Wednesday, April 08, 2020

ទស្សនៈមិត្តអ្នកអាន៖ រាជរដ្ឋាភិបាលនៅតែបន្តគិតគូរពីជីវភាពរបស់កម្មករនិងការលំបាករបស់រោងចក្រជានិច្ច !

តាំង​ពី​មាន​ការ​ផ្ទុះ​រាល​ដាល​នៃ​មេរោគ​​Covid-19​ កាល​ពី​ចុង​ឆ្នាំ​២០១៩មក​សេដ្ឋកិច្ច​ពិភព​លោក​​បាន​ចាប់​ផ្ដើម​ទ្រុឌ​ទ្រោម​ខ្លាំង​មែន​ទែន​ ហើយ​រហូត​​មក​​ទល់​​ពេល​​នេះ​​​បញ្ហា​​មេរោគ​​ឆ្លង​​នេះ​​​នៅ​​តែ​​បន្ត​​រីក​រាល​ដាល​​កាន់​​តែ​​ខ្លាំង​​នៅ​​ជុំ​​វិញ​​ពិភព​​លោក​​។ អង្គការ​មូល​​និ​ធិ​​រូ​បិយ​​វត្ថុ​​អន្តរ​​ជាតិ​​IM​Fក៏​ដូច​ជា​ធនាគារ​ពិភព​លោក (​​World Bank)​ សុទ្ធតែ​បាន​អះ​អាង​ថា ​​ជំងឺ​រាត​ត្បាត ​​Covid​-19 ​​នឹង​​បង្ក​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ចសកល​នៅ​ក្នុង​ឆ្នាំ​២០​២០​នេះ​​ហើយ​ដែល​វា​​អាច​​នឹង​​ធ្ងន់​ធ្ងរ​​ជាង​​វិបត្តិ​​ហិរញ្ញ​វត្ថុ​​សកល​​កាល​​ពី​​ឆ្នាំ​​២០០៨-២០០៩ទៅ​ទៀត​។​ ប៉ុន្តែ ​ស្ថាប័ន​ធនាគារធំៗ​ទាំង​នេះក៏​បាន​បញ្ជាក់​ដែរ​ថា​ សេដ្ឋកិច្ច​ពិភព​លោក​ អាច​នឹង​ងើប​ឡើង​វិញ​នៅក្នុង​ឆ្នាំ​២០២១។​
ស្ថិ​ត​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ ​ការចំណាយ និង​ការ​ខូច​ខាត​នៃ​ជីវភាព​​របស់​​មនុស្ស​​ចំពោះ​ការ​រីករាល​​ដាល​​នៃ​មេរោគ Covid-19​នេះ​​ គឺ​​មិន​អាច​វាស់​ស្ទង់​បានទេ ហើយប្រទេស​ទាំង​អស់​​ត្រូវ​​ការ​​​ធ្វើ​ការ​ងារ​​​​រួម​​គ្នា​​ និង​មាន​វិធាន​ការ​ពិសេស​ដោយឡែក​ពី​គ្នា​សម្រាប់​ប្រទេស​នីមួយៗ​ ដើ​ម្បី​ការ​ពារ​ប្រជាជនរ​ប​ស់​​ខ្លួន​និង​​កំណត់​​ការ​ខូច​ខាត​ខាង​​សេដ្ឋ​កិច្ច​ ដើម្បី​មាន​វិធាន​ការ​ឆ្លើយ​តប​នឹង​គ្រោះ​ដ៏​កាច​សាហាវ​នេះ​។​
សម្រាប់​ប្រទេស​កម្ពុជា​ផលប៉ះពាល់ដោយសារជំងឺ Covid​-19 នេះ​ក៏​មាន​ដូច​ប្រទេស​នានា​ក្នុង​ពិភព​លោក​ដែរ ​ប៉ុន្តែ​កម្រិត​នៃ​ផល​ប៉ះ​ពាល់​នេះ​នៅ​មិន​ទាន់​វាយ​តម្លៃ​បាន​នៅឡើយ​នោះ​ទេ​។​ ​​ទោះ​ជា​យ៉ាង​​ណា​​ រាជ​​រដ្ឋាភិបាល​​ក៏​បាន​ត្រៀម​បម្រុង​នូវ​​ចំណាត់​​ការ​​ធំៗ​​រួច​ជា​ស្រេច​ផង​ដែរ​​។​ វិស័យ​ដែល​បាន​ប៉ះពាល់ខ្លាំង​ជាង​គេ​ គឺ​ឧ​ស្សា​ហកម្ម​ និង​សេវា​កម្ម​ ក្នុង​នោះ​កម្មករ​នៅតាម​រោង​ចក្រ​ និង​អ្នក​ធ្វើ​ការ​នៅក្នុង​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​យក​ចិត្ត​ទុក​ដាក់​បំផុត​។​ ដោយ​សារ​តែ​រោង​ចក្រ​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ​ ដោយ​មូល​ហេតុ​​ខ្វះវត្ថុធាតុដើម និងដោយសារបញ្ហាអ្នកបញ្ជាទិញនៅ​តំបន់​អឺរ៉ុប​ និង​អាមេរិក​បាន​ផ្អាក​ រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៧០​ដុល្លារ​ក្នុង​មួយខែ​ដល់​កម្មករ​ម្នាក់​ៗ​ ដែល​​ក្នុង​​នោះ​​ពី​រាជ​រដ្ឋា​ភិ​បាលចំនួន​​៤០​ដុល្លារ​ និង​ពី​ម្ចាស់​រោង​ចក្រ​ចំនួន​៣០ដុល្លារ ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការ​ហ្វឹក​ហាត់​ជំនា​ញ​ដូច​ពេល​មុន​ទេ​។​ ទោះ​បី​ជា​ថវិកា​នេះ​នៅ​មាន​កម្រិត​ក៏​ពិត​មែន​ ប៉ុន្តែ​នេះ​គឺ​ជាការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​រដ្ឋាភិបាល​ចំ​ពោះ​ជីវភាព​របស់​​បងប្អូន​កម្មករ​នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ និង​ពិភព​លោក​កំពុង​ជួប​ការ​លំបាក​នេះ​។​
ចំពោះ​​​វិនិយោគិន​លើ​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់​ និង​រោង​ចក្រ​នា​នា​ដែល​រង​ផល​ប៉ះពាល់​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ផ្តល់​នូវ​ភាព​អនុគ្រោះ​ជា​ច្រើនរួម​មាន​ការ​លើកលែង​ពន្ធ​ប្រចាំខែ​ នៅក្នុង​រយៈពេល​កំ​ណត់​មួយ​ ការ​លើក​ទឹក​ចិត្ត​ឱ្យ​មានការ​​​បង្វែរ​ការ​ផលិត​ជា​សំលៀក​បំពា​ក់​ មក​ផលិត​ម៉ា​ស​ ឬសម្ភារៈ​និង​ផលិត​ផល​សម្រាប់​ការ​ផ្គត់​ផ្គង់​តំរូវ​ការ​ក្នុង​ស្រុក​វិញ​ជាដើម​។ ​នេះ​ជា​មេរៀន​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រឹង​ខ្លួន​ឯង​ ពង្រឹ​ង​​​ភាព​ជា​ម្ចាស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។ ដូច្នេះ​ សម្រាប់​ក្រុមហ៊ុន​ និង​រោង​ចក្រ​ដែល​រង​ផល​ប៉ះ​ពាល់​ រាជរ​ដ្ឋា​ភិបាល​មាន​គម្រោង​​បង្វែ​រ​ទិស​ពី​ការ​ផលិត​ដើ​ម្បី​នាំ​ចេញ​ មក​ផលិត​សម្រាប់​ជំនួស​ឱ្យ​ការ​នាំ​ចូល​វិញ​ម្តង​។​
