Thursday, October 18, 2018

គ.ជ.ប នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៨ នៅទីស្ដីការរបស់ខ្លួន

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ គណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការបញ្ចប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ និងការរៀបចំបញ្ជីបោះឆ្នោតដំបូង ការត្រៀមបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ព្រមទាំងការអញ្ជើញ ប្រជាពលរដ្ឋទៅពិនិត្យ មើលបញ្ជីឈ្មោះ។
កិច្ចប្រជុំខាងលើនេះ នឹងរៀបចំឡើងនៅសាលសន្និសីទសារព័ត៌មាន ជាន់ទី១ នៃទីស្ដីការ គ.ជ.ប អគារថ្មី ស្ថិតនៅតាមវិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៨ ក៏ដូចជា ការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ របស់អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោត ជាដើមនោះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះហើយ។
គ.ជ.ប បានឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែតុលា មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន ១៨០,៩៤៤នាក់ ហើយប្រជាពលរដ្ឋដែលបាន លុបចេញពីបញ្ជីមានចំនួន ៤១,៤៥៩នាក់ ចំណែកឯប្រជាពលរដ្ឋដែលបានកែតម្រូវទិន្នន័យមានចំនួន ១,៣៨១នាក់ ៕

No comments:

Post a Comment