Wednesday, October 09, 2019

លោក នាង ផាត អញ្ជើញចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន-អាស៊ាន លើកទី១១

ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃរាជជាណាចក្រជប៉ុន គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអញ្ជើញទៅកាន់ប្រទេសជប៉ុន កាលពីរាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំវេទិការអនុរដ្ឋមន្ត្រីការពារជាតិ ជប៉ុន-អាស៊ាន លើកទី១១ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។ នៅក្នុងកិច្ចប្រជុំវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន អាស៊ាន លើកទី១១នេះ នឹង មានការចូលរួមពីថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ប្រទេស និងអគ្គលេខាធិការអាស៊ានផងដែរ។
កាលពីរាត្រីថ្ងៃទី០៧ ខែតុលា មុននឹងចេញតំណើរទៅកាន់ប្រទេសជប៉ុន លោក នាង ផាត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអោយដឹងថា៖ វេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន លើកទី១១ នេះមានគោលបំណងចម្បង ដើម្បីផ្លាស់ប្តូរទស្សនៈប្រកបដោយភាពស្មោះត្រង់ លើបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែជិតស្និត រវាងមន្ត្រីជាន់ខ្ពស់ក្នុងវិស័យយោធា។ លោកបានបញ្ចាក់ទៀតថា៖ តាមរយៈកិច្ចប្រជុំនេះ នឹងលើកយកបញ្ហាមួយចំនួនមកធ្វើការ ពិភាក្សាផងដែរ ដូចជាបញ្ហា ភេរវកម្ម បញ្ហាសន្តិសុខ បញ្ហាកើតឡើងនូវគ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការគំរាមគំហែងតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បីរួមគ្នាធ្វើអោយមានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ និងលើពិភពលោក។
សូមបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន អាស៊ាន លើកទី១១ នៅប្រទេសជប៉ុននេះ លោក នាង ផាត នឹងឡើងថ្លែងសន្ទរកថា គន្លឺះមួយដែលទាក់ទងទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលកំពុងមានការគំរាមគំហែងនៅក្នុងតំបន់ និងលើពិភពលោក។ ជាមួយគ្នានេះដែរ លោកគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង លោក យ៉ាស៊ូណូរី នីស៊ីដា (Yasunori Nishida) អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុនផងដែរ ជុំវិញការពង្រឹងពង្រីកបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង នៃកងទ័ពប្រទេសទាំងពីរកម្ពុជា និងជប៉ុន៕




No comments:

Post a Comment