Thursday, April 26, 2018

ក្រុម​អ្នក​តវ៉ា​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​សង្រ្គាម​ទៅ​លើ​គម្រោង Doi Suthep

បណ្តាញ​សង្គម​ស៊ី​វិល​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​ធ្វើ​ការ​តវ៉ា​របស់​ខ្លួន ​កាន់​តែ​ខ្លាំង​ឡើង​ប្រ​ឆាំង​នឹង​គម្រោង​សាង​សង់​លំនៅ​ដ្ឋាន​របស់​រដ្ឋ​ដែល​នៅ​ជាប់​នឹង​គម្រោង​ Doi Suthep ដោយ​ប៉ុន​ប៉ងបង្ខំ​ឱ្យ​នាយក​រដ្ឋ​មន្រ្តី​ Prayut Chan-o-cha ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​បង្វិល​​តំបន់​នេះ​ឱ្យ​ទៅ​ជា​តំបន់​ធម្ម​ជាតិ​វិញ។

លោក Theerasak Roopsuwan ដែល​ជា​សហ​ដឹក​នាំ​ក្រុម​បាតុ​ករ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា លោក Prayut ត្រូវ​តែ​ស្តាប់​សម្លេង​របស់​ប្រ​ជា​ជន​ដែល​មិន​យល់​ស្រប​នឹង​ការ​អភិ​វឌ្ឍ​ដី​ក្នុង​តំបន់​ព្រៃ​​លើ​ភ្នំ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​ភាគ​ខាង​ជើង​នេះ។

ដំណោះ​ស្រាយ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ក្រសែ​ភ្នែក​របស់​ក្រុម​បាតុ​ក​រ​ គឺ​ការ​កំទេច​​អាគារ​ទាំងនេះ​ចោល រាប់​បញ្ចូល​ទាំងផ្ទះ​ថ្មី​របស់​មន្រ្តី​​តុ​លាការ​​ និង​គេ​ហ​ដ្ឋានចំនួន​​៤៥​ ខ្នង ដែល​ឥឡូវ​នេះ​កំពុង​តែ​ត្រូវ​បាន​គេ​សាង​សង់ឡើង​​សម្រាប់​មន្រ្តី​​យុ​ត្តិ​ធម៌​​នៃ​ការិយា​ល័យ​តុលា​ការ​ឧទ្ធរណ៍ក្នុងតំបន់​៥ លើ​ទំហំ​ដីប្រ​មាណ​​១២៧ រ៉ៃ។

ដោយ​សារ​តែ​តំបន់​នេះ​ត្រូវ​បាន​គេ​ប្រ​កាស​ថា ជា​តំបន់​ព្រៃឈើដែល​មាន​ការ​ធ្លាក់​ចុះ​ និង​ជា​កម្ម​សិទ្ធិ​របស់​នាយក​ដ្ឋា​ន​រត​នា​គារផង​នោះ ​ក្រុម​មន្រ្តី​រដ្ឋា​ភិបាល​និយាយ​ថា គម្រោង​នេះ​មិន​អាច​រំលោភ​ច្បាប់​ណា​មួយ​បាន​ទេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​ប្រ​ឆាំង​របស់​ខ្លួន​ដែល​កំពុង​តែ​សម្លឹង​មើល​បញ្ហា​នេះ​ នៅ​ក្នុង​ទស្សនៈ​វិស័យ​បរិ​ស្ថាន​ ពួក​គេ​មើល​មិន​ឃើញ​ផល​ប្រ​យោជន៍​ពី​ការ​សាង​សង់​នេះ​ទេ មួយ​ផ្នែក​នៃ​សំណង់​នេះ​ស្ថិត​នៅ​ជម្រាល​ភ្នំ​ដែល​ធ្វើ​ឱ្យ​អាគារ​ទាំង​នេះ​ងាយ​រង​គ្រោះ​ដោយ​សារគ្រោះ​​មហន្ត​រាយ​ធម្ម​ជាតិ។

មូល​និ​ធិ​ Seub Nakhasathien Foundation ដែល​ជា​ក្រុម​​បរិ​ស្ថានបាន​មើល​ឃើញ​អា​គារ​ទាំង​នេះថា ជា​រឿង​ដែល​គ្រោះ​ថ្នាក់ ហើយ​បាន​ព្រ​មាន​រដ្ឋា​ភិបាល​ថា គម្រោង​នេះ​នឹង​បំផ្លាញ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​តំបន់​ព្រៃ​​ដែល​កំពុង​តែ​ធ្លាក់​ចុះនៅ​ក្នុង​ប្រ​ទេស​ថៃ។

លោក Bannarot Buakhli ដែល​ជា​មេ​ដឹក​នាំ​បាតុកម្ម​សំខាន់​ម្នាក់​ទៀត​បាន​និយាយ​ថា «​យើង​ចង់​ឱ្យ​ប្រ​ជា​ជន​នៅ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ និង​បណ្តា​ខេត្ត​នៅ​ក្បែរៗ​នេះបង្ហាញ​ជា​កម្លាំង​រួម​គ្នា​ឡើងនៅ​ថ្ងៃ​​ទី​២៩ ខែ​មេ​សា​»។

ពួក​គេ​​បាន​ជ្រើ​ស​រើស​យក​ថ្ងៃ​អា​ទិត្យ ដោយ​សារ​តែ​បណ្តាញ​របស់​គាត់​រំពឹង​ថា​នឹង​មាន​ដំ​ណោះ​​ស្រាយ ដូច​ដែល​បាន​ពិ​ភាក្សា​គ្នា​នៅ​ឯ​កិច្ច​ប្រ​ជុំ​កាល​ពី​សប្តាហ៍​មុន​ រវាង​គណៈ​កម្មាធិ​ការ​សង្គម​ស៊ី​វិ​ល​របស់​រដ្ឋ​ និង​អភិ​បាល​ខេត្ត​ឈៀង​ម៉ៃ ហើយ​បន្ទាប់​មក​នឹង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី។

លោក Prayut ត្រូវ​បាន​គេ​រំពឹង​ថានឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​ជោគ​វាសនា​របស់​គម្រោង​នេះ​ នៅ​ដើម​ខែ​ក្រោយ​។

កិច្ច​ប្រ​ជុំ​​ត្រូវ​បានគេ​​ព្រម​ព្រៀង​គ្នា​ថា​នឹង​ស្តារ​តំបន់​នេះឡើង​វិញ និង​ស្វែង​រកទី​តាំង​​​ថ្មី​​សម្រាប់​មន្រ្តី​យុត្តិ​ធម៌​ ប៉ុន្តែ​មិ​ន​អាច​ដោះ​ស្រាយ​បាន​ទេ​ ថា​តើ​អាគារទាំង​នេះ​គួរ​ត្រូវ​បាន​គេ​កំទេច​ចោល​ឬ​យ៉ាង​ណា។

លោក Bannrot បាន​និយាយ​ថា ប្រ​សិន​បើ​បណ្តាញ​នេះ​មិន​បាន​ឮ​ដំណឹង​ល្អ​ពី​នាយក​រដ្ឋ​មន្រ្តី​ទេ​ ក្រុម​នេះ​នឹង​​ប្រ​មូល​អ្នក​គាំទ្រ​ឱ្យ​កាន់​តែ​ច្រើន​ និង​បង្វែរ​ការ​ប្រយុទ្ធ​ប្រ​ឆាំង​របស់​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​សង្រ្គាម៕

ប្រភព៖ Bangkok Post ចុះថ្ងៃទី២៤ ខែមេ​សា ឆ្នាំ២០១៨


No comments:

Post a Comment