Monday, March 04, 2019

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ចំណាយទឹកប្រាក់ប្រមាណ ៣៦លានដុល្លារអាមេរិក

នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានី ភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។
គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងគម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿងផងដែរ។
ភូមិសាស្រ្តនៅក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្នកំពុង តែត្រូវបានពង្រីកវិសាលភាពយ៉ាងធំទូលាយផងដែរ ដែលរួមមាន១២ខណ្ឌ ហើយក្នុងពេលថ្មីៗនេះយើងបានបង្កើត២ខណ្ឌបន្ថែមទៀតដែលសរុបមានចំនួន១៤ខណ្ឌ ហើយទំហំផ្ទៃដីក៏ចេះតែមានការកើនឡើង ជាបន្តបន្ទាប់ផងដែរ។
យោងតាមសាលារាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ប្រើរយៈពេលប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដែលគម្រោងនេះនឹងរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាធ្វើឱ្យបរិស្ថាននៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កាន់តែប្រសើរឡើងផងដែរ។
បច្ចុប្បន្ននេះ រាជធានីភ្នំពេញរបស់យើងកាន់តែមានការរីកចម្រើនទៅ មុខជាលំដាប់ដែលក្នុងនោះយើងឃើញថា អគារខ្ពស់ៗ និងទំនើបៗ កំពុងតែកើតមានឡើងរីកស្គុះស្គាយជាច្រើនផងដែរ ពាសពេញ ទីក្រុងភ្នំពេញ បើយើងប្រៀបធៀបពីអតីតកាលជាពិសេស ក្រោយពេល ដែលទើបបញ្ចប់សង្រ្គាម ទីក្រុងភ្នំពេញដែលស្ទើរតែគេហៅថាជាទី ក្រុងខ្មោចទៅហើយ ប៉ុន្តែបច្ចុប្បន្ននេះ រាជធានីភ្នំពេញបានអភិវឌ្ឍយ៉ាង ឆាប់រហ័សដោយក្នុងនោះកំណើនយានយន្តក៏មានការកើនឡើង បញ្ហានៃការកកស្ទះចរាចរណ៍ក៏មានការកើនឡើងផងដែរដែលទាំងអស់នេះដោយសារតែការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានចំនួនកាន់តែច្រើនឡើង។

តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញ ជាមួយដៃគូ អភិវឌ្ឍន៍នានា ជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុននោះ បានអនុវត្តន៍គម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ចំនួន៣លើករួចមកហើយ ដែលលើកនេះគឺជាគម្រោងទី៤។ តាមរយៈគម្រោងទាំង៣កន្លងមក បានជួយឲ្យរាជធានីភ្នំពេញគេចផុត ពីការគំរាមកំហែងដោយទឹកជំនន់ និងបានជួយកសាងប្រព័ន្ធលូកាន់តែល្អ ប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង៕





No comments:

Post a Comment