Tuesday, July 30, 2019

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៖ ពាណិជ្ជកម្មអន្តរជាតិប្រែប្រួលរង្គោះរង្គើ សេដ្ឋកិច្ចប្រទេសចិនបន្តទៅមុខជាលំដាប់

(ភ្នំពេញ)៖ នៅមួយរយៈពេលនេះ សារព័ត៌មានលោកខាងលិចមួយចំនួនចាប់ផ្ដើមជាថ្មីក្នុងការផ្សព្វផ្សាយមិនល្អ អំពីសេដ្ឋកិច្ចប្រទេសចិន ដោយបំភ្លៃថា សេដ្ឋកិច្ចចិនមានទំនោរទៅរកស្ថានភាពដាំក្បាលចុះក្រោម។ សេដ្ឋកិច្ចចិនពិតជាមានសភាពដូចនឹងអ្វីដែលសារព័ត៌មានទាំងនោះពោលឡើងឬយ៉ាងណា?
អ្វីដែលជាការពិតគឺប្រឈមនឹងភាពរំខាននៃពាណិជ្ជកម្មអន្តរជាតិបែបអភិរក្សនិយម និងឯកតោភាគីនិយមសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំនេះ មិនត្រឹមមិនមានភាពធ្លាក់ចុះ ថែមទាំងទទួលបានរបាយការណ៍លទ្ធផលគួរឲ្យភ្ញាក់ផ្អើលទៀតផង។ ថ្មីៗនេះនាយកដ្ឋានជាតិស្ថិតិចិន បានចេញផ្សាយអំពីស្ថានភាពវិវត្តន៍នៃសេដ្ឋកិច្ចក្នុងប្រទេសរបស់ចិន ក្នុងអំឡុងឆមាសទី១ឆ្នាំនេះ រួមជាមួយទិន្នន័យមួយចំនួនទៀត។
៦ខែដំបូងនៃឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិន មានការកើនឡើងក្នុងអត្រា ៦.៣% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅហើយដំណើរវិវត្តន៍នៃវិស័យ នាំមុខទាំងបី រួមមានការចំណាយវិនិយោគទុន និងការនាំចេញនាំចូលសុទ្ធតែមានស្ថេរភាពល្អ។ ចំណាយក្នុងស្រុកនៅបន្តដើរតួនាទីជាកត្ដាចម្បងក្នុង ការរុញច្រានកំណើនសេដ្ឋកិច្ចរបស់ចិន ក្នុងរយៈពេលមួយឆមាសនេះ ទំហំទឹកប្រាក់សរុបនៃចំណាយលើផលិតផលប្រើប្រាស់លក់ជារាយមានកំណើនប្រមាណ ៨.៤%។ សន្ទុះនៃកំណើនវិនិយោគមានស្ថេរភាព ទំហំវិនិយោគទុនលើអចលនទ្រព្យក្នុងឆមាសទី១ មានកំណើន ៥.៨% កើនឡើងខ្ពស់ជាងរយៈពេល ៥ខែ ដំបូង ០.២%។
ស្ថានភាពនៃការនាំចេញ នាំចូលមានលក្ខណៈប្រសើរជាងការរំពឹងទុក ទំហំពាណិជ្ជកម្មនាំចេញ នាំចូលក្នុងឆមាសទី១ មានកំណើន ៣.៩% ខ្ពស់ជាងត្រីមាសទី១បន្តិច។ ឱកាសទទួលបានការងារនៅតែបន្តកើតមានបន្ថែមចំណូលជាមធ្យមរបស់ប្រជាជនមានការកើនឡើងជាលំដាប់។ នៅក្នុងឆមាសទី១ ប្រជាជនទទួលបានឱកាសការងារថ្មីៗនៅតាមខេត្តក្រុងនានាទូទាំងប្រទេសមានចំនួន ៧៣៧ម៉ឺននាក់ សម្រេចបាន៦៧% នៃគោលដៅប្រចាំឆ្នាំ។ ក្នុងរយៈពេល៦ ខែនេះ អត្រាបាត់បង់ការងារនៅតាម ខេត្តក្រុងទូទាំងប្រទេសមានចំនួន ៥.១% រក្សាបានស្ថេរភាពក្នុងកម្រិតទាប ៥%ដដែល។ អំឡុងពេលជាមួយគ្នានេះ ចំណូលជាមធ្យមអាចប្រើប្រាស់បានរបស់ប្រជាជនក្នុងប្រទេសមាន ១៥២៩៤យ័ន ដែលក្រោយពីដកចេញនូវកត្តាប្រែប្រួលតម្លៃរួចឃើញថា មានការកើនឡើងប្រមាណ ៦.៥%។
