឫសសីមា ហើយក៏បានផ្តល់ឱកាសឲ្យលោកប្រធានក្រុមហ៊ុន ប៊ូយ៉ុង បានជួបពិភាក្សា។ កន្លងទៅក្រុមហ៊ុនប៊ូយ៉ុង បានប្រគល់ឲ្យសាលារាជធានីភ្នំពេញនូវឡានក្រុងចំនួន ២០០គ្រឿង។ ដោយឃើញប្រសិទ្ធភាពនៃរថយន្តក្រុងដែលគាត់បានផ្ដល់ឲ្យយើង ហើយយើងបានប្រើប្រាស់ក្នុងរយៈពេលកន្លងទៅ ពិសេសយើងដឹកមនុស្សជាង ៥ម៉ឺននាក់ ក្នុងពេលចូលឆ្នាំដោយសុវត្ថិភាព អត់មានអ្នកណាគ្រោះថ្នាក់នៅលើឡានក្រុង ម្សិលមិញ គាត់បានជួបជាមួយខ្ញុំ និងសុំផ្តល់រថយន្តក្រុង ១ ០០០ គ្រឿងថែមទៀត។ គាត់សុំថា ឲ្យយើងចាត់ចែងទៅតាមបណ្តាខេត្តដើម្បីជាការតភ្ជាប់។ គាត់ថាអារឿងជិះម៉ូតូជិះអីចេះតែជិះបានហើយ ប៉ុន្តែបើមានឡានក្រុងច្រើន គាត់មិនជិះម៉ូតូទេ។ ផ្លូវក៏វាមិនសូវចង្អៀត គ្រោះថ្នាក់ចរាចរណ៍ក៏តិចជាង។

គាត់សូមប្រគល់ជាថវិកា ហើយឲ្យកម្ពុជាបញ្ជាទិញ។ អញ្ចឹងបានជាខ្ញុំឲ្យឡានមួយនាំផ្លូវរបស់គាត់ទៅជួបឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីគាត់ប្រគល់ថវិកាប៉ុន្មានសម្រាប់ទិញឡាន ១ ០០០ គ្រឿង ឲ្យមករៀបចំបណ្តាញដឹកជញ្ជូន។ ឡាននេះ គាត់សន្យាថា ៥ ឆ្នាំក្រោយនឹងប្រែទៅជាឡាន(ដែលប្រើថាមពល)អ៊ីដ្រូសែនតែម្តង។ ដូច្នេះវាកាន់តែទាន់សម័យ។ គាត់ប្រើពាក្យថា មិនយកប្រាក់ចំណេញពីការវិនិ​យោគ​ចេញពីស្រុកខ្មែរទេ។ គាត់ទុកជួយពង្រីកការងារឲ្យខ្មែរ និងជួយដល់កិច្ចការសង្គមរបស់ខ្មែរ។ គឺជារឿងមួយល្អ។ ម្សិលមិញ គាត់ក៏ស្នើសូមបើកសាកលវិទ្យាល័យផ្នែកសុខាភិបាល។ ខ្ញុំបានទាក់ទងជាមួយបង​ ម៉ម ប៊ុនហេង (ហើយបាន)អនុញ្ញាតឲ្យបើក ព្រោះអាហ្នឹងនិយាយតាមត្រង់ទៅ វាជាមុខវិជ្ជាមួយដែលយើងត្រូវតែគិត ​ប៉ុន្ដែមិនអាចនឹងផ្អែកតែលើសាលារដ្ឋ ដោយមិនផ្អែកតែលើសាលាឯកជនជួយបណ្ដុះបណ្ដាលទេ …។

មួយចូលឆ្នាំ ប្រជាជន ៥ ម៉ឺន​នាក់ជិះលើឡានក្រុង អត់ស្គាល់គ្នាសោះ ទៅស្គាល់គ្នាលើឡានក្រុង ហ្នឹងករណីទូទៅ។ ប៉ុន្ដែ ករណីពិសេសគឺករណី​កម្លោះនិងក្រមុំគេអាចជួបគ្នាលើឡានក្រុង។ ខ្ញុំសូមផ្ដាំផ្ញើថាក្មួយៗទាំង​ឡាយអើយ បានជួបគ្នាលើឡាន​ក្រុង ​​ហើយថ្ងៃក្រោយត្រូវរៀបការជាមួយគ្នា សូមប្រាប់មកខ្ញុំផង។ ព្រោះអី? អង្គរសង្ក្រាន្តដែលធ្លាប់ធ្វើពីមុនមក ​ក្រមុំកម្លោះខាងសហភាពសហព័ន្ធយុវជនគេទៅជួបគ្នាទៅហ្នឹង​ បន្ទាប់ទៅគេក្លាយជាគូស្រករនឹងគ្នា ក្រោយចេញពីអង្គរ​សង្ក្រាន្ត។ ខ្ញុំមានជំនឿថា ៥ ម៉ឺននាក់ ដែលជួបគ្នាលើឡានក្រុង អាចមានក្រមុំកម្លោះជួបគ្នាហើយចាប់ចិត្តទាក់ទង​គ្នា។ ហ្នឹងជាធម្មជាតិ ទៅហាមឃាត់អី។ (បើជំនាន់)ប៉ុល ពត អញ្ចឹងៗ យកទៅវាយចោលបាត់ហើយ តែជំនាន់នេះលើក​ទឹកចិត្តទៀតណា ថាប្រសិនបើស្រឡាញ់គ្នា រៀបការផ្ញើសំបុត្រការឲ្យផង។ ប៉ុន្ដែ កុំបង្កើតរឿងឲ្យថារៀបការ រួចហើយ​ស្រាប់ថាធ្វើម៉េចយកតែចំណងដៃ(ហើយអត់រៀបការ) អត់ទេអត់លេងចូលទេ។

(៣៣) លោកយាយ ៨២ ឆ្នាំរាវលៀស មានបណ្ណក្រីក្រនិងទទួលការឧបត្ថម្ភរៀងរាល់ខែ

រឿងថ្ងៃមុន បញ្ជាក់ឡើងវិញអំពីបញ្ហាលោកយាយម្នាក់នៅកោះធំ អាយុ៨២ឆ្នាំ គាត់ទៅរាវលៀស។ ការស្រាវ​ជ្រាវ(បង្ហាញថា)គាត់មានបណ្ណក្រីក្រហើយ គាត់មានប្រាក់ចំណូលហើយ កូនចៅរបស់គាត់ក៏បានមើលថែ អាជ្ញាធរមូលដ្ឋានក៏បានមើលថែដែរ ប៉ុន្ដែទម្លាប់របស់គាត់គឺចេះតែទៅរាវលៀសនៅក្បែរផ្ទះរបស់គាត់ … អញ្ចឹងសុខភាពរបស់គាត់ក៏បាន(ល្អ)ដែរ។ អញ្ចឹងមិនមែនបានសេចក្ដីថា អាជ្ញាធរមិនយកចិត្តទុក​ដាក់ទេ បញ្ចូលមកតាមរយៈភ្នំពេញដេលី។ ដំបូង ខ្ញុំដាក់ការស្ដីបន្ទោសថា បណ្ណក្រីក្រទៅណាទៅ? ប៉ុន្ដែស្រាវ​ជ្រាវពិតប្រាកដ គេមានបណ្ណក្រីក្រឲ្យគាត់​។ ពេលដែលយើងប្រកាសបណ្ណ ហើយទទួលការឧបត្ថម្ភ គាត់បានទទួលក្រោយតែមួយខែទេ។ បាន​សេចក្ដីថាគាត់ទទួលបានបណ្ណតាំងពីដំបូងទីមក។ បណ្ណក្រីក្រប្រភេទទី១ ដែលទទួលបាន​ប្រាក់ឧបត្ថម្ភប្រចាំខែ។ ប៉ុន្ដែទម្លាប់របស់គាត់ គាត់ទៅរាវលៀស រាវខ្ចៅនៅខាងក្រោយផ្ទះរបស់គាត់ ប៉ុន្ដែ ប្រយ័ត្នៗផងថ្ងៃណាមិនស្រួលខ្លួន ​កុំឲ្យគាត់ចុះអី អាយុ ៨២ ហើយ។

