Wednesday, October 09, 2019

បុរសម្នាក់ទៀតដែលពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាមួយទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការសៀមរាបចោទប្រកាន់ពីបទរួមគំនិតក្បត់

អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ បានចោទប្រកាន់ អតីតក្រុមប្រឹក្សាឃុំក្ដីរុនគណបក្សសង្គ្រោះជាតិ ឈ្មោះ ឃុន វាន ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ ក្រមព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យម្នាក់នេះ បានពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលជាមួយទណ្ឌិត សម រង្ស៉ី។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប។
ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ជននេះ ដែលបានបង្ហោះខ្លឹមតាមប្រព័ន្ធសង្គមហ្វេសប៊ុកពីប្រទេសថៃ ដើម្បីកៀរគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលរកម្ពុជា ដោយសរសេរថា៖ «តោះយើងទៅប្រទេសយើងវិញ, ពួកយើងជាកូន ខ្មែរមានភារកិច្ចជួយមាតុភូមិយើងកុំឈរអោបដៃមើលប្រទេសជាតិជួបគ្រោះមហន្តរាយ, ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមគ្នាបញ្ចប់របបផ្តាច់ការនៅកម្ពុជា, យុទ្ធនា ការម្រាមដៃ៩ វិច្ឆិកា ជួយជាតិខេមរាឱ្យរួចផុតពីជនផ្តាច់ការ ហ៊ុន សែន»។
អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តសៀមរាប បាន ចាត់ទុកថា «នេះជាឧបាយកលដើម្បីគាំទ្រដល់ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងគាំទ្រការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០១៩»។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ ទោសតាមច្បាប់ ពីបទ រួមគំនិតក្បត់ ដែលមានទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអ យ្យការអមសាលាដំបូងខេត្តសៀមរាប៖

No comments:

Post a Comment