សម្រាប់អ្នកដែលយល់ដឹងអំពីសេដ្ឋកិច្ចតែងដឹងថា យើងមិនអាចប្រើប្រាស់ត្រឹមទំហំផលិតផលក្នុងស្រុក សរុបដើម្បីវាយតម្លៃភាពខ្លាំងឬខ្សោយនោះទេ។ ស្ថានភាពសេដ្ឋកិច្ចល្អឬអត់ ភាពរឹងមាំពេញលេញឬអត់ គឺមិនអាចសម្លឺងតាមដានតែសន្ទុះកំណើននោះទេ តែត្រូវមើលអំពីគុណភាព និងគុណប្រយោជន៍នៃកំណើន សេដ្ឋកិច្ចនោះផងដែរ។ ថ្វីត្បិតតែសេដ្ឋកិច្ចរបស់ចិនបច្ចុប្បន្ន មានការផ្លាស់ប្ដូរពីសំទុះកំណើនខ្ពស់មកកំណើន មធ្យមកម្រិតខ្ពស់បន្ទាប់ពីឆ្លងកាត់ការរក្សាកំណើនខ្ពស់ជាង ៤០ឆ្នាំមកហើយក្ដី តែរចនាសម្ព័ន្ធសេដ្ឋកិច្ច កម្លាំងនិងខ្លឹមសារនៃការអភិវឌ្ឍន៍មានការប្រែប្រួលយ៉ាងស៊ីជម្រៅ។ បម្រែបម្រួលទាំងនេះ គឺជាដំណាក់កាល មិនអាចជៀសបាន ក្នុងដំណើរវិវត្តន៍ឆ្ពោះទៅរកកម្រិតស្ដង់ដារកាន់តែខ្ពស់នៃម៉ូដែល ភាពកាន់តែប្រសើរឡើងនៃការបែងចែកពលកម្ម និងភាពកាន់តែសមហេតុផលនៃរចនាសម្ព័ន្ធ នោះហើយជាអ្វីដែលដំណាក់កាល កំណើនខ្ពស់កាលពីមុនមិនអាចប្រៀបប្រដូចបានទេ។
បច្ចុប្បន្នរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិនកំពុងវិវត្តន៍កាន់តែប្រសើរឡើង វិស័យនីមួយៗកំពុងពន្លឿន ការផ្លាស់ប្ដូរទម្រង់បានកាន់តែល្អ។ ក្នុងនោះដែរ វិស័យផលិតកម្មដែលប្រើប្រាស់បច្ចេកទេសខ្ពស់វិស័យកកើត ថ្មីដែលមានលក្ខណៈយុទ្ធសាស្រ្តមានកំណើនខ្ពស់លើសពីឧស្សាហកម្មទាំងមូល នៅឆមាសទី១ វិស័យ ផលិតកម្មដែលប្រើប្រាស់បច្ចេកទេសខ្ពស់មានកំណើន៩%។ គិតត្រឹមខែឧសភាឆ្នាំនេះ សហគ្រាសចុះឈ្មោះ ថ្មីមានជាមធ្យម ១.៨៩ ម៉ឺនកន្លែងក្នុងមួយថ្ងៃ អាជីវកម្មលក្ខណៈគ្រួសារដែលចុះឈ្មោះថ្មីមានកំណើនចាប់ពី២០% ឡើងទៅដែលនេះបង្ហាញឲ្យឃើញពីកម្លាំងជំរុញយ៉ាងប្រសើរនៃការបង្កើតមុខរបរថ្មី និងទំនុកចិត្ត នៃទីផ្សារក្នុងសង្គម។ ទន្ទឹមនឹងនេះ ការបណ្ដាក់ទុនក្នុងកិច្ចការនវានុវត្តន៍បន្តកើនឡើងជាបន្តបន្ទាប់ចំនួននៃ ការស្នើសុំកម្មសិទ្ធបញ្ញាកើនឡើងខ្ពស់ កម្រិតគាំទ្រនៃវិស័យហិរញ្ញវត្ថុចំពោះវិស័យសំខាន់ៗ និងតំណភ្ជាប់ ទន់ខ្សោយក្នុងវិស័យមួយចំនួនមានការកើនឡើងបន្ថែមជាច្រើន។
