Monday, August 12, 2019

នៅសាលាក្រុងបាវិត រៀបចំពិធីហូបសាច់ជ្រូកសុវត្ថិភាព បញ្ឈប់ការភ័យខ្លាចជម្ងឺឆ្លងប៉េសជ្រូកអាហ្វ្រិក

ស្វាយរៀង៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីហូបសាច់ជ្រូកសុវត្ថិភាពនៅសាលាក្រុងបាវិត ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុកលោកប្រធានមន្ទីរ-អង្គភាពព្រមទាំងមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋមួយចំនួនទៀត។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង ឲ្យងាកមកបរិភោគសាច់ជ្រូក ជាធម្មតាវិញ ដោយកុំមានភាពភ័យខ្លាចពីការឆ្លងជម្ងឺប៉េសជ្រូកអាហ្រ្វិក ពីព្រោះជម្ងឺនេះ មិនឆ្លងមកមនុស្ស និងបង្កគ្រោះថ្នាក់នោះទេ គឺវាកើតតែលើសត្វជ្រូកដូចគ្នា តែប៉ុណ្ណោះ។
លោកបន្តថា ក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ បន្តបរិភោគសាច់ជ្រូក អាជ្ញាធរគ្រប់ខេត្ត និងមន្ទីរកសិកម្មខេត្ត មន្ត្រីពេទ្យសត្វ រួមនឹងមន្ត្រីមួយចំនួនទៀត បាននាំគ្នាហូបសាច់ជ្រូកខ្វៃ ក្នុងកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាពនាពេលនេះ ក្នុងគោលបំណងចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ ។
បើតាមការបញ្ជាក់ពីមន្រ្តីជំនាញនៃការិយាល័យបសុពេទ្យ បញ្ជាក់ឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
ដូច្នេះតាមរយៈពីធីធ្វើឡើងពេលនេះ គឺចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញពាក់ព័ន្ធមកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ ហើយសត្វជ្រូកដែលយកទៅកាប់លក់លើទីផ្សារ សុទ្ធតែបានឆ្លងកាត់ការពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញពេទ្យសត្វ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាហូបសាច់ជ្រូកឡើងវិញកុំមានការព្រួយបារម្ភ៕



No comments:

Post a Comment