Monday, August 12, 2019

លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ចុះផ្តល់ស្បៀងអាហារបណ្តោះអាសន្នដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកលំផាត់ និងស្រុកកូនមុំ

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហម ខេត្តរតនគិរី លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះកាកបាទក្រហមកម្ពុជា និង លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ នាយកសាខា និងយុវជនកាកបាទក្រហម បានជួបទទួល សំភារៈអំណោយរបស់សប្បុរសជន ដែលបានរួមចំណែកក្នុងការចុះផ្តល់ស្បៀងអាហារ បណ្តោះអាសន្ន ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកលំផាត់និងស្រុកកូនមុំរួមមាន៖
១-អង្គការ កុមារកំព្រា នៃសេចក្តីសន្យាដំណឹងល្អទាំង៤ អង្ករចំនួន ៥០០គីឡូក្រាម មី៥០កេសតូច
២-លោក សែន សំអាត លក់គ្រឿងអគ្គិសនី អង្ករ ៥០០គីឡូក្រាម។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជនទាំងអស់ ដែលបានវេចខ្ចប់ នាំយកអង្ករ និងមី ធ្វើជាអំណោយសប្បុរសធម៌ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីនាពេលនេះ។
លោក ក៏បានបញ្ជាក់ថា សាខា នឹងអនុវត្តតាមការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាំយកអំណោយទាំងនេះទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀង ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលបានជន់លិច ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ក្នុងឃុំទាំង៤ នៃស្រុកលំផាត់ និងស្រុកកូនមុំ អោយមានតម្លាភាព និងប្រើប្រាស់អំណោយទាំងនេះអោយចំគោលដៅ ពោលគឺផ្តល់នូវភាពកក់ក្តៅដល់ជនរងគ្រោះ ដើម្បីរក្សាបាននូវការគាំទ្រទាំងឡាយពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន៕


No comments:

Post a Comment