Tuesday, July 30, 2019

លោក គង់ គាំ បរិយាយពីល្បិចកលទុច្ចរិត ដែលជនបរទេសមួយចំនួន និងក្រុមអ្នកប្រជាធិបតេយ្យជ្រុលនិយម កំពុងប្រើប្រាស់ក្នុងចេតនាបំផ្លាញកម្ពុជា

លោក គង់ គាំ ប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៩នេះ បានធ្វើការលើកឡើងនូវមូលដ្ឋានគំនិតមួយចំនួន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនយោបាយកម្ពុជា ដែលកំពុងរងនូវការលាបពណ៌ បំភ្លៃការពិត ក្នុងចេតនាបំផ្លាញកម្ពុជា ដើម្បីបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច។

ខាងក្រោមនេះជាសារទាំងស្រុង ដែលលោក គង់ គាំ បានផ្សព្វផ្សាយលើទំព័រFacebook ផ្លូវការរបស់លោក៖

- ចចើង ចង់លឿន ក៏លង់លិចទៅ។ ខ្ជាក់ចោលសាច់ពីមាត់ទៅក្នុងទឹក ហើយរត់ទៅចាក់ក្បាច់សម្លឹងស្រមោល គឺជាភាពឆោតល្ងង់របស់ក្រុមប្រជាធិបតេយ្យជាតិ និងអន្តរជាតិជ្រុលនិយម។
- ចោទឆ្កែថាឆ្កួត ដើម្បីព្រួតវាយ គឺជាក្បួនចាស់គំរិលមួយដែលជាល្បិចលើគោកមិនពិបាកឃើញ ពិបាកដឹង និងពិបាកយល់សោះឡើយ។ យ៉ាងណាម៉ិញ សហរដ្ឋអាមេរិក ក្រុមនយោបាយខ្មែរ(កូនសំពាយ) ពិសេសក្រុមបាតុករខ្មែរ និងក្រុមយួនសេរី (Egar / ម៉ុងតាញ៉ា) ដែលអបអរ និងជម្រុញ (ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩) របស់សភាជាន់ទាបសហរដ្ឋអាមេរិក និងការប្រឌិតជាប្រព័ន្ធ (របស់ស្ថាប័នរដ្ឋ និងសារព័ត៌មាន)អំពី (កិច្ចព្រមព្រៀងសម្ងាត់) ដែលថាកម្ពុជាបានយល់ព្រមអោយចិនប្រើ (ទីតាំងរាម ខេត្តព្រះសីហនុ) ជាមូលដ្ឋានយោធា គឺជាការគោះរទេះ (កម្ពុជា) គម្រាមគោ (ចិន) នោះ គឺឆ្ពោះទៅបង្កើតឱកាសអោយមូលដ្ឋានទ័ពអាមេរិកនៅ (សមុទ្រកាំរ៉ាញ វៀតណាម) អាចលាតសន្ធឹងនូវចេតនាអាក្រក់ដែលខ្លួនបានត្រៀមបំរុងផងក៏មិនដឹង។
- ប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ (មិនឆ្វេងជ្រុល និងមិនស្តាំជ្រុល) តែជាឆ្មាដែលធ្លាប់រលាក(ទាំងទឹកក្តៅឆ្វេង និងទឹកក្តៅស្តាំ) គឺពិតជាប្រកាន់ជំហរគោរពរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលចែងថា (ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតអោយមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ)។
- សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រិត្យភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល។ រដ្ឋធម្មនុញ្ញអនុញ្ញាតអោយព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ កាហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។
- សោកស្តាយចេតនា និងកាយវិការសហរដ្ឋអាមេរិកមួយចំនួនរហូតមកបានធ្វើអោយទំនាក់ទំនង និងសហប្រតិបត្តិការមួយចំនួនរវាត និងធ្លាក់ចុះជាមួយកម្ពុជា។
- ចិននិយាយតិចធ្វើច្រើន នាំអោយទំនាក់ទំនងចិន-កម្ពុជា ជិតស្និទជាងពេលណាទាំងអស់។
- មិនអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្មីស្តីពីបញ្ហាកម្ពុជាទេ៕




No comments:

Post a Comment