អ្វីដែលត្រូវលើកបញ្ជាក់នោះគឺសេដ្ឋកិច្ចពិភពលោក និងពាណិជ្ជកម្មអន្តរជាតិបច្ចុប្បន្នស្ថិតក្នុង សភាពកំណើនយឺតជម្លោះពាណិជ្ជកម្មលើពិភពលោកបន្តមិនដាច់ កត្តាមិនច្បាស់លាស់មិននឹងនរ មានកាន់តែច្រើនឡើងៗ ហើយស្ថាប័នអន្តរជាតិដែលរួមមានធនាគារពិភពលោកជាដើមបានធ្វើការបន្ទាបសេចក្ដីរំពឹងអំពី អត្រាកំណើនសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់។ នៅក្នុងស្ថានភាពបែបនេះ ប្រទេសចិនរក្សាបានកំណើន សេដ្ឋកិច្ចក្នុងរង្វង់លើសពី ៦% ច្បាស់ណាស់គឺជារឿងមិនងាយនោះទេ។
ក្នុងពេលមិនយូរប៉ុន្មានមុននេះ លោកនាយករដ្ឋមន្ត្រី Li Keqiang នៅក្នុងកម្មវិធីបើកសម្ពោធវេទិកា សេដ្ឋកិច្ចពិភពលោករដូវក្ដៅលើកទី១៣ បានបញ្ជាក់ថា ទំហំទីផ្សាររបស់ចិនធំធេងណាស់ ធនធានកម្លាំងពលកម្មសំបូរបែប បរិក្ខាទ្រទ្រង់វិស័យនានាមានគ្រប់គ្រាន់ វិស័យកកើតថ្មីរីកលូតលាស់ឆាប់រហ័ស សេដ្ឋកិច្ច អភិវឌ្ឍន៍មានភាពរឹងមាំ សក្ដានុពល និងចន្លោះកែតម្រូវពេញលេញ ហេតុនេះទំនោរទៅរកភាពកាន់តែប្រសើរឡើងរបស់ចិននឹងមិនប្រែប្រួលទេក្នុងរយៈពេលវែង។ ចិននឹងបន្តគាំទ្រលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងកំណែទម្រង់រចនាសម្ព័ន្ធ ស្វែងរកកម្លាំងជំរុញតាមរយៈកំណែទម្រង់បន្តប្រឹងប្រែងបន្ថែម សក្ដានុពលនៃតម្រូវការក្នុងស្រុក។ ទន្ទឹមនឹងនេះ យើងនឹងបន្តឥតងាករេក្នុងការជំរុញបើកចំហលើគ្រប់វិស័យ ប្ដេជ្ញាអភិវឌ្ឍន៍សេដ្ឋកិច្ចលក្ខណៈបើកចំហ ដែលមានកម្រិតកាន់តែខ្ពស់។
«ទោះបានធ្វើដំណើរជុំវិញគិរីសាគរ យើងនៅតែស្ថិតក្នុងវ័យមាំមួន និងយល់ឃើញថាមានតែទីនេះទេ ដែលមានទេសភាពល្អប្រសើរជាងគេ។» ប្រទេសចិនតាំងពី ដើមមកគឺរីកលូតលាស់ក្រោមសម្ពាធខ្យល់ និងរលក ហើយរឹងមាំក្រោមការហ្វឹកហាត់ដកពិសោធន៍។ ទស្សនៈបន្ដុះបង្អាប់អំពីចិនលើគ្រប់រូបភាពនៅខាងក្រៅ មិនអាចរារាំងចិនក្នុងការបន្តកិច្ចអភិវឌ្ឍន៍ខាងក្នុងទេ ផ្ទុយទៅវិញនឹងក្លាយទៅជាកម្លាំងជំរុញគោលដៅអភិវឌ្ឍន៍ ប្រកបដោយដោយចីរភាពរបស់ចិនទៀតផង។ ខ្ញុំមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះអនាគតនៃសេដ្ឋកិច្ច ប្រទេសចិន។