(៣៤) ការវិភាជថវិកាលើវិស័យអប់រំគិតចូលការបង្កើនបៀវត្ស កសាងសាលារៀន និងអន្តេវាសិក

ថ្ងៃក្រោយ ការវិភាជថវិកាប្រចាំឆ្នំាសម្រាប់វិស័យអប់រំ មិនមែនធ្វើសម្រាប់តែបញ្ហាទាក់ទិននឹងបញ្ហា​បង្កើនបៀវត្ស ខ្ញុំចង់និយាយសំដៅថា ឲ្យផ្ដោតការយកចិត្តទុកដាក់លើការកសាងសាលារៀនជំនួសឲ្យអគារចាស់ដែល​ទ្រុឌទ្រោម ម្ខាង។ ហើយម្ខាងទៀត ​កសាងសាលារៀនថ្មីដើម្បីតម្រូវការសិស្សកើនឡើង និងមួយទៀតផ្ទះរបស់គ្រូ​និងសិស្ស ដែលសូមអំពាវនាវ តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមក្នុងដំណើរការនេះ។ ខ្ញុំចង់ឃើញប្រទេសកម្ពុជាមួយដែលមាន​សាលារៀនល្អៗ ហើយសាលារៀនកន្លងទៅបានជួយច្រើននៅពេលយើងជួបកូវីដ-១៩ ព្រោះពេលដែលខ្ញុំធ្វើដំណើរតាមតំបន់ទល់ដែន ជាពិសេសក្នុង​តំបន់ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន។ ពេលដែលបងប្អូន​មកពីថៃ ត្រូវធ្វើចត្ដាឡីស័កក៏បានទទួលមួយផ្នែកនៅសាលាទាំងនោះ ឯចូលមកខាងក្នុង អ្នកដែលជាប់ចត្ដាឡីស័ក​ក៏នៅក្នុងសាលារៀនដែរ។ អញ្ចឹងទេ យើងប្រើ(អគារទាំងនោះ)បាន នៅពេលដែលមានការចំាបាច់។ យើងមិនចង់ឲ្យមានកូវីដកើតទេ ប៉ុន្ដែយើងត្រូវធានា។

(៣៥) ជំនាន់មុន មន្រ្តីរដ្ឋការធ្វើការប្តូរនឹងទំនិញ ៩មុខ

ក្នុងបញ្ហាការតម្លើងបៀវត្សនេះទៀតសោត លោកគ្រូដែលបង្រៀនបានប្រាប់ខ្ញុំថា គាត់មានប្រាក់បៀវត្ស ១លាន ៨សែន ៧ម៉ឺន។ គាត់បង្រៀននៅថ្នាក់ទី៩។ គាត់បង្រៀន ៣៧ឆ្នាំហើយ។ រំលឹកអនុវស្សារីយ៍កាលពីជំនាន់ទំនិញ ៩មុខ។ ក្មួយៗជាគ្រូបង្រៀនជំនាន់ក្រោយ ជាសាស្ដ្រាចារ្យជំនាន់ក្រោយត្រូវចំា។ ឪពុកម្ដាយយើង គ្រូយើងកាលពីមុននេះ ដំណាក់កាលទី១ ​បង្រៀនដូរអង្ករ អត់ទាន់មានប្រាក់ខែទេ ជាពិសេស ពេលនោះគឺអង្ករតាមសហគមន៍។ ប្រទេសរបស់យើងអត់មានការចាយប្រាក់ ដោយសារ ប៉ុល ពត វាបំផ្លាញចោលរូបិយវត្ថុទៅហើយ។ ឆ្នាំ ១៩៨០ ខែមីនា បានយើងបោះក្រដាសប្រាក់ចាយ។ ប្រាក់ខែយើងតិចតួចណាស់ ប៉ុន្ដែដើម្បីធានាឲ្យមន្ដ្រីរដ្ឋការ (ពេលនោះយើងមិនហៅថាមន្ដ្រីរាជការទេដោយសារ​យើងមិនទាន់ចូលមកដល់ដំណាក់កាលរបបរាជានិយម។ ហ្នឹងត្រូវច្បាស់ជាមួយគ្នាផងដែរណា អ្នកខ្លះគឺបែងចែកមិនទាន់បានទេ។ ដំណាក់កាលរបបរាជានិយម បានគេហៅមន្ដ្រីរាជការ ប្រសិនបើរបបនោះមិនមែនរាជានិយម គេហៅមន្ដ្រីនោះថាមន្ដ្រីរដ្ឋការ។ ប្រយ័ត្នអ្នកអក្សរសាស្ដ្រត្រូវយល់ដឹងបែងចែកហ្នឹង។ ជួនកាលមន្ដ្រីរាជការៗ រត់មាត់ ដោយមិនមានការបែងចែកឲ្យច្បាស់ថា អានេះរបបសាធារណរដ្ឋដែលមិនមែនជារាជានិយម គឺគេហៅថាមន្ដ្រីរដ្ឋការ។ ដល់របបរាជានិយមគេហៅថាមន្ដ្រីរាជការ)។ ក្នុងជំនាន់រដ្ឋកម្ពុជាគឺមន្ដ្រីរដ្ឋការរបស់យើងទទួលនូវមុខទំនិញ ៩មុខ ដែលមានតាំងពី អំបិល ទឹកត្រី សាប៊ូ អង្ករ រហូតដល់ប្រេងកាត ជំនាន់នោះជាជំនាន់ដុតចង្កៀងប្រេងកាត។ រំលឹកអនុស្សាវរីយ៍កាលពីបង្រៀននៅពេលនោះ។ ឥឡូវគាត់មានប្រាក់ខែរហូតដល់ទៅ ១លាន ៨សែន ៧ម៉ឺន ដែរ។ ឯគ្រូៗរបស់យើង​នេះ ក៏បានទទួលដែលទាបបំផុតបានទទួលបៀវត្ស ១លាន ៤សែនរៀល។ ដូច្នេះយើងចេះតែតម្លើងតាមដំណាក់ៗ តាមលទ្ធភាព។ ពិតមែនហើយ មានអ្នកដេញថ្លៃ ដែលកំពុងតែចាប់ផ្តើមហើយ។ អ្នកខ្លះថាប្រាក់ខែទាបបំផុតគឺ ២លាន។ បក្សខ្លះ​ថា ​ប្រាក់ខែទាបបំផុត ២លាន ៥សែន កំពុងតែដេញថ្លៃគ្នាហើយក្នុងពេលដែលរាជរដ្ឋាភិបាលអនុវត្ដតាម​សភាព​ជាក់ស្ដែង។ អ្នកខ្លះក៏ប្រាក់ខែតិច អ្នកខ្លះប្រាក់ខែច្រើនលើស ២លានរៀលទៅទៀត។

(៣៦) បែងចែកផ្លែផ្កាកំណើនសេដ្ឋកិច្ចដោយសមធម៌​ គឺវិនិយោគលើអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ

