Tuesday, August 27, 2019

ទស្សនៈមិត្តអ្នកអាន៖ ទណ្ឌិតរត់ចោលស្រុក បន្តបោកប្រាស់ឱ្យប្រជាពលរដ្ឋប្រឈមមុខនឹងច្បាប់

បន្ទាប់ពីការប្រើសារនយោបាយភូតកុហកប្រជាពលរដ្ឋម្តងហើយម្តងទៀត អំពីគម្រោងការវិលចូលស្រុករបស់ខ្លួនមិនទទួលបានជោគជ័យមក ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី មិនអៀនខ្មាស់ក្នុងការបន្តក្បួនភូតកុហកបោកប្រាស់របស់ខ្លួនតទៅទៀតឡើយហើយបានប្រកាសបោកប្រាស់ប្រជាពលរដ្ឋថាខ្លួននឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះសារជាថ្មីទៀត។
តាមការពិត ផ្អែកតាមលក្ខណៈវិនិច្ឆ័យជាច្រើនដែលក្រុមអ្នកវិភាគនៅកម្ពុជាធ្លាប់បានវាយតម្លៃកន្លងមកដូចជា ការគាំទ្រនៅក្នុងប្រទេសនៅមានសេសសល់តែបន្តិចបន្តួច រួមផ្សំជាមួយនឹងការគាំទ្ររបស់បរទេសនៅខាងក្រៅក៏មានតិចតួច ប្រភពថវិកាដែលប្រមូលបានពីការបោកប្រាស់ក៏ស្តួចស្តើង បញ្ហាសុខភាពព្រមទាំងវ័យកាន់តែចាស់នៅក្នុងជីវិតនយោបាយ ដែលទទួលតែការបរាជ័យស្ទើរពេញមួយជីវិត រួមនឹងចំណងបញ្ហាគ្រួសារ និងជាពិសេសលក្ខខណ្ឌអំណោយផលក្នុងការត្រឡប់មកវិញប្រកបដោយសុវត្ថិភាពមិនមានដូចកាលត្រឡប់មកលើកមុនៗនោះ (ការលើកលែងទោសពីព្រះមហាក្សត្រ) គេអាចដឹងមុនយ៉ាងច្បាស់ថា សម រង្ស៉ី នឹងមិនវិលត្រឡប់មកកម្ពុជាតាមការសន្យានោះឡើយ ព្រោះ គាត់ជាមនុស្សកំសាក និងខ្លាចជាប់គុកជាទីបំផុត។
ជាការគិតលេងៗរបស់ខ្ញុំ ខ្ញុំយល់ថា ការកំណត់យកថ្ងៃទី៩ វិច្ឆិកា គឺគ្រាន់តែជាសារនយោបាយញុះញង់ ដើម្បីវាស់ស្ទង់កម្លាំងគាំទ្រនៅក្នុងស្រុកដែលនៅសេសសល់ ក្នុងគោលបំណងក្រែងអាចប្រមូលផ្តុំកម្លាំងធ្វើបាតុកម្ម កុប្បកម្ម និងអាចបញ្ឆេះកំហឹងទៅជាចលនាបដិវត្តពណ៌មហាជនថ្មីមួយទៀតនៅក្នុងឱកាសបុណ្យឯករាជ្យជាតិដែលនៅក្នុងឆ្នាំនេះ ជនទុច្ចរិត សម រង្ស៊ី និងបក្ខពួកដែលរត់ចោលស្រុក ប្រមើលមើលឃើញថាបានប្រារព្ធភ្ជាប់គ្នាជាមួយថ្ងៃប្រារព្ធពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនៅក្នុងរយៈពេលនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងមកចូលរួមលេងកំសាន្តនៅរាជធានីភ្នំពេញ និងទីប្រជុំជនខេត្តនានាយ៉ាងច្រើនកុះករ ក្នុងការទស្សនាការប្រណាំងទូក ង និងការតាំងពិពណ៌សមិទ្ធផលផ្សេងៗជាច្រើន ហើយក៏ជាឱកាសល្អរបស់ពួកជនទុច្ចរិតទាំងនោះប្រើឧបាយកលទុច្ចរិតដើម្បីបង្កើតព្រឹត្តិការណ៍ឱ្យមានអំពើហិង្សានិងការដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ជាពិសេសយុវជនដែលមកចូលរួមកំសាន្តក្នុងពិធីនោះឱ្យមានសកម្មភាពចលាចលតែប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តី ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននឹងមិនចាញ់ឧបាយកលបោកប្រាស់ ញុះញង់របស់ទណ្ឌិតរត់ចោលស្រុក និងបក្ខពួកនោះទេ ព្រោះថា តាមរយៈបទពិសោធន៍ដែលធ្លាប់កើតមានកន្លងមក ប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងច្រើនពីផលវិបាកនៃអំពើញុះញង់ឱ្យមានអំពើហិង្សាដោយក្រុមប្រឆាំង ដែលពួកគេធ្លាប់បានដឹកនាំធ្វើបាតុកម្មនៅផ្លូវវេងស្រេង ស្ទឹងមានជ័យ ស្ពានក្បាលថ្នល់ និងទីលានប្រជាធិបតេយ្យ។ល។ កាលពីឆ្នាំ២០១៣ នាពេលកន្លងមក សុទ្ធតែបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ និងសោកនាដកម្ម ដោយមានការបាត់បងនូវទ្រព្យសម្បត្តិ ឯកជន សាធារណៈ និងបានបន្សល់ទុកនូវអ្នករងរបួស និងស្លាប់ ហើយ សម រង្ស៊ី និងបក្ខពួកដែលជាមេក្លោងដឹកនាំញុះញង់អំពើហិង្សាទាំងនោះតែងតែគេចវេសមិនទទួលខុសត្រូវម្តងណាឡើយ ។
ចេតនានៃការប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ថាជាថ្ងៃវិលចូលស្រុកវិញជាថ្មីទៀតនៅពេលនេះគឺ គ្រាន់តែជាផែនការខ្យល់ដដែលៗ និងជាសម្តីអ្នកនយោបាយពូកែបោកតែប៉ុណ្ណោះ។ ម្យ៉ាងទៀត សាររបស់អ្នកនយោបាយមាន់សម្លររូបនេះ គឺគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រក្នុងការញុះញង់ឱ្យសកម្មជនអ្នកគាំទ្រដ៏តិចតួចរបស់ខ្លួននៅមានសង្ឃឹម ប៉ុន្តែជាក់ស្តែងកម្លាំងទាំងនោះគឺពុំមានឥទ្ធិពលអ្វីសូម្បីតែបន្តិចចំពោះស្ថេរភាព សន្តិសុខសង្គម និងដំណើរការកសាងសេដ្ឋកិច្ចជាតិរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋត្រូវយល់ថា អំពើ ឬសកម្មភាពចូលរួមការបះបោរប្រឆាំងនិងរដ្ឋអំណាចស្របច្បាប់កើតចេញពីការបោះឆ្នោត តាមការញុះញង់របស់ទណ្ឌិតរត់ចោលស្រុក និងបក្ខពួកគឺជាអំពើខុសច្បាប់ដែលត្រូវមានទោស ហើយប្រការដែលទណ្ឌិតរត់ចោលស្រុករូបនេះបន្តចេញសារអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយលទ្ធិប្រជាធិបតេយ្យនោះ គឺពិតណាស់វាជាទម្រង់នៃការអនុវត្តផែនការបដិវត្តពណ៌ថ្មីមួយទៀតយ៉ាងពិតប្រាកដ ព្រោះទណ្ឌិតក្បត់ជាតិម្នាក់នេះបានសារភាពជាសាធារណៈថាខ្លួនវិលចូលមកក្នុងប្រទេសវិញនាពេលឆាប់ៗខាងមុខនេះ គឺដើម្បីដឹកនាំកម្លាំងប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។
