Thursday, October 18, 2018

ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹងចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជាដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ

(ហ្សឺណែវ, ស្វីស)៖ លោកស្រី Gabriela Cueva Barron ប្រធាន​សហភាពអន្តរសភា IPU បានអបអរ​សាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា​សម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យ​នៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
ការអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសលោកស្រីប្រធានសភា IPU ឯកភាព​ទទួលជួបសម្តែងការគួរសមជា មួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បាន​នាំនូវសារអបអរសាទរពីលោក ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកស្រី ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែងក្នុងឋានៈលោកស្រី ជាប្រធានសហភាពអន្តរសភា ដែលមានសមាជិកដល់ទៅ១៧៨ប្រទេសនៅទូទាំងពិភពលោកឆ្ពោះទៅរកជោគជ័យជានិច្ច។
​លោកស្រី ឃួន សុដារី ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងការបោះឆ្នោតជាសាកលចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលបានប្រកួតប្រជែងដើម្បីអាសនៈសភា ដែលនេះ​គឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់នៃពហុគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយ​ចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវនិងស្ថេរភាពជាទូទៅនៅកម្ពុជា។
សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នក​ចូលរួមបោះឆ្នោតជិត ៧លាននាក់ បើគិតជាភាគរយ​៨៣.០២% នៃអ្នកចុះបញ្ជីបោះឆ្នោតសរុប បានបោះ​ឆ្នោត និងបានធ្វើការជ្រើសរើស តាមបែបផែននយោ​បាយ​ដោយសេរីរបស់ខ្លួន។ ដោយឡែកអ្នកសង្កេត​ការណ៍អន្តរជាតិ ចំនួន៥៣៩មកពីប្រទេសជាង ៥០​ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការ​អនុវត្តលទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
បន្ថែមលើនេះទៀត លោកស្រីអនុប្រធានទី២រដ្ឋសភា បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិមួយក្តាប់តូចនាំគ្នាដើរបំភ្លៃ​ការពិត​បោកប្រាស់អន្តរជាតិក្នុងចេតនាអាក្រក់ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែរីកចម្រើនអត់ឈប់ឈរក្នុងកំណើនសេដ្ឋកិច្ច៧%ជាប្រចាំឆ្នាំ។
តាមការណែនាំរបស់ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី បានអញ្ជើញលោកស្រីប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នំា២០១៩ ក្នុង​ឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកស្រីពិនិត្យអំពីស្ថាន​ភាពពីអំពីកម្ពុជាផងដែរ។
ជាការឆ្លើយតបលោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា បានឯកភាពដឹកនាំគណៈ​ប្រតិភូចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក និងបានអបអរសាទរយ៉ាងពេញ​ទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបានជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជាដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕





No comments:

Post a Comment