អ្វីដែលខ្ញុំ​ចង់និយាយគឺយើងត្រូវទៅមុខទាំងអស់គ្នា។ អតីតកាលវាបានកន្លងហួស ប៉ុន្ដែវាបានផ្ដល់មេរៀនច្រើនណាស់សម្រាប់យើង ដើម្បីយើងឈានទៅមុខទាំងអស់គ្នា ពង្រឹងនូវសមត្ថភាពធនធានមនុស្សរបស់កម្ពុជា។ កុំឲ្យ​កម្ពុជាអភ័ព្វដូចខ្ញុំកាលពីកុមារ ដែលត្រឹមតែអាយុ ១៣ ឆ្នាំ ប៉ុណ្ណោះ ត្រូវបែកពីឪពុកម្ដាយ ដែលជារឿងកម្សត់​។ ដោយហេតុនេះហើយ បានជានៅដំណាក់កាលដែលខ្ញុំមានលទ្ធភាពគ្រប់គ្រងប្រទេស ខ្ញុំខិតខំធ្វើផ្នែកវិស័យអប់រំឲ្យដល់មូលដ្ឋាន ​ជាមួយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដើម្បីឲ្យកូនសិស្សងាយទៅកាន់សាលារៀនដោយមានផ្លូវល្អ និងសុវត្ថិភាព។ អាហ្នឹងហើយជាក្របខណ្ឌគោលនយោបាយបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌​។ បើចង់អនុវត្ដដោយជោគជ័យនូវគោលនយោបាយបែងចែកផ្លែ​ផ្កា​នៃកំណើនសេដ្ឋកិច្ចដោយសមធម៌ ត្រូវវិនិយោគលើ​វិស័យអប់រំ សុខាភិបាល ត្រូវវិនិយោគទៅលើអ្វីដែលជា​សេចក្ដីត្រូវការរបស់ប្រជាជនដូចគ្នាដូចជាធ្វើផ្លូវ ព្រោះអ្នកក្រក៏ធ្វើដំណើរលើផ្លូវបាន អ្នកក្រក៏ធ្វើដំណើរលើផ្លូវបាន​ ឬនិយាយតាមមួយបែបថា អ្នកមានទ្រព្យធនតិចតួចក៏ធ្វើដំណើរបាន អ្នកមានទ្រព្យធនច្រើនក៏ធ្វើដំណើរបាន។ សាលារៀន អ្នកមានទ្រព្យធនច្រើនក៏កូនចូលរៀនបាន អ្នកដែលអត់ទ្រព្យធនក៏កូនចូលរៀនបាន។

(៣៧) វ៉ាក់សាំងកូវីដ បានរាយទៅដល់ទីជនបទដាច់ស្រយាល

នៅពេលដែលកូវីដរាតត្បាត អ្វីដែលខ្ញុំសប្បាយចិត្តបំផុត វ៉ាក់សាំងរបស់យើងមិនស្ថិតនៅតែទីក្រុងភ្នំពេញទេ។ វ៉ាក់សាំងរបស់យើងរាយទៅដល់ជនបទ។ ខ្ញុំបានធ្វើកិច្ចការមួយប្រហែលជាមនុស្សទាំងគ្នាមិនបានដឹងទេ នៅពេលឃើញគេបង្ហោះតាមហ្វេសប៊ុក ក្មេងម្នាក់ដែលចាក់វ៉ាក់សាំងហើយមិនពាក់ប្រឡៅក ហើយដាក់ស្បោងរុំ។ អញ្ចឹងទេ ចាប់បង្ហោះភ្លាម យើងច្បាស់ណាស់ថា កូនសិស្សមួយនេះនៅជនបទឆ្ងាយណាស់ ប៉ុន្ដែ វ៉ាក់សាំងរបស់យើងបានដើរទៅដល់ អញ្ចឹងបានសេចក្ដីថា មន្ដ្រីរបស់យើងបាន​ធ្វើការងារទាក់ទិនជាមួយនឹងការធ្វើឲ្យពលរដ្ឋទទួលបានវ៉ាក់សាំង មិនថា​ទីក្រុង មិនថាជនបទ។ ខ្ញុំឲ្យអភិបាលខេត្ត ទៀ សីហា ចុះទៅភ្លាម។ ធ្វើផ្ទះឲ្យក្មេងនេះ។ ម្ដាយមីងទេ អ្នករៀបចំឲ្យទៅរៀននោះ ក្នុងពេលដែលឪពុកម្ដាយទៅធ្វើការឲ្យគេ អត់ទាំងផ្ទះនៅទៀត។ អញ្ចឹងត្រូវធ្វើផ្ទះឲ្យគ្រួសារនេះមួយផង។ អាចៅនេះវាឈ្មោះ សីហា ដល់ចៅហ្វាយខេត្តឈ្មោះ សីហា ដែរ។ អញ្ចឹងវាថតរូបជាមួយគ្នា បញ្ជូនមកយើងដាក់ថា សីហាតូច សីហាធំ។ អញ្ចឹងបានចំណុចនេះអ្វីដែលខ្ញុំសប្បាយចិត្តគឺបទបញ្ជាចេញទៅ ប្រតិបត្ដិកររបស់យើងទាំងអស់ធ្វើសកម្មភាព​ គឺទៅគ្រប់ច្រកល្ហកទើបយើងទទួលបានជោគជ័យ។ គ្រូពេទ្យមិនប្រមូលផ្ដុំនៅតែភ្នំពេញទេ គ្រូពេទ្យបានចុះទៅដល់ជនបទចាក់វ៉ាក់សាំង។

បើនិយាយពីអ្នកដែលគ្រប់ទី ៨លាន គឺជាជនជាតិឡាវនៅក្បែរព្រំដែនឡាវឯណោះ បានចាក់វ៉ាក់សាំង។ ទម្រាំរកគាត់ឃើញ ព្រោះពេលនោះអ្នកជាប់ទីមួយលាន គឺទទួលបានថវិកាប៉ុន្មាន? ទី២លាន ៣លាន ៤លាន (ក៏បានថវិកា)។ ឪពុកមាខ្ញុំគាត់អត់បានចាក់វ៉ាក់សាំងទេ ពេលដែលគាត់ទទួលមរណកាលនេះ គាត់អាយុ ១០២ឆ្នាំ នៅសល់តែ ៩ ថ្ងៃទៀត​ គាត់អាយុ ១០៣ ឆ្នាំ ខ្ញុំចេះតែឆ្ងល់ថា ម៉េចបានជាអត់មានឈ្មោះគាត់ គ្រូពេទ្យហាមមិនឲ្យគាត់ចាក់។ អញ្ចឹងទេបានជាគាត់មិនបានចាក់ ហើយមិនបានចូលទទួលរបប។ អ្នកដែលអាយុ ១០០ ឆ្នាំឡើង គឺខ្ញុំ​ផ្ដល់ថវិកាជូន។ ប៉ុន្តែ ក្រៅពីអ្នកដែលមានអាយុ១០០ឆ្នាំឡើង ខ្ញុំក៏មាននៅផ្ដល់ថវិកាសម្រាប់អ្នកលេខរៀងទី ១ លាន ទី ២ លាន ទី៣ លាន ទីប៉ុន្មានលានបន្តបន្ទាប់គ្នាអញ្ចឹងទៅ។ អញ្ចឹងចំណុចនេះ ធ្វើឲ្យយើងឥឡូវនេះ ទៅកាន់កន្លែងណា​ ទី១ អត់ខ្លាចថាកន្លែងនោះមានសង្រ្គាម មានគ្រាប់បែកប្រុងនឹងផ្ទុះស្អីៗ គឺមិនព្រួយអារឿងហ្នឹងទេ។ ឯទី២ មិនខ្វល់ដូចកាលពីសម័យ ជាពិសេស ២០២១ គឺរើសអើង អ្នកទៅពីទីក្រុងគឺអ្នកជនបទខ្លាចអ្នកទីក្រុងវិញ​​ទេ ព្រោះនាំកូវីដទៅ ព្រោះពេលនោះយើងនៅភ្នំពេញវាកើនខ្លាំង អញ្ចឹងទេ អ្នកទៅពីភ្នំពេញ ត្រូវអ្នកជនបទខ្លាចនាំជំងឺត្រឡប់ទៅវិញទេ។

