Tuesday, May 26, 2020

ពិធីប្រារព្ធទិវាគ្រួសារ ១៥ឧសភា ក្រោមប្រធានបទ «គ្រួសារល្អ គឺជាកម្លាំងស្នូលក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធទិវាគ្រួសារ ១៥ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «គ្រួសារល្អ គឺជាកម្លាំងស្នូលក្នុងការលើកកម្ពស់សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលរៀបចំដោយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការជាមួយរដ្ឋបាលស្រុកបន្ទាយអំពិល នៅវត្តអំពិល និងវត្តឪឡោក ស្ថិតក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក អភិបាលស្រុកបន្ទាយអំពិល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្រ្តីរាជការ មេឃុំ មេភូមិ កម្លាំងប្រជាការពារនិងបងប្អូនប្រជាពលរដ្ឋ។
ការរៀបចំប្រារព្ធទិវានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយការលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏មានសារៈសំ​ខាន់​​នៃគ្រួសារដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានកូនចៅឱ្យក្លាយជាពលរដ្ឋល្អ និងគ្រួសារល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាពដែលជាកម្លាំងចលករមិនអាចខ្វះបានក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនឡើងថែមទៀត។
នៅក្នុងឱកាសនៃការប្រារព្ធទិវានេះ លោកអភិបាលរងខេត្ត ក៏បានរំលេចឡើងអំពីទិសដៅការងារបន្តរដ្ឋបាលខេត្តឧត្តរមានជ័យ ក្រោមការដឹកនាំរបស់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងបន្តនូវការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ខិតខំប្រឹងប្រែងកែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈពិសេសលើសេវាសុខាភិបាលដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និងទារក ការស្វែងរកទីផ្សារលក់កសិផល ផលិតផល ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងដើម្បីកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋ និងការងារគៀងគរកុមារដល់អាយុឱ្យចូលសិក្សារៀនសូត្រកាត់បន្ថយអត្រាបោះបង់ចោលការសិក្សា។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អនៅតាមមូលដ្ឋានស្របតាមគោលការណ៍ «ភូមិ-ឃុំមានសុវត្ថិភាព»។ មួយវិញទៀត ការបង្ការការរីករាលដាលជំងឺកូវីដ១៩នៅតាមមូលដ្ឋាន ដោយត្រូវអនុវត្តការរក្សាអនាម័យ លាងសម្អាតដៃជាមួយសាប៊ូ និងអាល់កុលឱ្យបានញឹកញាប់ជាប្រចាំ។ មុននឹងបញ្ចប់ទិវានេះ ក៏មានការចែកជូននូវឃីតដល់គ្រួសារ សរុបចំនួន១៨៣គ្រួសារ៕


No comments:

Post a Comment