Tuesday, July 30, 2019

កម្មវិធីមនុស្សធម៌ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិ និងគ្រួសារទីទ័លក្រ

កំពង់ធំ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩   លោក  សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រ(ប្រភេទ១) ចំនួន៤៧០គ្រួសារ ស្ថិតនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ។

ពិធីចែកអំណោយនេះ ធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នាគឺទីតាំងទី១ ចែកពេលព្រឹកនៅក្នុងបរិវេណសាលាស្រុកស្ទោង ដែលមានបងប្អូនអញ្ជើញមកពីឃុំចំណារលើ ឃុំចំណាក្រោម ឃុំកំពង់ចិនជើង ឃុំទ្រា និងឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន១២១គ្រួសារ បន្ទាប់មកចេញទៅចែកនៅទីតាំងទី២ នៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ដែលមានបងប្អូនអញ្ជើញមកពីឃុំ ប្រឡាយ ស្រុកស្ទោង ចំនួន២៤៧គ្រួសារ និងពេលរសៀលចែកនៅទីតាំងទី៣ ក្នុងបរិវេណវត្តថ្មី ស្រុកកំពង់ស្វាយ ដែលមានបងប្អូនរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងគ្រួសារទីទ័លក្រ(ប្រភេទ១) ចំនួន១០២គ្រួសារ។

លោក  សុខ លូ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់  លោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន និងលោកស្រី  ប៊ុន រ៉ានី ហ៊ុន  សែន ដែលជានិច្ចជាកាលលោកទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខពុកម៉ែ បងប្អូនគ្រប់ទីកន្លែង។

លោកអភិបាលខេត្តបានលើកឡើងថា អំណោយដែលចែកជូនពេលនេះគ្រាន់តែបានជួយបំពេញសេចក្ដីត្រូវការរបស់បងប្អូនបានតែមួយរយៈខ្លីប៉ុណ្ណោះ អ្វីដែលសំខាន់នោះបងប្អូនត្រូវខិតខំបន្តជួយខ្លួនឯង តាមរយៈការដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វមាន់ ទា បន្ថែម ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសាររបស់ប្អូនឲ្យបាន។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវខិតខំថែរក្សានូវសុខភាពឲ្យបានល្អ ដោយគេងក្នុងមុងជានិច្ច និងដាក់អាបែតក្នុងពាងទឹក អាងទឹក និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈានមិនមែនមានតែកូនក្មេងទេ មនុស្សចាស់ក៏មានកើតជំងឺគ្រុនឈាមដែរ។

ម្យ៉ាងវិញទៀត សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព និងបើកដោយប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា៕





No comments:

Post a Comment