Tuesday, July 09, 2019

កងយោធពលខេមរភូមិន្ទ ស្ម័គ្រចិត្តបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត»

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាង៣០០នាក់ បានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត» នៅក្នុងសាលប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ឋាន សុខេន មេបញ្ជាការរង នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។
លោក ឋាន សុខេន បានបញ្ជាក់ថា ការរៀបចំពិធីបរិច្ចាគឈាមនេះ គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសុខាភិបាល និងសុខុមាលភាព របស់ប្រជាជននៅទូទាំងប្រទេសស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៦ គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រ វិស័យសុខាភិបាល គឺសំដៅលើកកម្ពស់សមត្ថភាព និងអាហារូបត្ថម្ភ របស់ប្រជាជនទៅតាមរយៈក្នុងការពង្រឹង និងពង្រីកសេវាសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាព ហើយកងយោធពលខេមរភូមិន្ទក្រៅពីភារកិច្ចស្នូល មានភារកិច្ចជួយដល់ការងារសង្គមផងដែរ ដូចជាការងារជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះអន្តរាយផ្សេងៗ។ ជាក់ស្ដែងកងកម្លាំងដែលស្ម័គ្រចិត្ត ធ្វើការបរិច្ចាគឈាមនៅពេលនេះ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលត្រូវការឈាម។
លោក បានបញ្ជាក់ថា បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នឹងនៅតែបន្តប្រារព្ធកម្មវិធីបរិច្ចាគឈាមនេះជាបន្តបន្ទាប់ ដើម្បីបង្ហាញឲ្យឃើញពីភាពអង្គអាចក្លាហាន មុះមុតរបស់កងកំលាំង ពលទាហានទាំងអស់ ក្នុងទឹកចិត្តស្នេហាជាតិ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ការបរិច្ចាគឈាមនាពេលនេះ គឺមានគោលបំណងសំខាន់២គឺ ទី១បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និង ជំរុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ ឬសាសនា។

ទី២ ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ក្នុងសង្គម។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលបានចូលរួមក្នុងការបរិច្ចាគឈាមយ៉ាងច្រើនកុះករ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ៕




No comments:

Post a Comment