Thursday, November 26, 2020

លោក លឹម សៀងហេង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ មកពីសង្កាត់ប្រាសាទ ក្រុងបាវិត

 ស្វាយរៀង៖ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុង និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនដល់ជនងាយរងគ្រោះ (ចាស់ជរា ជនពិការ គ្រួសារមានជីវភាពខ្វះខាត និង គ្រួសារមានជំងឺប្រចាំកាយ) សរុបចំនួន ២០គ្រួសារ មកពីសង្កាត់ប្រាសាទ ក្រុងបាវិត។

មានប្រសាសន៍ ក្នុងឱកាសនោះ លោក លឹម សៀងហេង បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានោះ ប្រធានកិត្តិយសអនុសាខាក្រុង បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស ក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ ឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានចែកជូនទាំង២០ គ្រួសារ ក្នុង១ គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១០កញ្ចប់ ទឹកត្រី ៣ ដប ទឹកស៊ីអ៉ីវ ៣ដប ត្រីខ ៥កំប៉ុង ទឹកផ្លែឈើ ២កំប៉ុង និងថវិកា ៤០,០០០ រៀល៕





No comments:

Post a Comment