Monday, January 14, 2019

នរគបាលជាតិកម្ពុជា-វៀតណាម បន្តប្តេជ្ញាខិតខំរួមសហការគ្នា ក្នុងគោលដៅថែរក្សាឱ្យបានរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម

តបតាមការអញ្ជើញរបស់ឧត្ដមសេនីយ៍ឯកបម្រុង តូ ឡឹម រដ្ឋមន្ត្រីក្រសួង នគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងដោយបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួចមក លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហ ប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងទាំងពីរចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ទាំងក្នុង និងក្រៅក្របខណ្ឌ នៃផែនការសហប្រតិបត្តិការឆ្នាំ ២០១៨ កន្លងទៅ លើការងារសំខាន់ៗមួយចំនួន ដូចជា កិច្ចសហការបង្ការ និងបង្ក្រាបបទ ល្មើសគ្រប់ប្រភេទ ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិ ការផ្លាស់ប្ដូរទស្សនកិច្ចគណប្រតិភូ ការជួយគាំទ្រគ្នាទៅ វិញទៅមកលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបច្ចេកទេស បម្រើអោយការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈជាដើម ដែលតាមរយៈលទ្ធផលគួរឱ្យស្ញប់ស្ញែង ទាំងនេះ បានរួមចំណែកកាន់តែខ្លាំងក្លាថែមទៀតដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ។
ជាមួយនឹងការសម្រេចបានលទ្ធផលក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងទៅ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ និងឯកភាពយកចិត្តទុកដាក់បន្តអនុវត្ត កិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន៖
-បន្តចាត់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ ប្រភេទនៅតាមច្រករបៀង និងតាមភូមិសាស្ត្រស្មុគស្មាញមួយចំនួន ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធាន ធម្មជាតិផ្សេងៗ តាមបណ្ដាខេត្តជាប់ព្រំដែនមួយចំនួន។
– បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួច ឆ្លងដែនខុសច្បាប់។
– បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះ ស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។

ក្នុងន័យនេះភាគីទាំងពីរប្តេជ្ញាខិតខំរួមសហការ និងចែករំលែកបទពិសោធន៍ គ្នាទៅវិញទៅមក ក្នុងគោលដៅថែរក្សាឱ្យបានរឹងមាំនូវសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ៕



No comments:

Post a Comment