Thursday, November 26, 2020

កិច្ចប្រជុំពិភាក្សាជាមួយអង្គភាពប្រឆាំងអំពើពុករលួយអំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១ ធ្នូ ២០២០

 កំពង់ចាម៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ អំពីការសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១ ធ្នូ ២០២០ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ដឹកនាំដោយលោក ស្រ៊ិន សុវណ្ណ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាល មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានត្រៀមជាស្រេចក្នុងត្រៀមរៀបចំដំណើរការនៃការប្រឡង ដោយធ្វើយ៉ាងណាធានា និងការទទួលខុសត្រូវឱ្យការប្រឡង ប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផលជាផ្លែផ្កា។ ក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្ត ត្រូវចាត់វិធានការក្នុងការទប់ស្កាត់ដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន។ តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្រោមពាក្យស្លោក « អ្នកចេះ ប្រឡងជាប់» បានធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទ ផ្នត់គំនិតរបស់សិស្សានុសិស្ស។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ខេត្តកំពង់ចាម មានមណ្ឌលប្រឡងចំនួន១២មណ្ឌល ក្នុងនោះ ក្រុងកំពង់ចាមចំនួន ០៨មណ្ឌល ស្រុកជើងព្រៃ ចំនួន ០២មណ្ឌល ស្រុកកំពង់សៀម ចំនួន ០២មណ្ឌល ដែលមានថ្នាក់វិទ្យាសាស្រ្តចំនួន ៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ចំនួន ០៧មណ្ឌល មានបេក្ខជនសរុបចំនួន ៧.៨១៨នាក់ ស្រី៤.៤៥៨នាក់៕







No comments:

Post a Comment