ក្នុងនាមជាប៉ូលសេដ្ឋកិច្ចធំទី២ លើពិភពលោក ជារៀងរាល់ឆ្នាំប្រទេសចិន ចូលរួមចំណែកក្នុងអត្រាកំណើនសេដ្ឋកិច្ចពិភពលោកចាប់ពី៣០% ឡើងទៅ។ ទន្ទឹមនឹងកិច្ចអភិវឌ្ឍន៍ផ្ទាល់ខ្លួន ចិនជានិច្ចកាល មិនភ្លេចដឹកនាំប្រទេសជិតខាង និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីសម្រេចវិបុលភាពរួមគ្នានោះទេ។ យើងស្វាគមន៍ប្រទេសកម្ពុជា និងប្រទេសពាក់ព័ន្ធកាន់តែច្រើនចូលរួមជាមួយកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» ដើម្បីរួមជំហានជាមួយសន្ទុះអភិវឌ្ឍន៍ របស់ចិនដែលជាអាចចាត់ទុកជាយានស្របផ្លូវមួយសំដៅ សម្រេចបានលទ្ធផលអភិវឌ្ឍន៍កាន់តែប្រសើររួមគ្នា និងធ្វើការចែករំលែកគុណប្រយោជន៍នានា ដែលនាំមកដោយភាព រីកចម្រើនរបស់ប្រទេសចិន។
ក្នុងនាមជាប្រភពវិនិយោគធំជាងគេ ដៃគូពាណិជ្ជកម្មធំបំផុត ប្រភពភ្ញៀវទេសចរបរទេសទី១ និងជាដៃគូ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធំបង្អស់របស់ប្រទេសកម្ពុជា ចិនមានសុឆន្ទៈរួមជាមួយកម្ពុជាពង្រឹងបន្ថែម មួយកម្រិតទៀតក្នុងការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ រួមទាំងអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយនូវវិធានការណ៍ ទាំងឡាយទៅតាម «ផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា» ដែលត្រូវបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំនេះ ដើម្បីជាកម្លាំងជំនួយក្នុងការពន្លឿនកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ ទៅវិញទៅមកលើគ្រប់វិស័យរបស់ភាគីទាំងពីរ និងការផ្ដល់ផលប្រយោជន៍នានា សម្រាប់ប្រទេសជាតិ និងប្រជាជនប្រទេសទាំងពីរឲ្យបានកាន់តែច្រើន។ ខ្ញុំជឿជាក់ថា ទន្ទឹមនឹងភាពរីកចម្រើនមិនដាច់នៃ សេដ្ឋកិច្ចចិន ប្រជាជនកម្ពុជានឹងទទួលបានផលប្រយោជន៍ពិតប្រាកដកាន់តែច្រើនឡើងៗ។ ការកសាងសហគមន៍ជោគវាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្រ្តរវាងចិន និងកម្ពុជា ច្បាស់ជានឹងជំរុញឲ្យសង្គម សេដ្ឋកិច្ចកម្ពុជាសម្រេចបានការរីកចម្រើនកាន់តែឆាប់រហ័ស និងកាន់តែល្អប្រសើរ៕
ដោយ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា








No comments:

Post a Comment