(៣៨) លើកកម្ពស់និងពង្រឹងសមត្ថភាព បន្តរៀនសូត្រទាំងគ្រូទាំងមន្ត្រីទាំងមេដឹកនាំ

ដល់ពេលដែលខ្ញុំផ្តាំផ្ញើអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ សូមជ័យលាភីទាំងអស់បន្តការខិតខំលើកកម្ពស់សមត្ថភាពបន្ថែម។ ការលើកកម្ពស់សមត្ថភាពរបស់យើងនេះ គឺមានភាពចាំបាច់ ព្រោះវាមិនមែនគ្រាន់តែទាក់ទងជាមួយយើងផ្ទាល់ទេ ប៉ុន្តែទាក់ទងជាមួយនឹងកូនសិស្ស ដែលយើងត្រូវទទួលការបង្ហាត់បង្ហាញចំពោះពួកគាត់។ ខ្ញុំតែងតែអំពាវនាវអំពីចំណុចនេះនៅគ្រប់ទីកន្លែង ឲ្យលើកកម្ពស់សមត្ថភាព ពង្រឹងសមត្ថភាព ការរៀនសូត្រ មិនមែនគ្រាន់តែសំដៅទៅលើគ្រូ ឬក៏មន្ត្រីធម្មតាទេ ឬនិស្សិតទេ ប៉ុន្តែសូម្បីតែមេដឹកនាំជាន់ខ្ពស់ថ្នាក់ណាក៏ដោយ ត្រូវតែរៀន។ ដូចខ្ញុំនិយាយអម្បាញ់មិញចឹង សម័យឌីជីថល ប៉ុន្តែបើមនុស្សអត់ឌីជីថល ធ្វើម៉េចវិញ? ពីមុន ខ្ញុំឲ្យធ្វើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែឥឡូវខ្ញុំមិនទាមទារដល់ហ្នឹងទេ ខ្ញុំឲ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា ហើយជុំវិញមួយ smartphone ទៅបានហើយ ព្រោះមួយ smartphone សឹងតែថា ហើយមួយ smartphone គឺល្អបំផុត គឺត្រូវចេះមុនគេ គឺជំនាញទំនាក់ទំនង។

(៣៩) ពង្រឹងល្បឿននិងពង្រីកវិសាលភាពសេវាអ៊ិនធើណេតនៅក្នុងប្រទេស

ខ្ញុំប្រាប់ឲ្យហើយ អ្នកទូរស័ព្ទមកខ្ញុំ ប្រើប្រាស់ទូរស័ព្ទខល ខ្ញុំអត់ទទួលទេ។ ប៉ុន្តែបើប្រើមកតាម WhatsApp តាម​ Telegram តាម Line តាម​ Viber អាហ្នឹងខ្ញុំទទួល។ ឲ្យតែមកតាមអ៊ិនធើណេត គឺខ្ញុំទទួល ប៉ុន្តែមកតាម phone គឺខ្ញុំអត់ទទួលទេ។ ខ្ញុំអត់និយាយទេ​ ព្រោះសម្លេងរបស់ខ្ញុំត្រូវគេចាប់យក។ ប្រទេសក្រៅ នៅពេលដែលចង់ទូរស័ព្ទជាមួយគ្នា គឺលើកលែងតែមានការណាត់ តែហៅទូរស័ព្ទត្រង់គឺខ្ញុំអត់ទទួលហ្មង។ ប៉ុន្តែបើហៅចូលមកតាម WhatsApp តាម Telegram ខ្ញុំទទួល។ រឿងហ្នឹងគឺរក្សាការសំងាត់នៃការងាររបស់នា​យករដ្ឋមន្ត្រី ហើយម្យ៉ាង phone ហ្នឹងគឺវារអាក់រអួលផង។ យើងប្រើអ៊ិនធើណេតវាទូលាយជាង។ យើងក៏កំពុងពង្រឹងនូវស្ថានភាពអ៊ិនធើណេតនៅក្នុងប្រទេសឲ្យមានល្បឿនកាន់តែលឿន ហើយមានស្ថេរភាពនិងរាយចែកចាយទៅច្រើនតំបន់។ ស៊ីហ្គេមជិតមកដល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពង្រឹងសមត្ថភាពប្រព័ន្ធអ៊ិនធើណេតនៅតំបន់ផ្សព្វផ្សាយចេញ។

(៤០) ចាំមើលប្រយោជន៍ពីការចំណាយ ៧លានដុល្លារ សំរាប់ការហូបចុកស្នាកនៅនៃកីឡាករ/ការិនី ក្នុងការប្រកួតស៊ីហ្គេម

អ្នកខ្លះទិតៀនពីក្រៅប្រទេសថា យើងនេះអត់លុយ ប្រជាជនរកលុយមិនបាន បែរជាអត់យកលុយគេ។ អ្នកឯងគិតតាមរបៀបអ្នកឯងក្រៅប្រទេសចុះ ប៉ុន្តែខ្ញុំគិតតាមខ្ញុំ។ នៅសល់តែ ១០ថ្ងៃទៀត ស៊ីហ្គេមនឹងចាប់ផ្តើម​ហើយ ហើយលើកនេះហ្វ្រ៊ីទាំងអស់។ ចាំមើលៗ ផលប្រយោជន៍ដែលកម្ពុជាត្រូវចំណាយប្រមាណជា ៧លានដុល្លារបន្ថែម ដើម្បីផ្គត់ផ្គង់កីឡាករកីឡាការិនី និងគ្រូបង្វឹករបស់ប្រទេសក្រៅ មកលេងនៅស្រុកខ្មែរ(នឹងបានអ្វីមកវិញ)។ បើយើងប្រមូល ក៏វាអត់ក្លាយទៅជាអ្នកមានទេ។ បើយើងមិនប្រមូល យើងផ្តល់ឱកាសឲ្យមនុស្សច្រើនណាស់ចូលមកក្នុងស្រុកខ្មែរ ស្គាល់ពីខ្មែរ។ ខ្ញុំមានជំនឿថា ថ្ងៃក្រោយ ប្រទេសមួយចំនួនក្នុងក្របខណ្ឌដៃគូអាស៊ានរបស់យើង គេនឹងអាចផ្តល់នូវភាពបដិការចំពោះយើងវិញ។ ខ្ញុំជឿយ៉ាងដូច្នេះ។ រង់ចាំមើល។ លើក​លែងតែប្រទេសអត់ចិត្ត។ បើប្រទេសមានចិត្ត ថាទេ! គាត់នេះអត់យកអញផង ឥឡូវអញយកដូចជាមិនកើតទេ។ យើងត្រូវបង់ឲ្យគេ ៥០ដុល្លារ(បើយើងទៅប្រកួតនៅស៊ីហ្គេមក្នុងប្រទេសគេ) ព្រោះអាហ្នឹងជាការតម្រូវ។ តែឥឡូវយើងអត់(តម្រូវអោយបង់)ទេ។ និយាយអញ្ចឹងមិនមែនបានសេចក្តីថា គេត្រូវតែបង់ហើយ ព្រោះថ្ងៃក្រោយកម្ពុជានឹងទារមិនឲ្យបង់វិញ។ អត់ទេ។ កម្ពុជាអត់ទារវិញទេ ប៉ុន្តែបើអ្នកឯងឲ្យគឺខ្ញុំយក។

(៤១) កុំពត់ស្រឡៅ កុំប្រដៅក្មេងពាល

គេថា កុំពត់ស្រឡៅ កុំប្រដៅក្មេងពាល។ ឯងអត់បាន(រៀបចំ)អុំទូក ពេលដែលយើងជាប់ប្រជុំអាស៊ាន វាថាឯងអត់មានលុយ។ ដល់ឥឡូវ យើងមានលុយចេញទាំងថ្លៃ(បាយនិងស្នាក់នៅ) តម្លៃផ្សព្វផ្សាយក៏យើងមិនឲ្យបង់ ប្រជាជនខ្មែរចូលមើលក៏យើងមិនឲ្យបង់ បរទេសចូលមកក៏យើងមិនឲ្យបង់ រួចហើយកីឡាករ កីឡាការិនី ដែលត្រូវបង់ឲ្យយើង ៥០ដុល្លារ ក៏យើងមិនយក វាបែរជាមកទិតៀនឯងថាមិនយកលុយហ្នឹងទៅជួយអ្នកក្រ? វាទៅជាអញ្ចេះ។ អើ! អាក្មេងពាលអើយ … ប្រមាថឪម៉ែខ្លួនឯងទៅជាអាចម៍គោ។ សង្ឃឹមថា ឪម៉ែខ្លួនឯងនឹងខិតខំ។ មើលៗបើកូនអកត្តញ្ញូរបៀបហ្នឹង។ ពីដើមគេថាអញ្ចេះ កុំពត់ស្រឡៅ កុំ​ប្រដៅស្រីខូច តែភាសានេះ មិនគួរនិយាយតទៅទៀតទេ … ខ្ញុំបង្កើត «កុំពត់ស្រឡៅ កុំប្រដៅក្មេងពាល» …។

អញប្រាប់អ្ហែង ឪម៉ែអ្ហែងនៅស្រុកខ្មែរទេ បងប្អូនអ្ហែងនៅស្រុកខ្មែរទេ បើអ្ហែងចង់សាកមើល បើឪម៉ែអ្ហែងមិនប្រដៅទេ ថ្ងៃក្រោយអញដកឪម៉ែអ្ហែងចេញ បងប្អូនអ្ហែងចេញពីការងារទាំងអស់។ កុំឲ្យអ្ហែងឈ្លើយពេក។ វាឈ្លើយហួសអាមួយហ្នឹង … ដាក់លក្ខខណ្ឌទាល់តែបានធ្វើបេក្ខជននាយករដ្ឋមន្រ្តី មកចង់ចរចាអីជាមួយអញ។ មានរឿងអីដែលអញទៅចរចាជាមួយអ្ហែង? អ្ហែងនិយាយមើលមុខ មើលក្រោយផង។ កម្រិតចរចាជាមួយអញទាល់តែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានានោះ អាហ្នឹងចរចាជាមួយអញបាន។ បើមានអ្នកសុំមកសួរសុខទុក្ខ សំដែងការគួរសម អូខេ ប៉ុន្តែមកចរចា កុំនិយាយរឿងចរចា។ សូម្បីបណ្តាបក្សនយោបាយក្នុងស្រុក គ្មានរឿងចរចាទេ បើអ្នកឯងសុំសំដែងការគួរសម ខ្ញុំអាចផ្ដល់ឱកាស បើខ្ញុំមានពេល។ អត់មានរឿងអីមកត្រូវចរចា។ ទី១ គណបក្សនយោបាយចរចាគ្នាពីរឿងអ្វី? គោរពតែច្បាប់ទៅបានហើយ។ ទី២ គណបក្សនយោ​បាយមកចរចាជាមួយនាយករដ្ឋមន្ត្រីរឿងអ្វី? ខ្ញុំមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តើ។

ឯងឯណាមកបើកការចរចាជាមួយ ហ៊ុន សែន។ សមតែ ជេម សុខ ថាមែន ទី១ ត្រូវធ្វើស្អី ទី២ ត្រូវធ្វើស្អី ទី៣ ត្រូវធ្វើស្អី ៤ លក្ខខណ្ឌ។ ជេម សុខ ដាក់ឲ្យត្រឡប់ទៅវិញ។ អរគុណ ជេម សុខ ផងដែរ ដែលដាក់លក្ខខណ្ឌទៅឲ្យអាក្មេងពាលនោះ។ អ្ហែងចង់ដឹងមើលៗ ពេលណាមួយ អញហៅឪម៉ែអ្ហែងមកប្រដៅ។ អញហៅប្អូនថ្លៃអ្ហែងពាក់សក្តិ ៤ទៀត ឪអ្ហែងពាក់សក្តិ ៤កន្លះ … ហ្នឹងតាំងស្រែកហើយ កុំយកឪម៉ែខ្ញុំ បងប្អូនខ្ញុំ មកធ្វើចំ​ណាប់ខ្មាំង … វាថា វាជាឥន្ទ្រីកើតក្បែរអាចម៍គោ។ អញ្ចឹងវាចាត់ទុកម៉ែឪវាជាអាចម៍គោ។ ដល់ទៅ ម៉ាណែត វិញ ជា​សត្វគីង្គក់កើតក្នុងវិមាន វាទៅជាចាត់ទុក បណ្ឌិត ហ៊ុន ម៉ាណែត … ថាវាបណ្ឌិតទៅចុះ ហើយវាក្លាយទៅជាឥន្ទ្រីកើតក្បែរអាចម៍គោ … អ្ហែងកុំភ្លេច បើម៉ែឪអ្ហែងជាអាចម៍គោ អ្ហែងក៏ជាអាចម៍គោដែរ។ អានេះក្មេងព្រហើន។ ជេរអ្ហែងពីហ្នឹងទៅតែម្តង … ផ្តាំទៅឪពុកម្តាយ បងប្អូនថ្លៃ សុទ្ធតែបាននិយាយតាមវីដេអូយកមកឲ្យខ្ញុំហើយ បើអប់រំប៉ុណ្ណឹងមិនបាន ចេញពីការងារទៅ … លើកតម្លៃខ្លួនមកចរចាជាមួយ ហ៊ុន សែន ​​ដាក់លក្ខខណ្ឌសុទ្ធតែទៅទាល់តែបានធ្វើជា​បេក្ខជននាយករដ្ឋមន្រ្តី​ … វា​ចេះគ្រប់រឿងទាំងអស់ ចេះជាងមេវាទៅទៀត …។

ប៉ុណ្ណឹងទៅចុះ កុំទេសនាយូរពេក។ ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់គរុសិស្ស គរុនិស្សិត និងនិស្សិតជ័យលាភីចំនួន ២ ៣៨៤ នាក់ និងសាស្រ្តាចារ្យ បុគ្គលិកវិទ្យាស្ថានជាតិអប់រំចំនួន ២៥៤ នាក់ សរុបទាំងអស់ ២ ៦៣៨ នាក់ ក្នុងម្នាក់ៗគឺមានសៀវភៅ គឺខ្ញុំ​​ត្រូវតែផ្ដល់ ត្រូវបោះប៉ុន្មានទៀតក៏បោះ ឲ្យតែជួបគ្រូគឺត្រូវតែមាន ច្បាប់​ក្រមង៉ុយមួយច្បាប់ និងបណ្ឌិត អ៊ូចុង មួយច្បាប់ក្នុងមួយប្រអប់នេះ។ ប្រយ័ត្នកូនសិស្សសួរ គ្រូមិនដឹងណា។ ត្រូវប្រយ័ត្ន។ នេះជាក្បួនខ្នាតរបស់ខ្មែរមួយ ដែលគ្រូត្រូវតែមាន។ ខ្ញុំត្រូវតែចំណាយក្នុងការបោះពុម្ព ដើម្បីចែកជូនសម្រាប់លោកគ្រូអ្នកគ្រូ ព្រោះកូនសិស្សឥឡូវគេក៏អានដែរណា អានតាមបណ្ណាល័យ តែគ្រូរបស់យើងមានសម្រាប់នៅក្នុងផ្ទះ ចែកចាយទៅ ប្ដីក៏អាន ប្រពន្ធក៏អាន ម្ដាយក្មេកក៏អាន ឪពុកក្មេកក៏អាន អញ្ចឹងទៅ។ ឯក្រៅពីនោះ សូមជូនថវិកាចំនួន ១០ ម៉ឺនរៀល​​ក្នុងម្នាក់ៗ។

