Monday, January 14, 2019

ប្រធានរដ្ឋសភាឡាវ កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា

ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ។ជំនួបនេះធ្វើឡើង នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកស្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នៅទឹកដីអង្គរ ព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភាកម្ពុជា និងឡាវ ក៏បានចុះអនុស្សារណៈយោគយល់គ្នាផងដែរ ក្នុងការពង្រឹងកិច្ចសហប្រតិការជាមួយគ្នា ឱ្យកាន់តែរឹងមាំថែមទៀត។
លោក ហេង សំរិន និងលោកស្រី ផានី យ៉ាថូទូ បានសម្តែងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក។ លោកស្រី ផានី យ៉ាថូទូ បានថ្លែងអំណរគុណនិងអបអរសារទចំពោះការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ APPF លើទី២៧របស់សភាកម្ពុជាថាបានដំណើរល្អ ជាមួយខ្លឹមសារដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកស្រី បានសង្កេតឃើញថាប្រទេសកម្ពុជា មានការីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨។
លោកស្រីបានស្នើសូមប្រធានរដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ លោកស្រី ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទំាងពីរ ជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្ម កម្ពុជា-ឡាវ ដែលនៅមានកម្រិតឱ្យបានកើនឡើង ហើយរដ្ឋសភាប្រទេសឡាវ បានថ្លែងអំណរគុណដែលកម្ពុជាបានសន្យាទិញថាមពលអគ្គិសនីផងដែរ។

លោក ហេង សំរិន ក៏បានកោតសរសើរចំពោះរដ្ឋសភាឡាវ ដែលបានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់តំបន់ គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕


No comments:

Post a Comment