Thursday, October 18, 2018

គណៈកម្មាធិការអាហារូបករណ៍សម្តេច ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ចាប់ឆ្នោតលើកទី ២ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សារបស់បេក្ខជនដែលទទួលបានអាហារូបករណ៍សិស្ស និស្សិតក្រីក្រ

ព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីចាប់ឆ្នោតលើកទី ២ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សារបស់បេក្ខជនដែលទទួលបានអាហារូបករណ៍សិស្ស និស្សិតក្រីក្រ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ គណៈកម្មាធិការ តំណាងលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយមានបេក្ខជនចំនួនជិត ៤០០នាក់ ចូលរួមចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានសិក្សាទៅតាមមុខវិជ្ជាជំនាញដែលខ្លួនបានជ្រើសរើស។
លោក សុខ ពុទ្ធិវុធ បានថ្លែងក្នុងឱកាសនោះថា គណៈកម្មាធិការអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក្នុងគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា កាត់បន្ថយបន្ទុកគ្រួសារក្នុងការបង់ថ្លៃសិក្សា ជាពិសេសផ្តល់ឱកាសដល់សិស្ស និស្សិតក្រីក្រ មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
លោកបានបន្តថា ចំពោះការចាប់ឆ្នោតនេះ គឺធ្វើឡើងដើម្បីបង្ហាញពីតម្លាភាពចំពោះប្អូនៗ ដោយសារអាហារូបករណ៍ដែលផ្តល់ដោយសារគ្រឹះស្ថាននីមួយៗ មានកំណត់ ដូច្នេះប្រសិនបើប្អូនៗចាប់ឆ្នោតពុំបានរៀននៅគ្រឹះស្ថានដែលខ្លួនចង់រៀនសូមកុំអាក់អន់ចិត្តអី ឬបោះបង់ឱកាសអី ហើយត្រូវបន្តខិតខំរៀនសូត្រឱ្យបានល្អ ព្រោះទៅថ្ងៃមុខគេពុំបានគិតថាយើងចេញមកពីសាលាណាទេ ប៉ុន្តែគេគិតពីគុណភាពនៃចំណេះដឹងរបស់យើង។
លោក ក៏បានជម្រាបប្អូនៗពីការត្រៀមខ្លួនក្នុងការចាប់ឱកាសទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោតលើបច្ចេកវិទ្យាទំនើបហើយនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ដូច្នេះប្រសិនបើយើងចាប់យកឱកាសនេះបានវានឹងធ្វើឱ្យយើងមានការរីកចម្រើន ហើយដើម្បីអាចចាប់ឱកាសនេះបានលុះត្រាតែយើងធ្វើការអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាធនធានមួយដ៏ពិតប្រាកដ។
ជាចុងក្រោយ លោក សុខ ពុទ្ធិវុធ បានផ្តាំផ្ញើដល់ប្អូនៗត្រូវធ្វើជាមនុស្សដែលមានចំណេះដឹង ហើយស្មោះត្រង់ទើបការងាររបស់យើងអាចដំណើរការដោយរលូនទទួលបានជោគជ័យ ឧទាហរណ៍ជាក់ស្តែង គឺថ្នាក់ដឹកនាំប្រទេស ក៏ដូចជាវីរជនរបស់យើង ដោយសារតែភាពស្មោះត្រង់ សាមគ្គីគ្នាជាធ្លុងមួយ ទើបអាចរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំប្រទេសទទួលបានសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។ លោកក៏បានផ្តាំផ្ញើបន្ថែមដល់ប្អូនៗសូមកុំមានអារម្មណ៍ថាឯកោ ប្រសិនបើមានបញ្ហាអីសូមទាក់ទងក្រុមការងារសម្របសម្រួលដើម្បីជួយដោះស្រាយបញ្ហា ព្រោះលោកនាយករដ្ឋមន្ត្រី និងភរិយា បានបង្កើតក្រុមការងារសម្របសម្រួលដើម្បីជួយដល់ប្អូនៗ ប៉ុន្តែទន្ទឹមនឹងនោះ ប្អូនៗក៏ត្រូវខិតខំជួយដល់ខ្លួនឯងជាមុនសិនដែរ។
សូមបញ្ជាក់ថានេះគឺជាការចាប់ឆ្នោតជ្រើសរើសគ្រឹះស្ថានសិក្សាលើកទី២ របស់បេក្ខជនអាហាររូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលើកទី១ ធ្វើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ និងលើកទី៣ នឹងធ្វើនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។










No comments:

Post a Comment