Tuesday, July 09, 2019

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ការបំផ្លាញសន្តិភាពគឺជាការងាយតែការស្វែងរក និងការរក្សាសន្តិភាពទើបជាការលំបាក

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងថា ការបំផ្លាញសន្តិភាពគឺជាការងាយតែការស្វែងរក និងការរក្សាសន្តិភាពទើបជាការលំបាក ដូចមានឧទាហរណ៍ជាក់ស្តែង ចំពោះការបញ្ឆេះសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួន ដែលនៅតែមិនទាន់អាចបញ្ចប់បានរហូតដល់ពេលបច្ចុប្បន្ន បើទោះជា ការប្រយុទ្ធគ្នាបានកើតឡើងអស់ជាច្រើនឆ្នាំ និងបានឆក់យកជីវិតជនស្លូតត្រង់រាប់ម៉ឺនសែននាក់។ លោកក៏ធ្លាប់លើកឡើងដែរថា ទោះបីជាកម្ពុជាមានសន្តិភាព តែកងយោធពលខេមរភូមិន្ទ ត្រូវតែហ្វឹកហាត់ជាប្រចាំ ដើម្បីការពារជាតិ។
គួរបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្រ្គាមស៊ីវិលរាប់ទសវត្ស ដោយចាប់ផ្តើមពីរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ឆ្នាំ១៩៧០ រួចហើយប្រទេសធ្លាក់ចូលក្នុងរបបខ្មៅងងឹតខ្មែរក្រហម នៅឆ្នាំ១៩៧៥ ដល់ ១៩៧៩។ របបខ្មែរក្រហមបានដួលរលំ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយប្រជាជនត្រូវបានរំដោះពីរបបនេះក៏ពិតមែន តែការផ្ទុះអាវុធនៅតែបន្តកើតមានជាបន្តបន្ទាប់រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជា ស្គាល់នូវសន្តិភាពពេញលេញឡើងវិញ ហើយសន្តិភាពពេញលេញប្រកបដោយស្ថិរភាពនេះហើយ បាននាំកម្ពុជាឱ្យស្គាល់នូវការអភិវឌ្ឍជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយរៀងរាល់ឆ្នាំ។
យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវជាញឹកញាប់ឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពរបស់កម្ពុជា ហើយត្រូវចូលរួមប្រឆាំងចំពោះក្រុមណាមួយ ដែលប៉ុនប៉ងបំផ្លាញសន្តិភាពនេះ ដោយចង់នាំកម្ពុជាធ្លាក់ចូលសង្រ្គាមជាថ្មី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គ ការសហប្រជាជាតិ លើកទី៤១ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ថា សន្តិភាពបានបើកឱកាសសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ កម្ពុជាដែលពីមុនត្រូវបានញាំញី និងបំផ្លិចបំផ្លាញដោយសង្រ្គាមរ៉ាំរ៉ៃ ការបែកបាក់ជាតិ ការបែងចែកទឹកដី និងអសន្តិសុខគ្រប់ទីកន្លែង ឥឡូវបានក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីទាំងស្រុង មានសន្តិសុខរឹងមាំ និងក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញមួយនៅក្នុងតំបន់និងពិភពលោក៕

No comments:

Post a Comment