ជូនគរុសិស្សដែល​មានកូនម្នាក់នៅក្រៅនោះ បន្តិចទៀត ក្មួយស្រីនឹងពរកូនមកទទួលលុយពីខ្ញុំតែម្ដង ឯអ្នកដទៃទៀតមិនបាច់ទេ ដើម្បីបង្ហាញថាប្រឹងប៉ុណ្ណឹង … ​បន្តិចទៀត ចាំយកលុយមកឲ្យខ្ញុំប្រគល់ឲ្យ។ ប្រឹងរៀន ប្ដីធ្វើទាហាននៅទល់ដែន ឯប្រពន្ធប្រឹងរៀនលើកកម្ពស់ឡើងដល់កម្រិត ឥឡូវគឺថាកូនហ្នឹងដូចជាបទសម្ភាសន៍ព្រឹកមិញថា ៤ ខែ ៣ ថ្ងៃហើយ ប៉ុន្តែ ដល់ទៅពេល បន្តិចទៀតនឹងមានថែមទៀតហើយ ក្មួយអើយក្មួយ បែកគ្នាយូរអញ្ចេះ។ បន្ថែមជូននិស្សិតពិការម្នាក់ គឺសូមជូន ១ លានរៀលដែរ។ ជូនវិទ្យាស្ថានជាតិ​អប់រំថវិកា ១០ លានរៀល និងជូនក្រុមគ្រូពេទ្យក្នុងអង្គពិធីថវិកា ៣ លានរៀល។

អនុស្សាវរីយ៍អគារចែកសញ្ញាបត្ររបស់វិទ្យាស្ថានជាតិអប់រំ

អ្នកទាំងអស់គ្នាក៏ត្រូវទៅលេងអង្គរ។ តែនេះជាទម្លាប់ដែលយើងមានពីមុនមក។ អង្គរក៏ទៅ។ ល្ងាចនេះនឹងជប់លៀងពេលណា? (សួរនាំពីពិធីជប់លៀង) ថ្ងៃក្រោ​យកន្លែងហ្នឹងធ្វើឲ្យវាស្អាតបន្តិចទៅ ហើយដាក់​ម៉ាស៊ីនត្រ​ជាក់ទៅ លោកឯងនៅតែអញ្ចឹង នេះចេះខ្ញុំបានមើលការផ្សាយបន្តផ្ទាល់។ ជំនាន់ ម៉ុង ឫទ្ធី អគារនេះ ខ្ញុំនិង ម៉ុង ឫទ្ធី ធ្វើជាមួយគ្នា។ កាលពីដើមចែកសញ្ញាបត្រនៅកន្លែងនេះ និយាយពីអនុស្សាវរីយ៍នៅកន្លែងនេះបន្តិច។ មកចែកសញ្ញាបត្រនៅកន្លែងហ្នឹង ទៅជួលរោងការគេ ដូចប្រក់តង់អញ្ចឹងយកមក។ មួយទៀត ដល់ក្រោយមកចាប់ផ្ដើមធ្វើរោងដំបូលទូក គេហៅស្អីគេ? ប្រក់សង្កសីដំបូលដូចទូក … បន្ទាប់ទៅរួមគ្នាធ្វើបានអាហ្នឹង។ អាហ្នឹងគឺវាបាន​មុនគេ តែដីរបស់យើងវាតូច … ដល់បន្ទាប់ទៅ បានទៅសាកលវិទ្យាល័យកសិកម្មផ្ដល់នៅនោះ។ បន្ទាប់ទៅទៀត បានទៅសាកលវិទ្យាល័យស្វាយរៀង ហើយបន្ទាប់ទៅទៀតបានវិទ្យាស្ថានជាតិអប់រំ បានចេះតែធ្វើជាបណ្ដើរៗ។ ឥឡូវអ្នកដែលគេ​មានចំនួននិស្សិតច្រើន គេទៅកោះពេជ្រ ឬកន្លែងផ្សេង​ …។

ការសន្ទនាជាមួយអ្នកគ្រូមានប្ដីជាទាហាន

ក្មួយស្រី ប្ដីធ្វើទាហាននៅឯណាឥឡូវហ្នឹង? អន្លង់វែង។ ពាក់ស័ក្ដិប៉ុន្មាន? ព្រិន្ទបាលឯក … ហើយប្រាក់ខែប៉ុន្មានប្ដី? ១លាន ៤៣ម៉ឺនរៀល។ អាហ្នឹងគេអត់គិតថ្លៃអង្ករទេ? បើគិតថ្លៃអង្ករអាចច្រើនជាងហ្នឹង។ ប៉ុន្តែ ទាហានអាចបើកលុយឲ្យ​ទាំងអស់ហើយទៅទិញអង្ករខ្លួនឯងមិនបានទេ ចោលបន្ទាយអស់។ អញ្ចឹងទេ ហើយឥឡូវហ្នឹងប្ដីផ្ញើឲ្យមួយខែប៉ុន្មាន? ១លាន គេទុក ៤៣ម៉ឺន។ ទាក់ទងគ្នាតាមស្អីរាល់ថ្ងៃ? តាមទូរស័ព្ទ ដែលប្រើ WhatsApp មើលមុខគ្នាអត់ video call? អានេះកូនទីប៉ុន្មាន? ទីពីរ។ ទីមួយអាយុប៉ុន្មាន? ​៤ ឆ្នាំ អានេះអាយុ ៤ ខែ ៣ ថ្ងៃ ​ហើយអាបងប្រុសឬស្រី? ប្រុស។ ហើយប្រុងថាយកប៉ុន្មានអ្នកគ្រូ? ប៉ុណ្ណឹងបាន តិចណាស់ ថែមមួយទៀតទៅ។ … អញ្ចឹងដោយសារអត់មានអ្នក​មើល ហើយយើងជាប់ការងារ។ អាហ្នឹងស៊ីសង កាលពីដើម ឪពុកម្ដាយអ៊ំនេះអត់មានអ្នកណាមើលផង ចិញ្ចឹមរេល មួយឆ្នាំមួយៗ។ កាលពីមុន យើងជាប់បាក់ឌុបនៅឯណា? … (និយាយឆ្លើយឆ្លងជាមួយអ្នកគ្រូ) ​មកប្រឡងជាប់សម័យកូវីដហ្នឹងបណ្ដោយ។ ដល់តែយើងឡើងមកអញ្ចឹង គឺច្បាស់ជាងកាំប្រាក់ខ្ពស់ជាងមុនហើយ? ព្រោះទើបនឹងទទួលសញ្ញាបត្រថ្ងៃនេះ ត្រឡប់ទៅវិញ មិនបង្រៀននៅបឋមទៀតទេ ច្បាស់ជាបង្រៀន​នៅវិទ្យាល័យហើយមើលទៅ? តែគេឲ្យទៅបង្រៀននៅតាកែវដដែល? មកកំពង់ស្ពឺវិញ។ ប៉ុន្តែ យ៉ាងណាក៏កាំប្រាក់ក៏វាឡើងដែរ ព្រោះពីមុនយើងគ្រូបឋម ១២ បូក ២ ហើយឥឡូវយើងបរិញ្ញាបូកមួយ។ នាងអើយនាង ផ្ដាំសួរសុខទុក្ខប្ដីផងណា។ កាលពីចូលឆ្នាំបានមកលេងទេ? បានមក … អត់មានមកដល់ អស់កម្លាំងពេក ដេកលក់បាត់ទេ? ហើយពេលដែលអាតូចនេះឆ្លងទន្លេ ប្ដីបានមកទេ? បានមក។ អញ្ចឹងខាងមេបញ្ជាការគេក៏អនុញ្ញាតឲ្យមកដែរ? អាហ្នឹងវាត្រូវតែសុំច្បាប់អញ្ចឹងហើយ វិន័យទាហាន។ ប្ដីចូលធ្វើទាហានឆ្នាំណា? ២០១១ មិនទាន់យូរទេ។ អាយុប៉ុន្មានហើយប្ដី? ៣៦។ ចុះយើងនោះ? ៣១។ មើលសុំសួរបន្តិចមើល កាលពីស្គាល់គ្នាស្គាល់តាមណា? តាមទូរស័ព្ទ។ អ្នកណាឲ្យលេខទូរស័ព្ទ? អូ! ស្គាល់តាម Facebook បង្ហោះទៅ add friend ទៅ។ រួចហើយចាប់ផ្ដើមនិយាយតាម Messenger? ស្គាល់មុខគ្នាអត់? …។ ពិតជាកន្លែងសម្ដេច ជួន ណាត មែន តំបន់ហ្នឹងតំបន់សម្ដេច ជួន ណាត មែន។ ថាឯណោះ​ យើងចង់ធ្វើទាហាន ទាហានចង់ធ្វើគ្រូ។ អរគុណណាស់!