ក្នុងនាមជាពលរដ្ឋល្អគឺត្រូវជៀសឱ្យឆ្ងាយពីសកម្មភាពញុះញង់របស់ក្រុម ដែលកំពុងមានពិរុទ្ធភាពដើម្បីកុំឱ្យមានការពាក់ព័ន្ធ ព្រោះថា អ្វីដែលទណ្ឌិត សម រង្ស៉ី និងបក្ខពួក បាននិងកំពុងនិយាយ កំពុងធ្វើនៅពេលនេះវាមិនមែនជាសេរីភាពនៅក្នុងសិទ្ធិជាពលរដ្ឋ និងសិទ្ធិនយោបាយនោះទេ ហើយក៏មិនមែនជាសេរីភាពនៃការបញ្ចេញមតិនោះឡើយ ប៉ុន្តែ វាគឺជាបទញុះញង់បង្កឱ្យមានបទឧក្រិដ្ឋជាអាទិ៍ដែលបណ្តាលឱ្យមានចលាចល អស្ថេរភាព និងអសន្តិសុខសង្គម ដែលបានដើរហួសបន្ទាត់ក្រហមនៃច្បាប់ និងជាការអនុវត្តនូវផែនការបដិវត្តពណ៌ថ្មីមួយទៀត ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូចផែនការដែលពួកគេធ្លាប់បានធ្វើកាលពីឆ្នាំ២០១៣ ហើយត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ម្តងរួចមកហើយ។ ក្រុមឧទ្ទាមក្រៅច្បាប់នេះគ្មានវិធីអ្វីផ្សេងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលក្រៅពីការប្រើប្រាស់កម្លាំងប្រជាពលរដ្ឋក្នុងការញុះញង់ មួលបង្កាច់ លាបពណ៌មកលើរាជរដ្ឋាភិបាល ដើម្បីបង្កចលាចល បំផ្លាញជាតិ បំផ្លាញផលប្រយោជន៍ប្រជាជន ប្រឆាំងនឹងសន្តិភាព ការអភិវឌ្ឍរបស់ជាតិខ្មែរឡើយ។
ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូបគប្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលថែរក្សាសុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្នដើម្បីការពារសមិទ្ធផលជាច្រើនដែលកំពុងមាន និងបន្តការអភិវឌ្ឍជាតិកម្ពុជា ដោយមិនត្រូវជឿលើការអូសទាញរបស់ទណ្ឌិតរត់ចោលស្រុក និងបក្ខពួកឱ្យប្រព្រឹត្តអំពើប្រឆាំងនិងរដ្ឋអំណាចនោះឡើយ។
ជាការសន្និដ្ឋាន ទណ្ឌិតរត់ចោលស្រុក និងបក្ខពួកប្រាកដជាមិនហ៊ានវិលត្រឡប់ចូលស្រុកវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ដូចពេលមុនៗដូច្នោះដែរ ពួកគេបានត្រឹមតែញុះញង់ប្រជាពលរដ្ឋខ្មែរដែលចាញ់ការបោកប្រាស់ឱ្យប្រឈមមុខនឹងច្បាប់ ហើយទីបំផុតគឺប្រជាពលរដ្ឋទេដែលត្រូវជាប់គុគច្រវ៉ាក់ បាត់បង់ការងារនិងប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ ចំណែកឯទណ្ឌិត សម រង្ស៊ី ដែលជាមេក្លោង និងបក្ខពួកគឺតែងតែរត់គេចខ្លួនទៅសម្ងំសុខឯបរទេសរហូត។ ម្យ៉ាងទៀត សាររបស់ទណ្ឌិតកំសាក និងបក្ខពួកនេះគឺគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រផ្តល់ក្តីសង្ឃឹមដ៏តិចបំផុត សម្រាប់ក្រុមប្រឆាំងដែលជឿងប់ងុលប៉ុណ្ណោះ ប៉ុន្តែកម្លាំងទាំងនោះគឺពុំមានឥទ្ធិពលអ្វីសូម្បីតែបន្តិចចំពោះភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងស្ថេរភាព សន្តិសុខសង្គម និងដំណើរការកសាងសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ៕
ដោយ៖ សួន ចំរើន


No comments:

Post a Comment