Tuesday, August 27, 2019

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ជាប់អន្ទាក់ខ្លួនឯង !

ដោយសារតែជាមនុស្សដែលមានល្បិច ពុតត្បុត កិច្ចកលច្រើន ទណ្ឌិត សម រង្ស៊ី តែងតែប្រើប្រាស់នូវកលល្បិចរបស់ខ្លួនក្នុងជីវិតនយោបាយ ដោយចាត់ទុកល្បិចកិច្ចកលស្មោគគ្រោករបស់ខ្លួនថាជាយុទ្ធសាស្ត្រ ដ៏មហិមា។ ប៉ុន្តែនៅទីបំផុតស្ថានភាពដែលទណ្ឌិតរូបនេះ កំពុងតែជួបនាពេលនេះ គឺវាមិនខុសអីពីពាក្យដែលគេតែងពោលថា «ចំណេះជិះកឯង» នោះទេ។ ព្រោះតែរាយអន្ទាក់ខុសបច្ចេកទេស ភ្លេចខ្លួនថាបានបង្កើតអន្ទាក់ រួចក៏ជ្រុលដើរជាន់ជាប់អន្ទាក់ខ្លួនឯងយ៉ាងអាម៉ាស់ និងឈឺចាប់ជាទីបំផុត។ អ្នកតាមដានស្ថានការណ៍នយោ​បាយ​កម្ពុជា សុទ្ធតែបានដឹងពីការប្រកាសក្អេងក្អាង​របស់ទណ្ឌិត សម រង្ស៊ី អំពីគម្រោងវិលមកកម្ពុជាវិញរបស់ខ្លួន។ គាត់បានចាត់ទុកដោយអំនួតជ្រុលថា ការប្រកាសរបស់ខ្លួន គឺជាយុទ្ធសាស្ត្របង្វិលរដ្ឋាភិបាលបុរសខ្លាំង ហ៊ុន សែន ឱ្យវិលវល់ ឬវិកលចារឹក ដោយសារតែយុទ្ធសាស្ត្រនេះ។ ប៉ុន្តែមានដូចការរំពឹងទុករបស់គាត់ ឯណា អ្នកដែលត្រូវវិលវល់ វិកលចារឹក និងធ្លាក់ក្នុងយុទ្ធសាស្ត្រនេះ ផុងខ្លួនដកមិនរួចនោះគឺ សម រង្ស៊ី ទៅវិញ។
វាពិតជារឿងដ៏គួរឱ្យអស់សំណើច និងអាម៉ាស់ខ្លាំងណាស់ ដែល​នៅពេលចុងក្រោយនេះ សម រង្ស៊ី នៅតែចចេសរឹងរូស ធ្វើខ្លួនឯងជាអ្នកខ្លាំងពូកែ ខណៈដែលអន្ទាក់កំពុងតែរុំរឹតក សឹងតែជិតដាច់ខ្យល់ស្លាប់ទៅហើយ។ មិនមែនថាមិនភ័យទេ ព្រោះពេលនេះមិនមែន សម រង្ស៊ី ល្ងង់រហូតមិនដឹងពីលទ្ធផលនៃការរាយអន្ទាក់ខុសបច្ចេកទេសរបស់ខ្លួនឡើយ។ នាពេលកន្លងមក គាត់ធ្លាប់បានប្រកាសថាខ្លួននឹងវិលចូលស្រុកវិញ ប៉ុន្តែគាត់មិនដែលហ៊ានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះទេ។ នេះគឺជាល្បិចកលចាស់ ដើម្បីចិញ្ចឹមសកម្មភាពថ្មីរបស់ សម រង្ស៊ី ដែលមានទាំងការប្រមូលលុយពីអ្នកគាំទ្រ និងការចិញ្ចឹមប្រជាប្រិយភាពរបស់ខ្លួន កុំឱ្យលិចលង់ ឬបាត់បង់ក្នុងឆាកនយោបាយកម្ពុជា។ ការមិនប្រកាសថ្ងៃខែឆ្នាំវិលចូលស្រុកពិតប្រាកដនេះ បានជួយឱ្យ សម រង្ស៊ី មានលេសជាបន្តបន្ទាប់ ក្នុងការដោះបន្ទុក ពីការសន្យារបស់ខ្លួន ដូចជាថាចាំខែនេះ ខែនោះ ឆ្នាំនេះ ឬឆ្នាំនោះ អីញ្ចឹងជាដើម។ ប៉ុន្តែថ្មីៗនេះ សម រង្ស៊ី បានផុងខ្លួន បង្កើតយុទ្ធសាស្ត្រថ្មី លើយុទ្ធសាស្ត្រចាស់របស់ខ្លួន ដោយកំណត់ កាលបរិច្ឆេទថា ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃដែលខ្លួននឹងវិលចូលស្រុកពិតប្រាកដ។ នេះហើយជាអន្ទាក់ដែល សម រង្ស៊ី ភ្លេចខ្លួនថា កំពុងរាយដាក់ខ្លួនឯង។ អ្នកណាក៏ដឹងដែរថា ស្ថានភាព សម រង្ស៊ី គឺប្រៀបដូចមនុស្សដែលកំពុងជិះទូកដែលជិតលិចទៅហើយ ខំប្រឹងស្រវារកច្រវា ប៉ុន្តែការពិតនោះ គឺខ្លួនបានធ្វើឱ្យជ្រុះបាត់ច្រវាទៅហើយ។
អាចប្រហែលជាដោយសារតែបែបនេះហើយ​ បានជាទណ្ឌិតរូបនេះ បានបញ្ចេញប្រតិកម្ម​ខឹងសម្បាជាមួយបុរសខ្លាំង ហ៊ុន សែន ដែលនិពន្ធចំរៀងឌឺដងឱ្យខ្លួន ខណៈដែលខ្លួនកំពុងទាល់ច្រកនោះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ VOA នៅពេលថ្មីៗនេះ សម រង្ស៊ី បានប្រើប្រាស់សំដីបែបច្រឡោងខាម ព្រោះតែទប់កំហឹងលែងជាប់ ដែលត្រូវបានបុរសខ្លាំង ហ៊ុន សែន ដាក់ឱ្យមួយបទ គឺបទទទារយំឆ្លង២០១៩ ដែលត្រូវចំហ្នឹងស្ថានភាពដ៏អាក្រក់ដែល សម រង្ស៊ី កំពុងតែជួបប្រទះ។ អ្វីដែលរឹតតែធ្វើឱ្យ សម រង្ស៊ី ក្តៅក្រហាយនោះ គឺការទទូចបបួលភ្នាល់របស់លោក ខាន់ សុវណ្ណ សមាជិកអង្គព្រោកប្រាជ្ញ ដែលហ៊ានភ្នាល់ដាក់ប្រាក់ចំនួន១លានដុល្លា បើ សម រង្ស៊ី ហ៊ានវិលចូលស្រុកវិញ ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ មែន។ ហើយបើ សម រង្ស៊ី ចិត្តខ្លាំងហ៊ានចូលស្រុកមែន លោក ខាន់ សុវណ្ណ និងប្រគល់លុយ១លានដុល្លាឱ្យភ្លាមនៅក្នុងគុក។ អ្វីដែលធ្វើឱ្យ សម រង្ស៊ី រឹតតែឆេះដុំទៀតនោះ គឺលោក ហ៊ុន​ សែន ក៏បានប្រកាសធ្វើជាសាក្សី តាមការស្នើសុំរបស់លោក ខាន់ សុវណ្ណ ផងដែរ ជុំវិញការភ្នាល់គ្នានេះ។ ទោះបីជា សម រង្ស៊ី បាននិយាយថា ខ្លួនមិនចាប់អារម្មណ៍ពីការភ្នាល់គ្នានេះក៏ដោយ ក៏ប៉ុន្តែការពិតនៅតែជាការពិត ការមិនព្រមទទួលការការភ្នាល់នេះ គឺបានបញ្ជាក់កាន់តែច្បាស់ហើយថា សម រង្ស៊ី នៅតែមិនអាចចោលចរឹតកំសាកញីរបស់ខ្លួន យល់ព្រមមកជាប់គុកតាមសម្រួល ដើម្បីយកលុយ១លានដុល្លានោះទេ។ ជាចិត្តសាស្ត្រ បើសិន សម រង្ស៊ី ច្បាស់ថា ខ្លួនហ៊ានវិលមកវិញ១០០%មែននោះ គ្មានរឿងអីដែលត្រូវខ្លាចការភ្នាល់នេះទេ។ ប៉ុន្តែច្បាស់ណាស់ ការគេចវេសមិនទទួលយកការភ្នាល់ គឺស្នើនឹងការមិនច្បាស់លាស់ ឬមិនហ៊ានវិលមកស្រុកខ្មែរវិញយ៉ាងពិតប្រាកដ របស់ទណ្ឌិតរត់ចោលគុក សម រង្ស៊ី។ ដូចពាក្យចាស់លោកពោលថា «ធ្វើជ្រូកកុំរាទឹកក្តៅ!-បើល្ងង់ខ្លៅកុំធ្វើចេះ!» បើ សម រង្ស៊ី ពិតជាអ្នកក្លាហានមែន ត្រូវតែហ៊ានភ្នាល់។
បើគិតៗទៅ ជីវិតនយោបាយចុងក្រោយរបស់ទណ្ឌិត សម​ រង្ស៊ី គឺវាហាក់ដូចជាគ្រោកគ្រាតណាស់ ទាំងនេះក៏ដោយសារតែទង្វើក្បត់ជាតិ ក្បត់ប្រជាជន បោះដៃឱ្យបរទេសបំផ្លាញជាតិ បំផ្លាញផលប្រយោជន៍ប្រជាជន បង្កចលាចលសព្វគ្រប់បែបយ៉ាង ថែមទាំងមានផែនការអូសប្រទេសកម្ពុជា ឱ្យធ្លាក់ក្នុងបដិវត្តពណ៌ និងសង្គ្រាមដ៏វេទនាបំផុតថែមទៀតផង។ បុគ្គល សម រង្ស៊ី នេះមិនដែលគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សូម្បី​តែបន្តិចទាល់តែសោះ សំខាន់ឱ្យតែខ្លួនមានឱកាសដណ្តើមអំណាច សម រង្ស៊ី មិនញញើតនឹងធ្វើទង្វើស្មោក​គ្រោក ឬឃោរឃៅ ចំពោះជាតិសាសន៍ខ្លួនឯងឡើយ។ ពេលនេះកម្មពៀរកំពុងតាមលងបន្លាច សម រង្ស៊ី ហើយ។ លើកនេះអាចថា ជាលើកចុងក្រោយហើយព្រោះបើ សម រង្ស៊ី ហ៊ានតែក្បត់ពាក្យសន្យា មិនព្រមវិលមកតាមកាលកំណត់ សម រង្ស៊ី នឹងត្រូវគេថ្កោលទោសថា ជាជនក្បត់សំដីដ៏កំសាកបំផុត មិនគោរពពាក្យសន្យា អ្នកគាំទ្រនឹងអស់ជំនឿ ប៉ុន្តែបើហ៊ានតែជ្រើសរើសយកផ្លូវធ្វើអ្នកក្លាហាននោះ គឺច្បាស់ណាស់ថា សម រង្ស៊ី នឹងត្រូវដេកគុកដល់ថ្ងៃស្លាប់ជាក់ជាមិនខាន។ សរុបមកវិញគឺពេលនេះ សម រង្ស៊ី កំពុងតែជាប់អន្ទាក់ រើខ្លួនមិនរួច នឹងអាចកាន់តែផុងជ្រៅទៅៗ រហូតដល់អស់ដង្ហើមក៏ថាបាន៕

ដោយ៖ ស ជាតិ


No comments:

Post a Comment