Tuesday, July 09, 2019

កងទ័ពជើងទឹក និងអាជ្ញាធរខេត្ត ត្រូវបន្តសហការល្អជាមួយគ្នា ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ

ព្រះសីហនុ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អមដំណើរដោយ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងអស់លោកជាឧត្តមសេនីយ៍ ឧត្តមនាវី ជាច្រើនរូប បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយមាស ជូនដល់កងកម្លាំងសរុបចំនួន៣៨២នាក់ ក្នុងនោះកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំនួន២៦២នាក់ និងតំបន់ប្រតិបត្តិការសឹករង ព្រះសីហនុចំនួន១២០នាក់ ដែលបានសហការបំពេញភារកិច្ច ក្នុងការជួយសង្រ្គោះរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុ នៃការដួលរលំអគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។
បន្ទាប់ពីមតិស្វាគមន៍របស់ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររួចមក លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលទើបបានទទួលដំណែងជាអភិបាលខេត្តថ្មីៗនេះ ក៏បានអញ្ជើញណែនាំខ្លួន និងថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលតែងបានរួមសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុនាពេលកន្លងមក។ លោកក៏បានសំណូមពរសូមឲ្យកងទ័ពជើងទឹក និងអាជ្ញាធរខេត្ត នៅតែបន្តសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងមតិសំណេះសំណាលលោក គន់ គីម បានកោតសរសើរដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីជួយសង្រ្គោះជនរងគ្រោះ ក្រោមគំនរអគារបាក់បែក ជួយដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ និងជួយដឹកសពទៅតាមបណ្តាខេត្ត ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីជាតិ។ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងផ្តាំផ្ញើសូមឱ្យកងកម្លាំងទាំងអស់ ត្រូវចេះគោរពស្រឡាញ់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ។
លោកបានបន្តទៀតថា កងកម្លាំងទាំងអស់ត្រូវតែការពារឱ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រឡើងពីការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌ និងប្រឆាំងដាច់ខាតរាល់ការញុះញង់ទាំងឡាយណា ដែលប៉ះពាល់ដល់សុខសន្តិភាពរបស់ប្រទេសជាតិ ៕




No comments:

Post a Comment