Monday, January 14, 2019

ថ្ងៃស្អែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញប្រកាសបង្កើតជា ផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ

ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹកវប្បធម៌អាស៊ី (ACC) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញប្រកាសពីការបង្កើតជា ផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ដែលជាដែន ជង្រុកវប្បធម៌ និងប្រាង្គប្រាសាទរបស់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានការអញ្ជើញចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦ប្រទេសនៅទូទាំងអាស៊ី។ នៅថ្ងៃស្អែកនេះ វាគ្មិនជាតិ និងអន្តរជាតិនឹងចូលរួមក្នុងកិច្ចពិភាក្សាតុមូល ទៅលើប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះនិងអត្តសញ្ញាណអាស៊ី ២. ការតភ្ជាប់រវាងវប្បធម៌និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤. ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។

បន្ទាប់ពីកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ទាំង៤នេះ លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស នៃ ACC នឹងថ្លែងចំណាប់ អារម្មណ៍នៅពេលល្ងាច ដើម្បីប្រកាសពីការបង្កើតក្រុមប្រឹក្សាវប្បធម៌ អាស៊ីជាផ្លូវការ រួចលោកនឹងអញ្ជើញជាអធិបតីក្នុងពិធីលៀង សោយភោជន៍ នៅទីលានជល់ដំរីនៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវជាង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ។

លុះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ អ្នករៀបចំព្រឹត្តិការណ៍ ACC នឹងរៀបចំ ដំណើរកម្សាន្តជូនដល់បណ្ដាភ្ញៀវដែលមានបំណងអញ្ជើញទស្សនារមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរដែលត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ។ លើសពីការលើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមកនិងការផ្លាស់ប្ដូរវប្បធម៌នោះ ព្រឹត្តិការណ៍ ACC ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ គឺ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ឯកភាពក្នុងភាពចម្រុះជាតិសាសន៍ និងការ ផ្សារភ្ជាប់ប្រជាជាតិនានានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិក។ ព្រឹត្តិការណ៍នេះក៏នឹងផ្ញើចេញនូវសារដ៏មានអំណាចនិងវិជ្ជមានទៅដល់ពិភពលោកខាងក្រៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍ដែលភ្ញៀវ ទទួលបានថា ព្រះរាជាណាចក្រកម្ពុជាមាននូវសក្ដានុពល ដ៏ធំធេងសម្រាប់ កំណើននៃទេសចរណ៍ វប្បធម៌ និងសម្រាប់ការវិនិយោគ។

សូមបញ្ជាក់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈ កម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាល ភាពនៃការងារឲ្យកាន់តែទូលំទូលាយ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌ អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយ នៅអាស៊ី។ ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៊ី ត្រូវបានប្រគល់តួនាទី ឱ្យរៀបចំឯកសារគោលសម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ស្របតាមសេចក្តី សម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ច ប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦។

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅ ក្នុងប្រទេសកម្ពុជា ហើយសម្រេចជ្រើសរើសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។ ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាព សម្បូរបែប លើកកម្ពស់សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍ ប្រកប ដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខដុមរមនា៕




No comments:

Post a Comment