Wednesday, October 09, 2019

អភិបាលខេត្តពោធិ៍សាត់ ស្នើដល់មន្ត្រីមានអំណាចទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រឹត្យក្រមសុក្រិតភាព យុត្តិធម៌ ព្រហ្មវិហារធម៌ និងគុណធម៌

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានស្នើដល់មន្ត្រីដែលមានតួនាទី និងអំណាចទាំងអស់ធ្វើយ៉ាងណាប្រើប្រាស់តួនាទីដែលខ្លួនមានឲ្យត្រូវសមស្របទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយគិតពីភាពសុក្រិត យុត្តិធម៌ ព្រហ្មវិហារធម៌ និងការសណ្តោសប្រណី។ លោកបន្ថែមថា ក្រដាសមួយសន្លឹក ដែលប្រគល់ជូនលោកអធិការស្រុក និងលោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថស្រុកនៅមុននេះ គឺគ្រាន់តែជាចំណាត់តាំងតែប៉ុណ្ណោះ ប៉ុន្តែអត្ថន័យ និងខ្លឹមសារដែលសំខាន់នោះ គឺទង្វើ និងសកម្មភាពក្នុងការអនុវត្តន៍ច្បាប់របស់យើង។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី ហែម មុន្នី ជាអធិការនគរបាលស្រុកតាលោសែនជ័យ និងអធិការរងស្រុក៧នាក់ផ្សេងទៀត ព្រមទាំងលោកវរសេនីយ៍ត្រី ហួត វ៉ាន់ ជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះពិនិត្យទីតាំងគ្រោងសាងសង់អាគារសិក្សាបន្ថែម១ខ្នង ៥បន្ទប់ រួមទាំងរបង និងក្លោងទ្វា ក្នុងសាលាមត្តេយ្យសិក្សាតាលោ ដែលកន្លងមកមានការខ្វះខាតពិបាកក្នុងការបង្រៀន និងរៀន ជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដល់ទីតាំងសិក្សារបស់លោកគ្រូអ្នកគ្រូ ផ្តល់ចំនេះដឹងដល់ សិស្សានុសិស្សដែលជាផ្នែកមួយដល់សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយប្រកបដោយគុណភាព៕




No comments:

Post a Comment