Wednesday, April 08, 2020

ដំណឹងរីករាយ! អ្នកជំងឺកូវីដ-១៩ ម្នាក់នៅក្រុងប៉ោយប៉ែត បានព្យាបាលជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លោក អ៊ុ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ និងជូនដំណើរអ្នកជំងឺកូវីដ-១៩ ម្នាក់ ជាជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ដែលទើបព្យាបាលជាសះស្បើយដោយក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្រឡប់ទៅលំនៅដ្ឋានវិញដើម្បីរស់នៅជួបជុំគ្រួសារ។
ក្នុងឱកាសនោះ ដើម្បីជាការចូលរួម និងលើកទឹកចិត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភថវិកា ចំនួន ១,៥០០,០០០ (មួយលានប្រាំសែន) រៀល និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥០០,០០០ (ប្រាំសែន) រៀល សរុបចំនួន ២,០០០,០០០ (ពីរលាន) រៀល ប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនជូនដល់បុរសជាអ្នកជំងឺកូវីដ-១៩ (COVID-19) នោះផងដែរ។
អ្នកជំងឺកូវីដ-១៩ (COVID-19) ម្នាក់ដែលមានលេខកូដ nCoV-5256 ជាជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ដែលបានសម្រាកព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត ក្រុមការងារគ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលបានឧបត្ថម្ភ គាំពារ ព្យាបាល ថែរក្សាយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

ផ្អែកតាមមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ (COVID-19) ដែលមានលេខកូដ nCoV-5256 ចំនួន ០១នាក់ ជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ រហូតមក បានបង្ហាញលទ្ធផលថា អ្នកជំងឺកូវីដ-១៩ ខាងលើ មានលទ្ធផលអវិជ្ជមានចំនួនពីរលើកក្រោយពីបញ្ជូនសំណាកវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីត្រួតពិនិត្យលើកទី៣ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ និងបានទទួលលទ្ធផលនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ០៩:០០នាទីព្រឹកដូច្នេះបុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីមានការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាជនជាតិថៃ បានជាសះស្បើយទាំងស្រុង ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ និងផ្អែកតាមគោលការណ៍ណែនាំជាតិ ស្តីពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល៕



No comments:

Post a Comment