Thursday, April 26, 2018

ការបោះឆ្នោតនៅម៉ាឡេស៊ី និងអាស៊ីអាគ្នេយ៍៖ បញ្ហា​ផ្សេង​ៗ និង​ផល​វិបាក​ទាំង​ឡាយ

ការបោះឆ្នោតនៅម៉ាឡេស៊ីអាណត្តិទី១៤ នឹងមកដល់នៅថ្ងៃទី០៩ ឧសភា ២០១៨ នេះ ត្រូវបានគេហៅថា ជាការបោះឆ្នោតដែលមានភាពប្រកួត និងមិនអាចទាយទុកបាន។ បក្សកាន់អំណាច Barisan Nasional (BN) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Najib Razak កំពុងប្រឈមមុខយ៉ាងខ្លាំងទៅនឹងការរស់រៀន ក៏ដូចជាភាពស្របច្បាប់នយោបាយរបស់គាត់ ហើយបក្សនេះកំពុងធ្វើអ្វីៗដែលខ្លួនអាចធ្វើដើម្បីបន្តកាន់អំណាច។ គូប្រជែងដ៏ចម្បងរបស់លោក Najib គឺគ្មាននរណាម្នាក់ក្រៅពីអតីតគ្រូរបស់គាត់ គឺលោក Mahathir Mohamad ។

ប្រហាក់ប្រហែលគ្នាទៅនឹងការបោះឆ្នោតលើកមុនៗដែរ ក៏ប៉ុន្តែការប្រកួតប្រជែងការបោះ​ឆ្នោត​អាណត្តិទី១៤ នេះ នឹងផ្តោតសំខាន់ទៅលើកិច្ចការក្នុងស្រុក ជាជាងកិច្ចការបរទេស។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចប្រងើយកន្តើយទៅនឹងការពិតបានឡើយ ដោយ​សារ​តែ​បញ្ហានយោបាយការបរទេស រាប់បញ្ចូលទាំងកិច្ចការអាស៊ីអាគ្នេយ៍ផងដែរនោះ បានឆ្លុះបញ្ចាំង​នៅក្នុងការបោះឆ្នោតម៉ាឡេស៊ី។

នយោបាយការបរទេសម៉ាឡេស៊ីនៅក្នុងអាស៊ីអាគ្នេយ៍

ការប្រៀបធៀបការបោះឆ្នោតអាណត្តិទី១៤ ដែលប្រកាសធ្វើឡើងជាសាធារណៈដោយគណ​បក្ស BN និងបក្សចម្រុះ Pakatan Harapan (PH) ថា សកម្មភាពមួយចំនួនអាចត្រូវបានគេដោះស្រាយបាន។ ការប្រកាសរបស់បក្ស PH នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនដែលមាន ៣ ទំព័រ ទាក់ទងទៅនឹងកិច្ចការបរទេសរបស់ម៉ាឡេស៊ីនៅលើឆាកពិភពលោក និងនៅក្នុងអាស៊ីអាគ្នេយ៍។

ទាក់ទងទៅនឹងអាស៊ីអាគ្នេយ៍ គណបក្សចម្រុះ PH មានបំណងដើម្បីលើកមុខមាត់របស់ ម៉ាឡេស៊ី​នៅក្នុងអាស៊ាន។ ជាឧទាហរណ៍ ម៉ាឡេស៊ីគួរតែដើរតួនាទីកាន់តែសកម្មបន្ថែមទៀតនៅក្នុងក្រុមការងារប្រចាំតំបន់ ដូចជាវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា និងការកសាងឱ្យមានរឹងមាំផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងវប្បធម៌សង្គមរបស់​សហគមន៏អាស៊ាននេះ។ ធនធានបន្ថែមទៀតគួរត្រូវបានគេចំណាយបន្ថែមទៅលើក្រសួងការ​បរទេសម៉ាឡេស៊ីដើម្បីពង្រឹងវត្តមាននៃប្រទេសនេះ នៅក្នុងផ្នែកគណៈកម្មការអន្តររដ្ឋា​ភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស។ សេចក្តីប្រកាសជាសាធារណៈរបស់បក្ស PH ក៏បានបង្ហាញ​ការគាំទ្រចំពោះជន Rohingya ហើយសេចក្តីប្រកាសជាសាធារណៈនោះ ក៏បានចង្អុល​បង្ហាញថា ម៉ាឡេស៊ីក៏មានជំហរមួយក្នុងឋានៈជាមហាអំណាចធុនកណ្តាល។

