Tuesday, September 03, 2019

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះ ២បន្ថែមទៀត បណ្តាលឱ្យមានភ្លៀងច្រើន និងខ្យល់ខ្លាំង នៅតំបន់មួយចំនួន

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ កម្ពុជា នឹងរងឥទ្ធិពលពីព្យុះចំនួន២បន្ថែមទៀត ដែលនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំង តាមតំបន់មួយចំនួន។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣ ខែកញ្ញានេះ។

ក្រសួងបានពន្យល់ថា ជ្រលងសម្ពាធទាប ដែលបានអូសបន្លាយលើភាគខាងលើក្នុងទឹកដីថៃ ឡាវ និងវៀតណាម នៅតែបន្តមាន។ ព្យុះចំនួន២ បានកើតមានក្នុងនោះ ព្យុះទី១៣ឈ្មោះ «លីងលីង» ដែលស្ថិតនៅខាងកើតហ្វីលីពីន មានដំណើរទៅកាន់ប្រទេសកូរ៉េ។ ទន្ទឹមនោះ ព្យុះថ្មីដែល ទើបបំប្លែងខ្លួនពីវិសម្ពាធទៅជាព្យុះទី១៤ ឈ្មោះ «កាហ្សីគី» ដែលកន្លងមកនៅក្នុងសមុទ្រចិនខាងត្បូងភ្ជាប់នឹងចុងនៃប្រព័ន្ធសម្ពាធទាប ដែលបង្កើនឥទ្ធិពលបន្ថែមមកលើតំបន់ក៏ដូចជាកម្ពុជាយើង នឹងងាកត្រឡប់ទៅកាន់កោះហៃណាំ រួចបន្តដំណើរឆ្ពោះទៅហុងកុង។ ឥទ្ធិពលខ្លាំងនៃខ្យល់មូសុងនិរតី ។
ស្ថានភាពបែបនេះធ្វើឱ្យមានបាតុភូតមួយចំនួនដូចជា៖

១៖ បណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរ៉ែក និងខ្ពង់រាបឦសាន ជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់នៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះអាចមានភ្លៀង ធ្លាក់ខ្លាំង។

២៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុបន្តមាន ភ្លៀងនៅក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចនឹងមានភ្លៀងខ្យល់ និង រលកបក់បោកខ្លាំង ។
៣៖ បណ្តាខេត្តប៉ែកខាងក្រោម អាចនឹងមានភ្លៀងពីតិចទៅមធ្យម ។

ក្រសួងបានប្រកាសសាធារណជនជ្រាបជាព័ត៌មាន និងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលកសមុទ្រ បោកបក់ខ្លាំង ៕


No comments:

Post a Comment