Monday, March 04, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការស្នើសុំនីតិសម្បទាសិទ្ធិធ្វើនយោបាយឡើងវិញ អាចនឹងបញ្ចប់នៅមុនឬក្រោយចូលឆ្នាំខ្មែរខាងមុខនេះ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «ទ្វារបើកហើយ អ្នកចូលឬមិនចូលអាស្រ័យលើអ្នក ហើយទ្វារដែលបើកហើយវាក៏អាចបិទវិញបានដែរ។ បើអ្នកព្រងើយកន្តើយហើយ ចង់ទាមទារ នេះទាមទារនោះ លក្ខខណ្ឌនេះ លក្ខខណ្ឌនោះ អ្នកត្រូវដឹងថា អ្នកត្រូវរង់ចាំដល់ខែវិច្ឆិកា ឆ្នាំ២០២២»។ លោកបានប្រសាសន៍បន្តថា បើនៅតែព្រងើយកន្តើយ ទ្វារអាចនឹងបិទនៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ទោះបីដាក់ពាក្យសុំក៏លោកមិនអើពើ បើនៅតែបន្តប្រើសម្តីឈ្លើយបែបនេះ។
លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សូមកុំរង់ចាំអ្វីទាំងអស់ កម្ពុជាជាប្រទេស ជាប្រទេសឯករាជ្យ អធិបតេយ្យ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រាជរដ្ឋាភិបាល បានខិតខំបើកទ្វារសម្រាប់អស់លោកអ្នក ប៉ុន្តែរឿងអស់លោកអ្នកចូលឬមិនចូល គឺជារឿងខ្លួនឯង ហើយកុំសង្ឃឹមថា នឹងមានការលើកលែងទោស ឬលើកលែងការចោទប្រកាន់ចំពោះអ្នកណានោះទេ៕







No comments:

Post a Comment