ផ្ទុយទៅវិញការប្រកាសរបស់គណបក្ស BN បានដាក់បញ្ហានយោបាយការបរទេសឱ្យនៅក្រោមផ្នែកស្តីពីការថែរក្សាអធិបតេយ្យជាតិ និងសន្តិសុខប្រជាជន។ ខណៈដែលខ្លួនមិនបាននិយាយអំពីតួនាទីម៉ាឡេស៊ីនៅក្នុងអាស៊ាន គណបក្សនេះក៏បានប្រកាសដោយសង្ខេបនូវ​គោល​នយោបាយមួយចំនួននៅក្នុងបរិក្ខាអាស៊ីអាគ្នេយ៍។ ឧទាហរណ៍ ខ្លួនបានរំលេចឱ្យឃើញ​នូវការប្រឹងប្រែងដើម្បីដោះស្រាយជម្លោះក្នុងតំបន់នៅថៃប៉ែកខាងត្បូង នៅប៉ែកខាងត្បូង Mindanao ប្រទេសហ្វីលីពីន និងនៅរដ្ឋ Rakhine ប្រទេសភូមា ក៏ដូចជាការពង្រីកនូវការ​ទូតផ្នែកវិស័យការពារជាតិក្នុងតំបន់ជាមួយប្រទេសទាំងឡាយដែលម៉ាឡេស៊ីមានព្រំដែនជាប់​ជាមួយ។

ជាការពិតហើយ ការចូលសម្របសម្រួលរបស់ម៉ាឡេស៊ី និងការខិតខំប្រឹងប្រែងមនុស្សធម៌ទាក់ទងទៅនឹងជម្លោះប្រចាំតំបន់នៅក្នុងអាស៊ីអាគ្នេយ៍ បានក្លាយទៅជានិមិត្តរូបមួយដ៏លេចធ្លោ តាមរយៈការដឹកនាំរបស់ប្រទេសនេះ និងឥទ្ធិពលរបស់ខ្លួននៅអាស៊ាន។ គេសង្ឃឹមថា គណបក្ស BN ដែលដឹកនាំរដ្ឋាភិបាលនឹងបន្តរក្សាបុព្វហេតុទាំងអស់នេះ ដោយគ្មានការរំខានច្រើននៅពេលដែលខ្លួនត្រឡប់មកកាន់អំណាចក្រោយការបោះឆ្នោតអាណត្តិទី១៤ នេះ។

ចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិរបស់គាត់ លោក Najib បានស្វះស្វែងដើម្បីធ្វើឱ្យប្រសើរឡើងនូវជំហររបស់ម៉ាឡេស៊ីនៅឆាកអន្តរជាតិ រាប់បញ្ចូលទាំងឥទ្ធិពលរបស់ខ្លួននៅក្នុងអាស៊ាន។ ជោគជ័យនៅក្នុងនយោបាយការបរទេសមានសារៈសំខាន់ណាស់សម្រាប់លោក Najib ដោយ សារតែស្ថានភាពនេះ រួមចំណែកដល់ការបង្កើនមុខមាត់ឱ្យកាន់តែខ្លាំងឡើងនឹងភាពស្របច្បាប់របស់គណៈបក្ស BN ដឹកនាំរដ្ឋាភិបាលនៅក្នុងប្រទេស។ ការដឹកនាំរបស់លោក Najib ត្រូវតែដោះស្រាយជាមួយនឹងក្រុមប្រឆាំងនយោបាយក្នុងស្រុក ដែលបានទទួលការគាំទ្រដ៏សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨ កន្លងមក។ នៅក្នុងការបោះឆ្នោតអាណត្តិទី១៣ គណបក្ស BN ដឹកនាំ រដ្ឋាភិបាលបានថមថយនៅក្នុងការបោះឆ្នោតឆ្នាំ​២០១៣ ហើយបានបង្កឱ្យមានភាពប្រឈមកាន់តែខ្លាំងឡើងនៅក្នុងផ្នែកនយោបាយសេដ្ឋ​កិច្ច និងសង្គមនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឱ្យភាពជាអ្នកដឹកនាំរបស់លោក Najib កាន់​តែ​ថមថយបន្ថែមទៀត។

