Tuesday, July 30, 2019

ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង សហការជំរុញវិស័យអេកូទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍បណ្តោយដងទន្លេមេគង្គ

ក្រចេះ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងស្ទឹងត្រែង សហការជាមួយអង្គការ WWF និងអង្គការ NTFP-EP បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការកសាងឯកសារជំនួយស្មារតីលើការរៀបចំ និងគ្រប់គ្រងសហគមន៍អេកូទេសចរណ៍នៅតាមបណ្តោយដងទន្លេមេគង្គលើប្រកបដោយនិរន្តរភាព ក្រោមអធិបតី លោកស្រី ខាំ សុភាព អភិបាលរងខេត្ត ។
កិច្ចសហការនេះក្នុងគោលបំណង ដើម្បីស្វែងយល់ និងចែករំលែកពីស្ថានភាពទូទៅនៃដំណើរការរៀបចំ បញ្ហាប្រឈម និងមេរៀនបទពិសោធដែលបានរៀនសូត្រនៃការអភិវឌ្ឍន៍សហគមន៍អេកូទេសចរណ៍នៅតាមដងទន្លេមេគង្គលើ និងយល់ពីទស្សនទានរបស់ភាគីពាក់ព័ន្ធ ដើម្បីស្នើសុំជាមតិយោបល់លើគំនិតផ្ដួចផ្ដើមចងក្រងជា ឯកសារជំនួយស្មារតីស្ដីពីដំណើរការរៀបចំបង្កើតសហគមន៍ អេកូទេសចរណ៍បណ្តោយដងទន្លេមេ គង្គលើប្រកបដោយនិរន្តរភាព ។
នាឱកាសនោះដែល លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា វិស័យទេសចរណ៍ កម្ពុជាដែលជាវិស័យវប្បធម៌និងធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពមួយ ដើរតួរជាមាសបៃតង និងជាការនាំចេញនៅ នៅនឹងកន្លែង ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបាននាំមកនូវចំណូលជាតិ ផ្ដល់ឱកាសការងារបង្កើនប្រាក់ចំណូលកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នឹងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព ។

សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ធានាបានល្អប្រសើរនូវសុវត្ថិភាពម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងអតិផរណាឱ្យស្ថិតនៅក្នុងកម្រិតទាប សមរម្យព្រមទាំងពង្រឹង ថែមទៀតនូវសមត្ថភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ ៧ភាគរយ ក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ ដែលបានកែប្រែប្រទេសកម្ពុជា ពីប្រទេសក្រីក្រមកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូល ខ្ពស់នៅឆ្នាំ២០៥០ហើយខេត្តក្រចេះបានខិតខំអភិវឌ្ឍឥតឈប់ឈរ លើគ្រប់វិស័យជាពិសេសវិស័យអតិភាពរបស់ខេត្តរួមមាន កសិកម្មឧស្សាហកម្មនិងវិស័យទេសចរណ៍ ដែលជាប្រភពចំណូលដ៏មានសារសំខាន់របស់ខេត្ត និងបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ តាមសហគមន៍ទេសចរណ៍ តំបន់រមណីយដ្ឋានទេសចរណ៍ តាមរយៈការផ្ដល់ឱកាសការងារ និងមុខរបរបន្ថែមដល់ប្រជាពលរដ្ឋ នៅតាមតំបន់អេកូទេសចរណ៍នានា ហើយខេត្តក្រចេះមានធនធានផ្សោតទន្លេមេគង្គដ៏ជាសត្វកម្រ បាននឹងកំពុងអភិវឌ្ឍ និងទាក់ទាញយកផលប្រយោជន៍ តាមរយៈវិស័យទេសចរណ៍ ព្រមទាំងតំបន់ទេសចរណ៍ធម្មជាតិ សហគមន៍អេកូទេសចរណ៍ ដែលបានកំពុងទាក់ទាញភ្ញៀវមកទស្សនា កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៕






No comments:

Post a Comment