Tuesday, May 26, 2020

លោក ផាន់ ចាន់ធុល៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ពលរដ្ឋគ្រប់ៗរូប

ប៉ៃលិន៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរខេត្តប៉ៃលិន ដែលដឹកនាំដោយលោក ផាន់ ចាន់ធុល អភិបា​លខេត្ត រួមដំណើរដោយ លោកស្រី ស៊ុ ហៀង សភាពាណិជ្ជកម្មខេត្ត និងព្រះមេគណខេត្ត ទាំង២គណៈ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ចំនួន ៣០គ្រួសារ នៅភូមិពេជ្រគីរី និងភូមិអណ្តូងថ្ម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីរងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយសារការព្រួយបារម្ភជាខ្លាំង ចំពោះជម្ងឺកូវីត-១៩ គឺធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច គ្រួសាររបស់ប្រជាពលរដ្ឋ ហើយជាក់ស្តែងនៅថ្ងៃនេះ អាជ្ញាធរខេត្ត សហការជាមួយព្រះមេគណខេត្តទាំង២គណៈ និងសប្បុរសជន បាននាំយកអំណោយមកឧបត្ថម្ភដល់បងប្អូន ហើយបើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែក៏អាចដោះស្រាយបានមួយកំរិតផងដែរ។
ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត ដូចជាការបង្ករបង្កើនផលដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រូសារឱ្យបានកាន់តែច្រើន ដើម្បីបង្កើនជីវភាពឱ្យបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់ពេលនៅកន្លែងសាធារណៈ និងលាងសម្អាតដៃឱ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីត ១៩។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការជួយគ្នាក្នុងគ្រាលំបាកគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ជាដើម ជាពិសេសបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៣០គ្រួសារ ដែលលបានទទួលអំណោយពីអាជ្ញាធរខេត្ត និងព្រះសង្ឃ ព្រមទាំងសប្បុរសជន ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២០គីឡូក្រាម មី ១កេស ឃីត ១កញ្ចប់ (ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង) និងថវិកា ចំនួន ២ម៉ឺនរៀលផងដែរ៕


No comments:

Post a Comment