Monday, January 14, 2019

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៣៤ ដែលលោក ហ៊ុន សែន ទទួលតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ ថាថ្ងៃនេះ គឺជាខួបលើកទី៣៤ ដែលលោកបានទទួលតំណែងជា «នាយករដ្ឋមន្រ្តីនៃកម្ពុជា» (១៤ មករា ១៩៨៥-១៤ មករា ២០១៩)។ លោកបានបន្តថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីលោកបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញមុខនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ នៅពេលដែលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ សហភាពសូវៀត។
លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាតិ៥៣គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។
គួរបញ្ជាក់ថា បើគិតពីរយៈពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមក្នុងរដ្ឋាភិបាលគឺចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មកទល់ពេលនេះ គឺមានរយៈពេល ៤០ឆ្នាំហើយ។ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យជូនជាតិមាតុភូមិកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្រ្តី ដោយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរដ្ឋ ពិសេសគឺលោក ហេង សំរិន លោក ជា ស៊ីម លោក សាយ ភូថង និងលោក ជា សុទ្ធ។ល។ តាមរយៈការបោះឆ្នោតជាសម្ងាត់ នៅក្នុងរដ្ឋសភាដែលលោកទទួលបានសំឡេងឆ្នោតគាំទ្រ១០០%។ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ គ្មានសន្លឹកឆ្នោតមោឃៈ។ ដោយសារកម្លាំងគាំទ្រដ៏ខ្លាំងបែបនេះហើយ ទើបធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចបាននូវរបៀបវារៈនយោបាយដែលប្រជាជនកម្ពុជា បាននិងកំពុងទទួលផលរហូតដល់សព្វថ្ងៃនេះ៕








No comments:

Post a Comment