Thursday, November 26, 2020

កិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

 ព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាព និងនាយកទីចាត់ការសាលាខេត្តព្រះសីហនុផងដែរ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ផ្លូវលេខ២០០ មានទីតាំងស្ថិនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋធ្វើការសាងសាង់សំណង់រំលោភលើដីចំណីផ្លូវមានចំនួន ១២៨ខ្នងផ្ទះ ស្មើនឹង ១៥៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ២៥គ្រួសារ ផ្ទះជួល ៣៥គ្រួសារ ផ្ទះបិទទ្វារចោល ៥៩ខ្នងផ្ទះ ផ្ទះលក់ឱ្យជនបរទេសចំនួន ០៣ ខ្នង ដីទំនេរចំនួន ០២ ឡូតិ៍ សំណង់គ្រោងដែក ០២ និងសំណង់បេតុង០២។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាមរបាយការណ៍របស់អាជ្ញាធរក្រុងគឺប្រជាពលរដ្ឋចំនួន ១៥៣គ្រួសារ បានសាងសង់ផ្ទះលើដីចំណីផ្លូវលេខ២០០ ដែលជាដីសាធារណ:របស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ និងយកទៅជួលបន្តឱ្យតតីយជនក្នុងនោះមានជនបរទេសជាដើមដោយបើកអាជីវកម្មផ្សេងៗក្នុងនោះឃើញអាជីវកម្មមួយចំនួនមានដូចជាកោសជប់ ម៉ាស្សា និងការលួចបើកបម្រើសេវាកម្មផ្លូវភេទជាដើមដែលទង្វើនេះវាផ្ទុយនឹងច្បាប់របស់រដ្ឋ និងប៉ះពាល់ផលប្រយោជន៍សាធារណ: និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ យោងតាមមាត្រា២៥៩ នៃច្បាប់ភូមិបាល ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥.០០០.០០០រៀល (ប្រាំលាន) ដល់៥០.០០០.០០០រៀល (ហាសិបលាន) ឬ/និងផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំដល់៥(ប្រាំ) ឆ្នាំ។ រដ្ឋបាលខេត្ត មិនអនុញ្ញាតិឱ្យជនណាយកផ្លូវនេះធ្វើជាប្រយោជន៍បុគ្គលនោះឡើយហើយនៅក្នុងផែនការ ផ្លូវលេខ២០០នេះ រដ្ឋបាលខេត្តនឹងរៀបចំពង្រីកនិងកែលម្អសោភ័ណភាពទុកជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុទាំងមូល។

លោកអភិបាលខេត្ត បានបញ្ជាក់ថាបន្ថែមថាផ្លូវលេខ២០០នេះជាចំណុចកណ្តាលរបស់ក្រុងព្រះសីហនុ ដែលចេញពីរង្វង់មូលតោពីរមានផ្លូវ ៦ខ្សែ ហើយយើងបានធ្វើការអភិវឌ្ឍបានចំនួន ៥ខ្សែហើយ។ ចំពោះមុខ រដ្ឋបាលខេត្តនឹងស្ថាបនាផ្លូវ២០០ ដោយពង្រីកទៅតាមទំហំនៅក្នុងប្លង់ជាលក្ខណៈប្រព័ន្ធ ដើម្បីកែលម្អសោភ័ណភាពផ្លូវនេះ ដោយសារវាស្ថិតនៅជាប់នឹងរបងមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុដែលអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនអ្នកជំងឺបានលឿនឆាប់រហ័សករណីមានការសង្រ្គោះបន្ទាន់ផងដែរ។

លោកអភិបាលខេត្ត បានបន្តថាការរៀបចំពង្រីកនិងកែលម្អសោភ័ណភាពផ្លូវលេខ២០០គឺក្នុងគោលបំណងធំចំនួន០៤ដូចខាងក្រោម៖
១. លើកស្ទួយសោភ័ណភាពទីក្រុង
២. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រយោជន៍សាធារណៈ
៣. លើកកម្ពស់ការផ្តល់សេវាសុខាភិបាល
៤. កាត់បន្ថយការយកទីតាំងសាធារណៈមកប្រព្រឹត្តអំពើអនាចារនិងដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។ល៕





No comments:

Post a Comment