Wednesday, April 08, 2020

ទស្សនៈមិត្តអ្នកអាន៖ រដ្ឋាភិបាលគិតគូរពីផលប្រយោជន៍ប្រជាជនកម្ពុជាជាធំក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជាប្រទេសក្នុង​តំបន់និង​ក្នុង​ពិភពលោក​និយាយរួមបាន​និង​កំពុង​សកម្ម​ក្នុង​ការ​ប្រ​យុ​ទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង COVID-19។ ប្រទេសខ្លះ​បាន​ប្រកាស​ដាក់​ប្រទេស​ស្ថិត​ក្នុងគ្រាអាសន្ន ប្រទេស​ខ្លះបិទ​ទីក្រុង បិទទី​ប្រជុំ​ជន ហាម​ការ​ជួប​ជុំប្រមូល​ផ្តុំ​តាម​ទីសាធារណៈហាម​ការ​ជួប​ជុំ​ជាលក្ខណៈ​ឯកជន​ពិសេ​ស​ការ​​​ចល័ត​ពី​តំបន់​មួយ​ទៅ​តំបន់មួយ និង​ហាម​ដើរហើរ​ជា​ដើម​បើ​គ្មាន​ការ​ចាំ​បាច់​ ​ដែលវា​នាំឲ្យ​​មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការ​ឆ្លង​រី​ក​រាលដាល​នៃជំងឺ COVID-19។
វិធានការ​ដែល​រដ្ឋ​នីមួយ​ៗបាន​ដាក់​ចេញ ហើយ​បាន​កំពុង​អនុវត្ត គ្មាន​អ្វី​ដែល​ចម្លែកនោះ​ឡើយ ក្នុង​កាលៈ​ទេ​សៈ​ដែល​ពិភពលោក​កំពុង​ប្រឈមនឹងការ​ឆ្លង​​រាតត្បាត​នៃ​ជំងឺ​សកល​​ដ៏កាច​សាហាវនេះ។ ដូចគ្នា​នេះដែរ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ គឺ​ជា​រឿង​ល្អបំផុតដើម្បី​ទប់​ស្កាត់​ការឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ COVID-19 ដែល​មិន​គួរ​ក្រុមអ្នក​នយោបាយ​ប្រឆាំងផ្កាប់​មុខ​​រិះគន់​វាយ​ប្រហារ​​ថា រដ្ឋាភិបាល​កម្ពុជា អមនុស្ស​ធម៌​ក្នុង​ការ​បដិ​សេធ​ពលរដ្ឋ​ខ្លួន​នៅ​ប្រទេសម៉ាឡេស៊ី​មិន​ឲ្យ​វិល​ចូល​ស្រុក​វិញ​នោះ​ឡើយ។
អ្វីដែល​ជា​ការ​លើកឡើង​របស់​ក្រុម​ប្រឆាំង​ផ្កាប់​មុខ​មួយ​តំបស្វានេះ គេ​មើល​យ៉ាង​ច្បាស់ថា គឺ​ជាការ​ឆ្លៀតឱ​កា​ស​​កេង​ចំណេញខាង​ផ្នែកនយោបាយតែប៉ុណ្ណោះ ពួកគេ​គ្មាន​ចេតនា​ពិត​ប្រាកដចង់​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ីនោះ​ឡើយ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​​នៅក្នុង​ស្រុក​ជាង ១៦លាន​នាក់​នោះ​ដែរ​​។ គ្មាន​ចេតនា​ពិត​ប្រាកដ​ ដោយ​សារ​ថា ជំងឺឆ្លង​សកល​ដែលកំពុង​រាតត្បាត​ពាសពេញ​សកល​លោក ហើយ​ដែល​កម្ពុជា​​កំពុង​ប្រយុទ្ធ​ប្រឆាំង​​ ពួក​គេ​បែរ​ជា​សម្ងំ​សោយ​សុខធ្វើ​​មិន​ដឹង​មិន​ឮ​អំពី​ទុក្ខ​លំបាក​របស់​ប្រជាពល​រដ្ឋ​​ខ្មែរក្នុង​គ្រា​អាសន្ន​នេះ​ បែរ​ជា​ចង់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ឆ្លង​ជំងឺ​ដ៏កា​ចសាហាវ​នេះ​ទៅវិញ។
ពួកគេ​សប្បាយ​ចិត្តណាស់​ នៅ​ពេល​ដែល​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរដេកដួល​លើ​ដី ខ្សល់គ ឬគ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​​ជា​ដើម ពួកគេ​តែង​យក​រូប​ភាព​ទាំង​អស់​នេះ​មកផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គមនិង​ធ្វើ​ការ​អត្ថាធិ​ប្បាយ​​​បំ​ប៉ោ​ង បំភ្លៃ បំផ្លើស​ថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​ជំងឺ​ COVID-19 ជា​ច្រើន​នាក់។ ការផ្សព្វផ្សាយ​របស់​ក្រុម​ប្រ​ឆាំង​ រួម​ទាំង​ការ​សរសេរ​​បន្លាចផង​នោះ បានធ្វើ​ឲ្យ​មានការ​រើស​អើង​ដល់ជន​​រងគ្រោះ ​​ដោយ​សារ​ខ្យល់​គរ ឬសន្លប់​បាត់​ស្មារតីដោយ​សារ​ប្រការ​​ណា​មួយដែល​មិន​ពាក់​ព័ន្ធ​ទាល់​តែ​សោះ​នឹង​ជំងឺ COVID-19 ពោល​គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មើល​មុខ​គ្នា​លែង​ចំ​។
