Monday, March 04, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បបួលមេចោរដែលលួចហ្វេសប៊ុករបស់លោកស្បថស្លាប់មួយពូជ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាថ្មីម្តងទៀតថា លោកសូមបបួលមេចោរហ្វេសប៊ុកដែលបានលួចហ្វេសប៊ុករបស់លោកជាង១ម៉ោងមកស្បថឱ្យស្លាប់មួយពូជ ប្រសិនបើនិយាយថា មិនបានលួចនោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា មេចោរហ្វេសប៊ុករូបនោះបានលួចហ្វេសប៊ុករបស់លោកគ្រប់គ្រងជាង១ម៉ោង ហើយថែមទាំងបានបង្ហោះសារថា បើសិនក្រុមហ៊ុនហ្វេសប៊ុកហ៊ានបិទហ្វេសប៊ុករបស់លោក លោកនឹងបិទហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកបានបន្តថា នេះជាសារបង្ហោះមួលបង្កាច់ ដោយសារមេចោរហ្វេសប៊ុករូបនោះលេងហ្វេសប៊ុកមិនដែលឈ្នះលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការលួចហ្វេសប៊ុករបស់លោកនេះ គឺជាឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលពិភពលោកកំពុងតែថ្កោលទោសយ៉ាងខ្លាំង ហើយទង្វើនេះក៏វាបានប្រាសចាកពីផ្លូវច្បាប់ផងដែរដែលអាចនឹងត្រូវប្រឈមទោស។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេចូលលួចយកគ្រប់គ្រង និងបានបង្ហោះផ្សាយនូវព័ត៌មានប្រឌិតមួយចំនួនដែលអាចប៉ះពាល់ដល់សន្តិសុខសង្គមផងដែរ ហើយចោរលួចនោះក៏បានលុបចោលទិន្នន័យនៅក្នុងទំព័រហ្វេសប៊ុករបស់លោកផងដែរ។ គេសង្កេតឃើញថា ក្រោយការបង្ហោះបំភ្លៃមានការចែកចាយ (share) ជាច្រើនពីក្រុមអ្នកលេងហ្វេសប៊ុកដែលមាននិន្នាការប្រឆាំងផងដែរ៕




No comments:

Post a Comment