Tuesday, July 09, 2019

លោក ប៉ែន កុសល្យ អំពាវនាវទៅដល់ប្រជាពលរដ្ឋចិត្តទុកដាក់អនុវត្តលើ គោលការណ៍ ៦ចំណុច ការពារ ថែរក្សា ធនធានធម្មជាតិព្រៃឈើ

ឧត្តរមានជ័យ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី នៅក្នុងពិធីរុក្ខទិវាជាតិ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងទាំងបីប្រភេទ មេឃុំចៅ-សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណចំនួន១២០០នាក់ នៅក្នុងភូមិ បូរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ផ្អែកតាមរបាយការណ៍របស់ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា កូនឈើដែលបានដាក់ដាំនៅក្នុងពិធីរុក្ខទិវានេះ មានចំនួន៥០០០ ដើម គឺមានដើមរំដួល បេង ក្រញូង គគីរ ក្ងោក និងដើមលឿងរាជ ជាដើម។
ក្នុងឪកាសនោះដែរ លោក ប៉ែន កុសល្យ សូមអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវនាំគ្នាបំផុសស្មារតីបងប្អូនប្រជាពលរដ្ឋឲ្យស្រឡាញ់ព្រៃឈើចូលរួមក្នុងការដាំដុះ និងការពារអនុផលព្រៃឈើ ក៏ដូចជាជួយបង្កើនផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង ។
លោកបានបន្តទៀតថា ការដាំកូនឈើឡើងវិញ បានឆ្លុះបញ្ចាំងអោយឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិចម្រុះ ដើម្បី កាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។
បន្ថែមពីនោះ លោក ប៉ែន កុសល្យ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋចិត្តទុកដាក់អនុវត្តលើគោលការណ៍៦ចំណុច៖
១-ជំរុញការដាំដើមឈើនៅតាមលំនៅដ្ឋាន តាមព្រំដី ចម្ការឬទីកន្លែងដែលអាចដាំបាន នោះវានឹងអាចផ្ដល់នូវឈើសំណង់អុសធ្យូង ជារបាំងខ្យល់ បង្កើនជីជាតិដី និងដាំរុក្ខជាតិគ្រប់ប្រភេទដែលអាចផ្ដល់ផ្លែ ផ្កា ស្លឹកដើម សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ខ្លួនដោយមិនត្រូវទុកដីឲ្យនៅទំនេរនោះទេ។
២-ពង្រឹង និងពង្រីកសហគមន៍ដីព្រៃឈើឲ្យមានភាពរឹងមាំឡើងដើម្បីចូលរួមដាំ និងការពារព្រៃឈើឲ្យមាននិរន្តភាពដោយរួមទាំងការយកចិត្តទុកដាក់បង្កើតធនាគារស្រូវ និងធនាគារសត្វជាដើម។ ទន្ទឹមនឹងនេះក៏ត្រូវបង្កើនការអប់រំ និងការយល់ដឹងអំពីសុខភាពអាហាររូបត្ថម្ភអនាម័យការទប់ស្កាត់នឹងបង្ការជំងឺឆ្លងផ្សេងៗដើម្បីរួមចំណែកមួយយ៉ាងល្អក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។
៣-រួមគ្នាទប់ស្កាត់នៅរាល់បទល្មើសព្រៃឈើ និងការកាប់ទន្ទ្រានដីព្រៃឈើល្មើសច្បាប់តាមគ្រប់រូបភាព។
៤-ត្រូវសហការរួមគ្នាបន្តការដាំកូនឈើគ្រប់ប្រភេទបន្ថែមទៀតដើម្បីបង្កើនគម្របបៃតងដ៏ស្រស់ត្រកាលក្នុងខេត្ត-ក្រុងរបស់យើងក្នុងបរិវេណក្រុងស្អាត ភូមិឋានល្អផងដែរ។
៥-ជំរុញ និងបង្កើនផលិតកសិកម្មដាំដំណាំ និងចិញ្ចឹមសត្វប្រែក្លាយពីការធ្វើកសិកម្មដើម្បីចិញ្ចឹមក្រពះឲ្យទៅជាកសិកម្មដើម្បីពាណិជ្ជកម្មវិញដោយមិនត្រូវពឹងផ្អែកតែទៅលើផលានុផលព្រៃឈើមួយមុខឡើយ។

៦-ថែរក្សា និងអភិរក្សធនធានជលផលនៅតាមបឹងធម្មជាតិ និងសហគមន៍នេសាទឲ្យបានគង់វង្សលុបបំបាត់ឲ្យបាននូវការនេសាទខុសច្បាប់ដូចជាការ បំពុល ឆក់ ដែលធ្វើឲ្យអន្តរាយដល់ធនធានមច្ឆាជាតិ៕




No comments:

Post a Comment