Tuesday, September 03, 2019

ទណ្ឌិត សម រង្ស៊ី តាំងខ្លួនជាមេបដិវត្តន៍ពណ៌ ដោយប្រើអំណាចប្រជាជន


នៅថ្ងៃទី០១ ខែកញ្ញានេះ ទណ្ឌិត សម រង្ស៊ី បានប្រកាសទាំងទទឹងទិស និងកំហឹងថា ពេលបុគ្គលរូបនេះ ត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០១៩ នេះ ដោយយកប្រជារាស្ត្រខ្មែរ តាមគម្រូប្រជារាស្ត្រហ្វីលីពីនដែលបានបណ្តេញមេដឹកដឹកនាំរបស់ខ្លួនពីតំណែងដោយសន្តិវិធីក្នុងឆ្នាំ១៩៨៦ តាមរយៈចល​នា​​មួយជាប្រវត្តិសាស្ត្រ ហៅថា "អំណាចប្រជាពលរដ្ឋ"។ តើការអំពាវនាវបំផុសដុតកំហឹងប្រជាជនកម្ពុជាឲ្យយកគម្រូតាមប្រជារាស្ត្រហ្វីលីពីន តាមរយៈ “អំណាចប្រជាពលរដ្ឋ” ជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជាឬទេ? តើការវិលត្រឡប់ចូលស្រុកវិញរបស់ទណ្ឌិតរូបនេះ គឺជាការវិលត្រឡប់នៃបដិវត្តន៍ថ្មីមួយទៀតនៅកម្ពុជា? តើប្រជាជនកម្ពុជាអាចទទួលយកបានឬទេនូវទង្វើរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់?
ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ក្នុងពេលនេះ ជាទង្វើប៉ុនប៉ងរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់កម្ពុជាទាំងស្រុង។ មហាជនទូទៅយល់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា​ជន បានកើតចេញពីការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលប្រជាពលរដ្ឋខ្មែរដែលមាន​សិទ្ធិបោះឆ្នោតជាង ៨៣.០២% បានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងឆ្នាំ២០១៨ កន្លងទៅ ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ឱ្យបន្តដឹកនាំប្រទេសលើមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស ដោយបាននិងកំពុងជ្រោងទង់សន្តិភាព និងការអភិវឌ្ឍប្រទេស​ជាតិមាតុភូមិឲ្យបានរីកចម្រើន វឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង និងរុងរឿងទៅមុខ។ ការអំពាវនាវយ៉ាងហិង្សា ការបំផុសបំផុលញុះញង់ ដុតកំហឹងមហាជនរបស់ទណ្ឌិតនេះ គឺពិតជាគោលបំណងទុច្ចរិតរបស់ទណ្ឌិតនាំឆ្ពោះទៅរកការបង្កើតបដិវត្តន៍ពណ៌ថ្មីមួយទៀតទាំងស្រុង ហើយដែលត្រូវបានទណ្ឌិតកំណត់ឱ្យផ្ទុះនៅពេលបុគ្គលនេះ បានវិលត្រឡប់មកដល់ស្រុកវិញ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលខ្លួនបានចោទថា ជារបបផ្តាច់ការទៅវិញ។ ផែនការ និងទង្វើទុច្ចរិតរបស់ទណ្ឌិត ពិតជា បាននិងកំពុងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ  កម្ពុជា ហើយប្រឆាំងនឹងឆន្ទៈរបស់អ្នកបោះឆ្នោតដែលជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន និងប្រឆាំងនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ជាការពិតស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន បានដើរខុសពីស្ថានការណ៍នយោបាយនៅប្រទេសហ្វីលីពីននៅអំឡុងទសវត្សឆ្នាំ១៩៨០ ទាំងស្រុង។ កម្ពុជាជាប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានការបោះឆ្នោតទៀងទាត់រាល់ប្រាំឆ្នាំម្តង។ គណបក្សប្រជាជនតែងតែត្រូវបានទទួលបានការទុកចិត្ត និងគាំទ្រពីអ្នកបោះឆ្នោតរៀងរាល់អាណត្តិ។ ដូច្នេះ តើរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតអាចត្រូវបានធ្វើរដ្ឋប្រហារផ្តួលរំលំដោយប្រើប្រាស់អំណាចប្រជាជនដោយខុសច្បាប់បានឬទេ?
ជាការពិត ទណ្ឌិត សម រង្ស៊ី គឺ ជានិមិត្តរូបនៃបដិវត្តន៍ពណ៌ និមិត្តរូបនៃការញុះញង់ ការដុតគំហឹង ការបំបះបំបោរ និងជាមេឧទ្ទាមក្រៅច្បាប់។ ហើយការកំណត់យកថ្ងៃចូលស្រុក នៅថ្ងៃ៩ វិចិ្ឆកា គឺពិតជាគោលបំណងដ៏អាក្រក់បំផុតរបស់ទណ្ឌិតរូបនេះ ដែលផ្ទុយស្រឡះពីការវិលត្រឡប់របស់បុគ្គុលនេះក្នុងឆ្នាំ២០១៣។ ការសន្យាវិលត្រឡប់នេះ ត្រូវបានមហាជនទូទៅមើលឃើញថា ជាការវិលត្រឡប់បដិវត្តន៍​ពណ៌ថ្មីមួយទៀត នូវឆ្ពោះទៅរកការផ្តួលរំលំរាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងផែន​ការ​ជាយុទ្ធសាស្រ្តដដែលៗរបស់ក្រុមប្រឆាំង។
ក្នុងឆ្នាំ២០១៧ បដិវត្តន៍ពណ៌របស់អតីតបក្សប្រឆាំងត្រូវបានបរាជ័យទាំងស្រុង ដោយរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានអនុវត្តនូវវិធានការច្បាប់យ៉ាងជោគជ័យ និងបានទប់ស្កាត់យ៉ាងទាន់ពេលវេលា នូវផែនការបដិវត្តន៍ពណ៌មួយ ដែលត្រូវបានរៀបចំឡើងដោយអតីតបក្សប្រឆាំង។
ដូច្នេះ ការអំពាវនាវ ការញុះញង់ ការដុតកម្តៅ ការបំផុសបំផុលរបស់ទណ្ឌិតរូបនេះ ឲ្យប្រជាជនកម្ពុជាងើបបះបោរយកគម្រូតាមប្រជាជនហ្វីលីពីន នៅឆ្នាំ១៩៨៦ តាមរយៈចលនាមួយជាប្រវត្តិសាស្ត្រ ហៅថា "អំណាចប្រជាពលរដ្ឋ" គឺជាទង្វើផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាទាំងស្រុង អាស្រ័យដោយប្រទេសកម្ពុជាបានអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយដែលរាជរដ្ឋាភិបាលមួយត្រូវបានបោះឆ្នោតរៀងរាល់អាណត្តិ៥ ឆ្នាំម្តងយ៉ាងទៀតទាត់។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានកាតព្វកិច្ចធម្មានុរូប ត្រូវអនុវត្តច្បាប់ ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្តាប់សង្គម និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវផែនការទុច្ចរិត ដើម្បីសម្រេចមហិច្ឆិតាអំណាចរបស់ខ្លួន និងដើម្បីបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេស ផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ឆន្ទៈរបស់អ្នកបោះឆ្នោត និងផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យទាំងស្រុង ដែលមិនអាចទទួលយកបានឡើយ៕
ដោយ ឡុង បុរិតា



No comments:

Post a Comment