Thursday, November 26, 2020

អភិបាលខេត្តក្រចេះ ផ្តាំផ្ញើទៅកាន់គរុសិស្ស ទើបបញ្ចប់ការបណ្តុះបណ្តាលត្រូវអប់រំកុមារឲ្យក្លាយជាសិស្សល្អ មិត្តល្អ ពលរដ្ឋល្អ ឱ្យសាកសមជាទំពាំងស្នងប្ញស្សី

 ក្រចេះ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា ១២បូក២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តក្រចេះ និងមានការចូលរួមពីសមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រី គ្រូឧទ្ទេស និងគរុសិស្សជំនាន់ទី៣៧-៣៨។

តាមរបាយការណ៍របស់លោក អេង សុខា នាយកសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តក្រចេះ បានបញ្ចាក់ថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាបន្ទុកដ៏ធំធេងរបស់យើងខ្ញុំទាំងអស់គ្នា ដែលជាគណៈគ្រប់គ្រងខិតខំតស៊ូ ព្យាយាមគ្រប់ការលំបាកដើម្បីឆ្លើយតប និងតម្រូវការសង្គម ពិសេសក្នុងការបម្រើសេវាអប់រំជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងបង្កលក្ខណឲ្យសិស្សានុសិស្សបានរៀនទាំងអស់គ្នា ប្រកបដោយគុណភាព ។

ជាក់ស្ដែងសាលា បានបណ្ដុះបណ្ដាលនៅសាលាគរុកោសល្យមានចំនួន៣៨វគ្គ ចេញទៅបម្រើការនៅតាមមូលដ្ឋានមាន៣៥វគ្គ មានគ្រួសរុបចំនួន ២១១៣នាក់ ស្រី១១៩៦នាក់។ នៅឆ្នាំសិក្សា២០១៩ ២០២០ បានប្រឡងបញ្ចប់វគ្គជំនាន់ទី ៣៧ សរុប៥៥នាក់ ស្រី៣៨នាក់ និងកំពុងបណ្ដុះបណ្ដាជំនាន់ទី៣៨ សរុប៥៤នាក់ ស្រី៣៧នាក់ ។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថ្លែងអំណរគុណ និងសរសើរចំពោះលោកនាយកសាលា និងគ្រូឧទ្ទេស ដែលបានខិតខំផ្តល់ការបង្ហាត់បង្រៀន ណែនាំដល់គរុសិស្ស ឲ្យបានទទួលការបណ្តុះបណ្តាលក្នុងការក្លាយខ្លួនជាគ្រូបង្រៀនល្អនាពេលខាងមុខ ដើម្បីបង្ហាត់បង្ហាញកុមារនៅតាមសហគមន៍។ ការងារគ្រូបង្រៀន គឺជាការងារគួរឲ្យគោរព និងថ្លៃថ្នូរ។ ពិសេសជាងនេះក្រោយបញ្ចប់វគ្គបំប៉ន មន្ទីរអប់រំ យុវជន និងកីឡានឹងទទួលបានគ្រូឧទ្ទេស ដែលមានសមត្ថភាពខ្ពស់ខាងផ្នែកវិធីសាស្ត្របង្រៀន ដើម្បើផ្ដល់ចំណេះដឹងដល់ក្មួយសិក្សានុសិស្សនៅតាមបណ្ដាមូលដ្ឋាន សហគមន៍ជនបទ ទូទាំងខេត្ត។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានផ្តាំផ្ញើទៅកាន់គរុសិស្ស ដែលទើបបញ្ចប់ការបណ្តុះបណ្តាល ពេលត្រលប់ទៅតាមមូលដ្ឋានវិញ ត្រូវអប់រំកុមារឲ្យក្លាយជាទំពាំងស្នងប្ញស្សី ជៀសវាងការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ និងកុមារ នៅក្នុងសហគមន៍របស់ខ្លួន ត្រូវខិតខំបន្តស្វ័យទិទៀន វាយតម្លៃខ្លួនឯងជាប្រចាំត្រូវបន្តការអភិវឌ្ឍខ្លួនដោយកសាងសមត្ថភាពតាមជំហានៗ ត្រូវមានវិធីសាស្ត្រល្អ និងមានសម្ភារក្នុងការបង្ហាត់បង្រៀនសិស្ស ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។

រាជរដ្ឋាភិបាលអាណត្តិទី៦ បានជំរុញឲ្យបន្តបោះជំហានទៅរកដំណាក់កាលថ្មីមួយទៀតនៃការអភិវឌ្ឍតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកំណែទម្រង់តាមគ្រប់រូបភាព។ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត គឺបានគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពការងារ របស់មន្ទីរអប់រំ យុវជន និងកីឡា ជាពិសេសសាលគរុកោសល្យ និងវិក្រឹតកា ជាគ្រឹះស្ថានសិក្សាដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលគ្រូបឋមសិក្សា។ បន្ថែមពីនេះ លោកក៏បានបង្ហាញការជឿជាក់ថា បុគ្គលិកអប់រំទាំងអស់ លោកគ្រូ អ្នកគ្រូ ពិសេសក្មួយៗ គរុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍបន្តលើចំណេះដឹងវិជ្ជាជីវៈ៕





No comments:

Post a Comment