Wednesday, October 09, 2019

កងទ័ពកម្ពុជា-ប៉ាគីស្ថាន ជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការពង្រឹងពង្រីកទំនាក់ទំនងរឹតចំណងសាមគ្គីភាព រវាងកងទ័ពទាំងពីរឱ្យកាន់តែជិតស្និទ្ធរឹងមាំ

ជំនួបសំដែងការគួរសម និងពិភាក្សាការងារមួយ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅសាលសវនាការរបស់អគ្គបញ្ជាការដ្ឋាន នាទីក្រុងភ្នំពេញ រវាងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ជាមួយឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ កងទ័ពប៉ាគីស្ថាន អញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាពមិត្តភាព រវាងកងទ័ព នៃប្រទេសទាំងពីរ ប៉ាគីស្ថាន និងកម្ពុជា ឱ្យកាន់តែប្រសើរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់ឧត្តមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ នៅកម្ពុជាលើកនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ទើបបញ្ចប់ ដែលក្នុងដំណើរទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ពប៉ាគីស្ថាន រួមនិងសមាជិកប្រតិភូ មានគម្រោងចូលជួបសំដែងការគួរសម ជាមួយថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំកងទ័ពជើងគោក និងធ្វើទស្សនកិច្ចសិក្សា ដកពិសោធន៍ នៅអង្គភាពកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីភាពរីកចម្រើនរបស់កម្ពុជា នៅតំបន់មួយចំនួនផងដែរ។
លោក ឥត សារ៉ាត់ បានបញ្ជាក់ថា នៅក្នុងតំបន់ និងនៅលើសកលលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ជាពិសេសអំពើភារវកម្ម។ កម្ពុជាបច្ចុប្បន្នមិនទាន់មានមែន ប៉ុន្តែកម្ពុជាមានអង្គភាពប្រឆាំងភារវកម្ម រួចជាស្រេច ដើម្បីត្រៀមគ្រប់លក្ខណៈទាំងអស់សំរាប់ប្រយុទ្ធប្រឆាំងនូវសកម្មភាពនេះ ពីព្រោះយើងពុំដឹងថា អំពើភរវកម្មនេះវាកើតឡើងនៅពេលណា និងនៅកន្លែងណានោះទេ។ ពាក់ព័ន្ធទៅនឹងការទទួលយកសិក្ខាកាម ខ ភ ម ទៅបណ្តុះបណ្តាលនៅប៉ាគីស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងកងទ័ពទាំងពីរនោះ លោក ឥត សារ៉ាត់ បានស្នើរសុំឲ្យនាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ពប៉ាគីស្ថាន ពិចារណាបន្តជួយទទួលយកនៅសិក្ខាកាមនាយទាហាន នៃកងយោធពលខេមរភូមិន្ទបានទៅបណ្ដុះបណ្ដាលជំនាញ នៅប្រទេសប៉ាគីស្ថាន។ លោក បានបញ្ជាក់ទៀតថា ពីមុនកម្ពុជា ជាប្រទេសមួយដែលពោរពេញដោយសង្គ្រាម ហើយក៍ធ្លាប់ទទួលឲ្យកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចូលមកជួយដោះស្រាយ ស្វែងរកសន្តិភាពសំរាប់កម្ពុជាផងដែរ ដែលក្នុងនោះក៏មានកងទ័ពរបស់ប្រទេសប៉ាគីស្ថានផងដែរ ដើម្បីជួយរកដំណោះស្រាយរាល់វិវាទ នៃជំលោះប្រដាប់អាវុធក្នុងស្រុករបស់កម្ពុជា ប៉ុន្តែឥលូវបន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាព ដោយសារនយោបាយឈ្នះ កម្ពុជាក៏បានបញ្ជូនកងកម្លាំងរបស់ខ្លួនយ៉ាងច្រើន ឲ្យចេញទៅបំពេញបេសកកម្ម ជាកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅគ្រប់បណ្តាប្រទេសដែលមានជំលោះផងដែរ។
ឧត្តមសេនីយ៍ឯក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានបញ្ជាក់ថា រាល់សំណើរបស់ ខ ភ ម លោកនឹងទទួលយក ហើយនិងរាយការណ៍ទៅក្រសួងការពារប្រទេសប៉ាគីស្ថាន ជុំវិញសំណើរបស់កម្ពុជា។ ជាមួយគ្នានេះដែរ លោក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ ក៏បានគោរពអញ្ជើញនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសប៉ាគីស្ថាន ទៅតាមពេលវេលាសមគួរណាមួយ ដើម្បីប្រទេសយើងទាំងពីរ កងទ័ពទាំងពីរ បានពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណងសាមគ្គីភាព មិត្តភាព តាមរយៈនៃការផ្លាស់ប្ដូរប្រតិភូ ដើម្បីសិក្សាដកពិសោធន៍ ស្វែងយល់ រកភាពរីកចម្រើនពីគ្នាទៅវិញទៅមក នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-ប៉ាគិស្ថាន៕







No comments:

Post a Comment