បានសម្ដីអញ្ចឹង។ អាហ្នឹងដែល​ជាគម្រូមួយ ដែលជាគម្រូដែលយើងត្រូវយល់ទាំងអស់គ្នា​។ ប្ដីធ្វើទាហាន ប្រពន្ធធ្វើគ្រូ។ គ្រូនេះបានប្រឹងពីកម្រិតបឋម ពង្រីកសមត្ថភាពកើនដល់ទៅបរិញ្ញាបូកមួយ ដែលនឹងក្លាយទៅជាគ្រូបង្រៀននៅវិទ្យាល័យ។ ចំណុចនេះហើយដែលយើងត្រូវឃើញ ការលះបង់របស់យើង និងការខិតខំរួមរបស់យើងបែបនេះ។ អត់មាននរណាទៅជួយយើងកើតទេ ទាល់តែយើងជួយខ្លួនយើង។ អរគុណ លោក សារ៉ាយ ខាង FN ផងដែរ ដែលបានធ្វើបទសម្ភាសន៍ឲ្យខ្ញុំបានដឹងរឿងនេះ។ នេះជាការអបអរសាទរមួយ ហើយផ្ដាំទៅលោកប្ដីអើយ បើបានមើល ប្រហែលជាមើលហើយ បើមិនបានមើលឥឡូវ ទូរទស្សន៍ផ្សាយឡើងវិញ នឹងបានមើលការឆ្លើយឆ្លងរវាងប្រពន្ធរបស់លោកព្រិន្ទបាលឯក សន សំអុល … តែមិនស្រួលគេជេរទិតៀនពីត្រង់ណាមក។ សូមអញ្ជើញទិតៀនចុះ តែខ្ញុំចង់យល់ ចង់ដឹង ចង់មានពិសោធន៍ដែរ ហើយក៏បង្ហាញអំពីវីរភាពរបស់ស្ដ្រីខ្មែរយើង ដែលបានប្រឹងប្រែងលើកកម្ពស់កម្រិតស្ថានភាពរបស់ខ្លួន។ នៅមានក្មួយស្រីម្នាក់ទៀតនៅខាងក្រៅក៏មានស្ថានភាពបែបនេះដែរ។ ប៉ុន្តែ ថ្ងៃនេះអត់មានអ្នកណាមើល ក៏នាំកូនមកជាមួយបណ្ដោយ។ ដាក់ឈ្មោះអី? យកមួយទៀតទៅ។ ប៉ុន្តែ ចាំឲ្យអានេះរឹងដៃរឹងជើងសិន។ អរគុណណាស់ ថ្ងៃនេះ ជាមួយនឹងការកោតសរសើរចំពោះវឌ្ឍនភាពនៃវិទ្យា​ស្ថានជាតិអប់រំ ក៏ដូចជាក្របខណ្ឌអប់រំទូទៅ​​ ដែលយើងបានរួមគ្នាដើម្បីធ្វើឲ្យមានវឌ្ឍនភាព ជាមួយនឹងការអបអរ​ជាមួយជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ​ខ្ញុំសូមជូនពរចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាពិសេសជ័យលាភីទាំងអស់ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 


***********

Selected Comments Samdech Techo Hun Sen,
At the handing over of diplomas to students, teaching staffs, and educators at the National Institute of Education
[Unofficial Translation]


CNV:

(1) Collect and retrain teachers for the school year of 1979/80

[…] Compared to before, we have come a long way. The starting point was that we relaunched the school year 1979-1980. At that time, we gathered the remaining teachers from the killing (by the Khmer Rouge Democratic Kampuchea regime) and selected those who were able to teach, to do the retraining, and send them to teach. This National Institute of Education (NIE) has always been a place for training and retraining of teachers since then, and moreover, it has done teachers training/retraining jobs for a long time. Since my house is close by, I had in the past been in charge of lecturing political introduction to the teachers who came for retraining here. Sometimes I could not finish my lecture during the day, and we continued to do it at night. There was no electricity like we do today. We had a small generator whose sound got into our class. Sometimes the engine operator forgot to refuel […]

(2) There are now three levels of teacher training: national, sub-national, and regional

At that time, the teachers we chose did not have pedagogical skills in teaching. Although we had brought them in for short-term training, most of the rural teachers’ knowledge were slightly above those of their students […] through our efforts, an education system has been put in place to train and retrain teachers. There are now three levels of teacher training. At the national level, we have the National Institute of Education here. At the sub-national level, we have the regional level, where teachers will receive training in the 12 (years) plus 1 (year of pedagogical training) […] and in addition, we have the provincial pedagogical schools for teachers training as well. All the three levels (of teachers training/retraining facilities), each year release a large number of teachers. The national level turned out not many, but the regional and provincial levels do a large number. Otherwise, we cannot respond with student growth. Now, most of the former teachers from 1979-1980, or 80s, are retired and replaced by new teachers, whom we trained in an orderly manner […]

(3) Previously, the community provides for construction of schools

[…] If we look back at the time when Cambodia was under the French, even I was not born yet, and under the Sangkum Reastr Niyum era, we used the combination of the state and the people’s efforts as a method to allow for a good expansion of education. The government at that time provided only teachers, and there could be a small amount of school construction. However, most often than not, especially primary schools in villages/communes, the community did everything […] in the wartime, we do not need to say. There were only a few schools in some towns or cities occupied by the Lon Nol regime […] and under the Pol Pot regime, schools were destroyed. We rehabilitated schools and education after the fall of genocidal regime of Pol Pot […] some of our students studied under the Buddhist monks’ wooden tilted residences where there were no monks then. Some studied under tilted houses as there were not many schools opened yet […]

(4) Tell foreigners who like to discipline Cambodia – “do not make the third mistake”

