Tuesday, August 27, 2019

លោក គួច ចំរើន ទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនបង្ហោះដ្រូន

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារ និងធ្វើបទបង្ហាញអំពីសក្តានុពលរបស់ក្រុមហ៊ុន បង្ហោះដ្រូន ដើម្បីសិក្សា និងប្រមូលទិន្នន័យប្រព័ន្ធអូរ ប្រឡាយក្នុងក្រុងព្រះសីហនុ ក្នុងការរំដោះជំនន់ទឹកភ្លៀង ។
លោក សោម មិថុនារត្ន័ ប្រធានក្រុមហ៊ុន KCC Cambodia Co Ltd មានប្រសាសន៍ថា ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀងបង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក ក្រុមហ៊ុនផ្តោតជាសំខាន់មានដូចជា បញ្ហាទឹកភ្លៀង សណ្ឋានដី កំពស់ទឹកសមុទ្រ ដែលមានវិសាលភាពប្រឈមនឹងជំនន់ទឹកភ្លៀងដូច្នេះយើងត្រូវមានទិន្នន័យពីសណ្ឋានដី គម្រោងកាត់បន្ថយគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង។
លោក បានបន្តថា យើងត្រូវធ្វើកិច្ចការមួយចំនួនដូចជា៖
– ប្រមូលព័ត៌មាន និងទិន្នន័យសុក្រឹត
– សិក្សាសណ្ឋានដី
– ប្រមូលព័ត៌មានពីប្រព័ន្ធអូរ ប្រឡាយទឹកភ្លៀង ទឹកកខ្វក់ និងទឹកស្អាត សិក្សាផ្អែកលើវិទ្យាសាស្ត្រ និងមជ្ឈមណ្ឌលវិភាគ
– បណ្តុះបណ្តាល និងធ្វើបច្ចុប្បន្នភាពទិន្នន័យ។ ម្យ៉ាងទៀតការបង្ហោះដ្រូននេះប្រើពេលប្រហែល ១២សប្តាហ៍ដើម្បីប្រមូលទិន្នន័យជាក់លាក់លើផ្ទៃដី ៥.០៨០ហិកតា ក្នុងក្រុងព្រះសីហនុ។

លោក គួច ចំរើន បានស្វាគមន៍ចំពោះក្រុមហ៊ុន KCC Cambodia Co Ltd ដែលមានគោលបំណងចូលរួមជាមួយរដ្ឋបាលខេត្ត សិក្សាលើប្រព័ន្ធអូរ ប្រឡាយ ដាក់លូរំដោះទឹកភ្លៀង និងទឹកកខ្វក់នៅក្រុងព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព បរិស្ថានកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិតណាស់បញ្ហាប្រឈមដោយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ជាបន្ទុករបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងមួយចំនួន កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយសភាពការណ៍ នៃគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងសម្រាប់ខេត្តព្រះសីហនុ៕






No comments:

Post a Comment