Tuesday, May 26, 2020

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ២

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ២ ដោយមានការចូលរួមពីលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផងដែរ។
លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឃន៍តំបន់ឆ្នេរអូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណ្ឌភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ: ការការពារបរិស្ថានសណ្តាប់ធ្នាប់ អនាម័យល្អ ជួយលើកកម្ពស់សេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយចិរភាពឱ្យមានវិសាលភាព មានដូចជា៖ ក្រាលការ៉ូឡាកន្លែងចតរថយន្ត, រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ, ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង, តំឡើងបង់អង្គុយលេង, សាងសង់បន្ទប់ទឹកថ្មី, រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់, រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ, រៀបចំសួនកុមារ, ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរលោកស្រីម៉ៅ មានប្រវែងប្រមាណ ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណ: បំរើឱ្យសាធារណ:ជន។ លោកថា កាលណាបាត់បង់ឆ្នេរ នោះយើងនឹងបាត់បង់ភ្ញៀវទេសចរ។
លោក គួច ចំរើន បន្តថា ការសិក្សារៀបចំឆ្នេរសមុទ្រតាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឱ្យបានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំឱ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោកអភិបាលខេត្តព្រះសីហនុបញ្ជាក់ថា ឆ្នេរអូរត្រេះ២នេះ មិនអនុញ្ញាតឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ៕

No comments:

Post a Comment