Our country (at that time) was under sanction. For this, I had to go back. I always told foreigners who like to discipline Cambodia – “please! do not make the third mistake” (on Cambodia) […] the first mistake you made was, while claiming to be a democracy, supporting the Lon Nol’s military coup to overthrow Samdech Preah Norodom Sihanouk and plunged my country at war […] what does that mean? Democracy is up to your mouth […] the second mistake you did was supporting the Khmer Rouge at the United Nations from 1979-1991, beknowing that the Khmer Rouge killed the people. Why you supported the Khmer Rouge at the United Nations? (Based on these testimonies) I have always warned them not to make a third mistake on our country […]

(5) Never apologize or regret supporting the coup and the support the DK in the UN

The so-called sanctioned country is that no development aid is provided. They can provide primary aid in the form of food, medicine, but not development assistance such as books, chalk, study materials […] however, the fact has proven that their punishment was ineffective, and cannot stop the efforts of the Cambodian people, who have escaped the killing regime […] witnessing their mistakes, they never apologize or even express regret for supporting the Lon Nol in the coup or for supporting the Khmer Rouge at the United Nations. They just do not say it. No matter what they do to entice Cambodians to forget, the Cambodian people will not easily. Well, what we earnt easily could easily lose. What we earnt with difficulties we try very hard to protect it […]

(6) Cambodia has a population growth of more than 300,000 per year

Some old schools are even more difficult to repair. We have to build new ones […] (those schools I built initially have been) in use for for more than 20 years […] now those schools are in gradual damages and we need to replace them with new buildings with higher quality for the sake of keeping our students and teachers in good health […] along with efforts to replace old and dilapidated school buildings, let us not forget that we have an additional population of more than 300,000/year. The 300,000 figure is calculated based on the total population of only 16 million, whereas the Worldometer website at the time of Covid-19, put the figure at more than 17 million people […] in 1979, we had a population of around 5 million, and Laos had 5 million too. Now that Laos has recorded its population to over 7 million people, we have 17 million […]

(7) The Santuk Statement 2002 – one secondary school at least for a commune

Increasing population requires more schools. Nowadays, schools are looking for students, not students looking for schools like in the past. I used to talk about the fact that when I was 13, I had to leave my parents to find a school (in the city). Now there is no need to do that. The 2002 statement that I declared that a commune must have a secondary school […] has now reached the stage where one commune should have at least one secondary school […] as a result, school dropout rates are declining […] I hope that the teachers (will work harder to learn) to ensure that their status will change (from teaching at the primary level to secondary and higher levels), as in the case of the two teachers (whom I met) outside […] We will need to invest more in building schools and school buildings, and building teachers’ homes/hostels. In this way, with money given for their functions as teachers, we can attract teachers because we have a house for them to stay […]

(8) Having been in the government without interruption – winning three records

[…] For the (communal) election in 2027, I could be thinking of running for commune chief once […] I wanted to try it out for a few months before resigning […] I want to try it when I leave the post of Prime Minister. It could be a possibility for me to run for commune head position. I can give it a try for 4 to 5 months to see how the commune chief and clerks work? What complaints could there be? […] I have been in power in the government without interruption from January 8, 1979 until now […] from the Minister, Deputy Prime Minister and Prime Minister. More than 38 years as Prime Minister, plus 44 years as Deputy Prime Minister and Minister. There has not been such a case in the world. I won three records. The first record is the youngest foreign minister in the world. The second record is the youngest prime minister in the world. The third record is the longest-serving prime minister in the world. Those who wanted to be the Prime Ministers are felling tight chest […]

(9) From the age of 25, serving only the people, not believing in politicians

[…] When I retired in politics, I will give talks […] students or politicians, researchers (can ask me questions like) how do you do it […] I started my political career as a leader from the age of 25. From the age of 18 to the age of 25 is the stage when I served as a soldier. From the age of 25, I was determined not to listen to anyone but the people, whom I could serve. Other than that, I do not believe in any politicians. While the country was in peace, they launched a coup d’etat. I joined them in the (struggle, when they had victory,) they killed the people […] (I did) start withdrawing myself. I have never made anyone my boss. No one can come and pretend to be Hun Sen’s boss. From June 20, 1977 until now, no one came and claimed to be Hun Sen’s boss. Hun Sen is otherwise the boss is more like it. You may ask Samdech Men Sam An [..]

(10) Will teach three theories to CPP officials to analyze the situation

[…] Given the observation that the analytical skills of some officials seem to be weak, I am thinking that in the future the CPP may organize training courses […] for which I will teach myself three basic theories used in analyzing situation. Firstly, the dialectical materialism, […] secondly, the historical materialism, […] and thirdly, the leadership and working methodologies that I wrote in 1983, and that I taught senior officials […] it is like learning the diagnosis by a doctor – if the analysis of the disease is not correct, how can you give the patients correct medicine? The case of politicians is the same – wrong analysis, wrong measures […]

I use three methods for analysis. The first method is dialectical materialism. The second method is historical perspective, and the third method is based on logic. Combined these three together, Hun Sen rarely evaluates the situation wrong. I am not bragging, but the party respects my assessment of the situation. You all know that when the assessment is wrong, the wrong measures are taken. Let us compare it with doctors. For malaria, with wrong diagnosis, a medical person prescribes something for stomach ache, that would be a fatal decision […] I saw the weakness of the opposition, their weakness of analyzing and evaluation the internal situation of the CPP. They were never right. That’s why I told my colleagues to let them misjudge us […]

(11) Bouyoung provides funding to buy 1,000 buses and builds a health university

[…] President of the Bouyoung Company […] handed over 200 buses to Phnom Penh Capital Hall. Seeing the effectiveness of the buses he provided us in transporting people during the Khmer New Year […] he met with me and asked to provide 1,000 more buses […] he would like to hand over the money to Cambodia to order the buses […] in his own words – he will not to take the return on investment from Cambodia (to Korea) but keep it here to help expand jobs availability and help the social works of the Cambodians. Is it not a good thing? Yesterday, he also proposed to build here a university of health science […]

(12) Budget allocation for education includes salaries, school and dormitory buildings

[…] The annual budget allocation for the education sector is not just for issues related to salary increases. I mean we have to focus on schools building in places of dilapidated buildings. On the one hand, we have to build more new schools and buildings to meet the growing needs of students, and on the other hand, the homes of teachers and students. I am calling on all stakeholders to participate in this process. I want to see Cambodia having good schools […] in the era of the state of Cambodia, our government officials received nine items ranging from salt, fish sauce, rice, soap to kerosene among other things. That was the generation that we had no electricity but kerosene lamps, if we reminisce about teaching at that time. One teacher I asked just now has a salary of up to 1.87 million (Riel) […]

(13) Equitable economic growth through investments in education, health, and infrastructures

The past […] has taught us many lessons […] strengthened Cambodia’s human resource capacity building efforts. Do not let Cambodia be as unfortunate as when I was 13 years old, and had to leave my parents (seeking education) […] it is in this regard that at the stage where I was able to lead the country, I tried to work in the field of education and bring its access to the grassroots with infrastructure. Connectivity – good roads and safety makes it easier for students to get to school. As a policy framework, to share the fruits of equitable economic growth we must invest in education, health, and invest in what the people need such as roads/bridges […]

(14) Spending US$ 7million on food/accommodation for SEA Games athletes

Some criticized us from abroad that while we have money, and people cannot earn money, why we do not charge money from the athletes to compete in the SEA Games event (this year held in Cambodia). You abroad think the way you do. I think the way I do. With only 10 days left, the SEA Games will start and this time everything (for athletes and coaches are going to be) free. Look, that Cambodia has to spend about US$ 7million more on accommodation and food for foreign players and coaches, with their fans coming to visit Cambodia, what benefits will Cambodia get. If we collect the fees, it does not make Cambodia any richer. If we do not collect the fee, we give a lot of people the opportunity to come to Cambodia and get to know Cambodia […]./.

No comments:

Post a Comment