ជារួម​ គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ទោះ​ជា​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណា​ក៏ដោយ ​ក៏​រាជ​រដ្ឋាភិបាល​មិន​ដែល​បាន​​ទុក​​ឱ្យ​​ប្រជាជន​កម្ពុជា​ណាម្នាក់​ស្លាប់​ដោយ​អត់​បាយ​នោះ​ឡើយ​។ យ៉ាង​ណា​មិញ​ ទោះ​បី​ជា​ប្រទេស​ជាតិ​កំពុង​ជួប​នូវ​វិបត្តិ​នៃ​ជម្ងឺ ​Covid​-19 ដូច​ពេល​នេះ​ក្តី​ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​តែ​ខិតខំ​រក​វិធី​ដោះ​ស្រាយ​ជា​ថវិកាជូន​ដល់​កម្មករ​-កម្មការិនី​​ និង​សម្រាល​នូវ​បន្ទុកពន្ធដារ​ចំពោះ​វិនិយោគិន​ផង​ដែរ​។​ ដោយ​សារ​តែ​​វិបត្តិនៃ​ជម្ងឺ ​Covid​-19​ នេះ​បាន​ធ្វើ​ឲ្យ​រាជរដ្ឋា​ភិបាលសម្រេច​​កែ​សម្រួល​​នូវ​គោល​ន​យោ​បាយ​​ដូច​ជា​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​របស់​ស្ថាប័ន​ថ្នាក់​ជាតិ​ និ​ង​ថ្នាក់​ក្រោម​ជាតិ​ និង​ការ​បង្វែរ​មុខ​ព្រួញ​សេដ្ឋ​កិច្ច​ពី​វិបត្តិ​នៃ​វិស័យ​ឧស្សាហកម្ម និង​សេវា​កម្ម​ ទៅ​ជា​ការ​ជំរុញសេដ្ឋ​កិច្ច​​ដោយ​​វិស័យ​កសិ​កម្ម​​ដើម្បី​ធា​នា​សន្តិ​សុខ​ស្បៀង​ក្នុង​ស្រុក​វិញ​ម្តង​។​
ម្យ៉ាង​វិញ​ទៀត​ កម្មករ​-កម្មការិនី​ខ្មែរ​ គឺ​ខុស​ពី​កម្មករ​នៅ​បណ្តា​ប្រទេស​នានា​ ដោយ​ពួក​គេ​ទោះ​បី​ជា​កំពុង​ធ្វើ​ការ​នៅក្នុង​រោង​ចក្រ ឬ​នៅ​ក្នុង​វិស័យ​សេវា​កម្ម​ផ្សេងៗ​​ក្តី​ ក៏​ពួក​គេ​មិន​ដែល​ផ្តាច់​ចេញ​ពី​ការងារ​ជា​កសិករ​នោះ​ដែរ​។ ដូច្នេះ ​កម្មករ​កម្ពុជាក្រោយ​ពេល​ដែល​មាន​ការ​ពន្យារពេល​ពី​ការងារ​រោង​ចក្រ​​ក្នុង​រយៈពេល​ខ្លី​ នៃ​វិបត្តិ​ជម្ងឺ ​Covid​-19​ នេះ ​​ពួកគេ​នឹង​​ត្រូវ​​ផ្ទេរ​​ទៅ​ផ្សារ​ភ្ជាប់​នឹង​ក្រុម​គ្រួសារ​ជា​ក​សិ​ករ​វិញ​មិន​ខាន​។ មាន​ន័យ​ថា​ «រាជ​រដ្ឋា​ភិ​បាល​នៅ​តែ​បន្ត​គិត​គូរ​ពី​ជីវ​ភាព​របស់​កម្មករ​និង​ការ​លំបាក​របស់​រោង​ចក្រ​ជា​និ​ច្ច​» ៕

 ដោយ៖ យី វិសាល

No comments:

Post a Comment