Tuesday, September 03, 2019

កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបតិ្តការទ្វេភាគី តំបន់ និងពហុភាគី ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី បានសម្តែងការពេញចិត្តជាងខ្លាំងចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ ដែលផ្តល់ផ្លែផ្កាគ្រប់វិស័យ។ ការបង្ហាញការពេញចិត្តលើមិត្តភាពប្រទេសទាំងពីរ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។

តាមសេចក្តីប្រកាសរួមរបស់ប្រទេសទាំងពីរ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា «ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ីលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំ»។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តខិតខំពង្រឹងពង្រីកកិច្ចសហការ និងសហប្រតិបតិ្តការនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល៕






No comments:

Post a Comment