យ៉ាង​ណា​មិញ​ ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា​អមនុស្ស​ធម៌ចំពោះ​ពលរដ្ឋ​ខ្លួន​ជាង ១០០នាក់​នៅ​ម៉ា​ឡេ​ស៊ី គឺ​ជាការ​ចោទ​ប្រកាន់​ទាំងងងើលដោយ​មិន​ឈរ​លើបរិបទដែលពិភពលោក​កំពុង​ជួប​គ្រោះ​អាសន្ន ហើយ​​​រួម​​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សកល​នេះ។ ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ការ​យោគយល់​ចំពោះ​ការ​ចង់​វិល​ត្រឡប់​ចូល​ស្រុក​វិញ ដោយ​សារ​ថា ជំងឺ​ឆ្លង​រាតត្បាត​សកលCOVID-19 ត្រូវ​បង្ខំ​​ឲ្យ​មនុស្ស​ត្រូវ​នៅ​ដាច់គ្នា​ ហាម​​ឃាត់​ការ​ធ្វើ​ដំណើរ​ផ្សេងៗ ហើយ​ត្រូវ​ស្ថិត​នៅទីកន្លែងមាន​សុវត្ថិភាព និង​ជា​ពិសេស​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​តាម​ការអំពាវនាវ​របស់​ក្រសួង​សុខាភិបាល ដើម្បី​គេ​ច​ផុត​ពី​ជំងឺ​ឆ្លងសកល​នេះ។ ទន្ទឹ​ម​​គ្នា​នេះដែរ រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​បាន​ស្នើ​សុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ខ្លួន​រស់នៅ​ប្រទេស​ផ្សេង​ៗ​វិល​ចូ​ល​ស្រុក​វិញ​ដែរ ដោយ​រង់ចាំ​ពេល​វេលា​សម​ស្រប​ណា​មួយ​ទើ​បអនុញ្ញាតឲ្យ​ចូល។
​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី មិនមែន​ជា​រឿង​ថ្មី ឬ​ដាច់​ដោយ​ឡែក​ ឬក៏ជា​ករណី​ពិសេស​អ្វី​ឡើយ ពី​ព្រោះ​និស្សិត​ខ្មែរ​ដែលកំពុង​សិក្សា​នៅ​ប្រទេស​ចិន ស្ថិត​ក្នុង​ទីក្រុង​វូហាន ខេត្ត​ហ៊ឺបិយ ​​ជា​កន្លែង​ផ្ទុះ​ជំងឺ COVID-19 ដំបូង ក៏​ត្រូវបាន​រដ្ឋាភិបាល​ស្នើ​សុំឲ្យ​ពួកគេ​នៅ​ទីនោះ​សិន​ដែរ ពី​ព្រោះ​ថា ស្ថាន​ទូត​ខ្មែរ​នៅ​ទី​នោះ​បាន​ត្រៀមលក្ខណៈ​ការពារ​ពលរដ្ឋ​ខ្លួន​រួចហើយ ពិសេសទទួល​បាន​ការយកចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​ចិន​ផង​ដែរ។ ដូចគ្នា​នេះដែរ និស្សិត​ខ្មែរ​ដែលកំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ក៏​រដ្ឋាភិបាល​ស្នើ​សុំ​ឲ្យ​ពួក​គេ​នៅ​ទីនោះ​សិ​ន​ដែរ ហើយ​ត្រូវ​ចេះ​ការ​ពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​សកល​នេះ។
ជារួម រាជរដ្ឋាភិបាល​កម្ពុជា​ បាន​គិត​គូរគ្រប់​ជ្រុងជ្រោយ​ច្បាស់​លាស់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ COVID-19 ដែលកម្ពុជា​ផ្ទាល់ និង​ពិភពលោក​កំពុង​ជួប​គ្រោះ​អាសន្ន។ រដ្ឋាភិបាល​តែង​បានគិត​គូរ​ពី​សុខ​ទុក​របស់​ប្រ​ជា​ព​ល​រដ្ឋ​កម្ពុជា ទោះ​ម្នាក់ ពីរនាក់ក្តី។ ជាការពិត ពលរដ្ឋ​ខ្មែរទោះ​ជាម្នាក់ ឬពីរនាក់​ក្តី គឺមាន​តម្លៃ​ និងមាន​សារៈ​សំ​ខា​ន់​សម្រាប់​រដ្ឋាភិបាល និង​ប្រទេស​ជាតិ តែអំឡុង​ពេល​វិបត្តិដែល​កំពុងជួ​បប្រទះនេះ និង​ក្នុង​កាលៈ​ទេ​សៈ​ដែ​ល​​រដ្ឋាភិបាល​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សកល​ COVID-19 គឺស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​កុំ​ចល័ត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ក្នុង​ន័យ​ការ​ពារ​ខ្លួនពីការ​ឆ្លង​ជំងឺ COVID-19 ពិសេស​ស្នើ​សុំ​ការ​យោគ​យល់​ពី​បង​ប្អូនខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ផ្អាក​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​សិន ​​រង់​ចាំ​ពេល​វេលា​សម​ស្រប​ណា​មួយ និង​ត្រូវ​ស្ថិត​នៅកន្លែង​ដើម​ដដែល ចៀស​វាងការ​ឆ្លងជាយថាហេតុ​ណា​មួយ ពិសេស​ត្រូវ​អនុវត្ត​វិធានការ​អនាម័យ​តាម​ការ​អំពាវនាវ​របស់​ក្រសួង​សុខាភិបាល​៕

ដោយ៖ សុខ សុវណ្ណ

No comments:

Post a Comment