នៅខណៈនេះ គេប្រហែលជាអាចសួរថា តើសមិទ្ធផលនយោបាយការបរទេស គឺជាមធ្យោ​បាយសម្រាប់រាល់ការបោះឆ្នោតទាំងអស់ ឬយ៉ាងណា ជាពិសេសចាប់តាំងពីការអនុវត្តនិន្នា​ការរបស់លោក Najib សម្រាប់គោលនយោបាយការបរទេស និងជោគជ័យដ៏សម្បើមនៅក្នុងផ្នែកនេះដែលហាក់ដូចជាមិនបានជួយដល់ការបោះឆ្នោតអាណត្តិទី១៣ ឡើយ។ ប៉ុន្តែគេក៏មិនអាចបដិសេធស្ថានភាពនោះកាលពីឆ្នាំ២០១៣ បានដែរ។ គណបក្ស BN បានព្យាយាមដើម្បីធ្វើឱ្យប្រាកដថា នយោបាយការបរទេសរបស់ខ្លួនធ្វើទៅតាមអ្វីដែលបានអនុវត្តនៅក្នុងសេចក្តីប្រកាសរបស់ខ្លួន កាលពីបោះឆ្នោតអាណត្តិទី១៣។ ឧទាហរណ៍ កាលពីម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានបានជួយឱ្យអាស៊ានបង្កើតឱ្យមានសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំនោះ​។ ម៉ាឡេស៊ីក៏បានបន្តការចូលរួមនៅក្នុងការខិតខំប្រឹងប្រែងបែបមនុស្សធម៌នៅក្នុងតំបន់មានជម្លោះ ដូចជា Mindanao នៅប៉ែកខាងត្បូងថៃ និងថ្មីនេះនៅរដ្ឋ Rakhine ភូមា។

ការគាំទ្រផ្នែកមនុស្សធម៌របស់ម៉ាឡេស៊ីសម្រាប់ជនអំបូរភាគតិចម៉ូស្លីម Rohingya គឺមិនត្រឹម​តែបង្ហាញទៅលើភាពជាអ្នកដឹកនាំនៅក្នុងកិច្ចការអាស៊ានប៉ុណ្ណោះទេ។ ចាប់តាំងពីការ​ថម​ថយការបោះឆ្នោតឆ្នាំ២០១៣ រដ្ឋាភិបាលដឹកនាំដោយលោក Najib ក៏បានស្វះស្វែងដើម្បីរក្សានូវសាសនាអ៊ីស្លាមនៅម៉ាឡេស៊ី ដែលជាការខិតខំប្រឹងប្រែងមួយដើម្បីទទួលបានការគាំ​ទ្រទៅដល់ការដឹកនាំនេះ ក៏ដូចជាការធានាដល់ការគាំទ្រសម្រាប់សហគមន៍ជនម៉ូស្លីមមាន​កំណើតម៉ាឡេស៊ី។

ទោះជាយ៉ាងណាក៏ដោយ បញ្ហានយោបាយការបរទេសដ៏មានសារៈសំខាន់បំផុតមួយសម្រាប់ អាណត្តិការបោះឆ្នោតទី១៤ នោះ គឺទំនាក់ទំនងជាមួយម៉ាឡេស៊ីជាមួយចិន។ វាមិន​មែនជាការភ្ញាក់ផ្អើលទេដែលថា បក្ស BN ដឹកនាំរដ្ឋាភិបាលមានទំនាក់ទំនងកាន់តែខ្លាំងជាមួយចិន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកាន់តែប្រសើរ និងភាពស្របច្បាប់ផ្នែកនយោបាយ។ សញ្ញាដែល​លេចធ្លោជាងគេនោះ គឺការចូលរួមកាន់តែខ្លាំងរបស់ម៉ាឡេស៊ីនៅក្នុងគំនិតផ្តួចផ្តើមផ្លូវមួយ​ខ្សែក្រវ៉ាត់មួយរបស់ចិន។

ការប៉ុនប៉ងរបស់លោក Najib ដើម្បីខិតទៅកាន់តែជិតប្រទេសចិនបាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីបក្ស PH ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសង្គម នយោបាយ និងសេដ្ឋកិច្ចសម្រាប់ប្រជាជនម៉ាឡេស៊ី។ ប៉ុន្តែទំនាក់ទំនងចិន និងម៉ាឡេស៊ីនេះ មិនគ្រាន់តែជាភាពចម្រូង ចម្រាស់នយោយក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលពាក់ព័ន្ធជាយុទ្ធសាស្ត្រសម្រាប់អាស៊ីអាគ្នេយ៍ផងដែរ។

នយោបាយការបរទេសរបស់លោក Najib បានស្វះស្វែងដើម្បីបង្កើតឱ្យម៉ាឡេស៊ីមានជំហរមួយជាច្រកទំនាក់ទំនងដ៏សំខាន់មួយ ដែលធ្វើឱ្យទំនាក់ទំនងចិន និងអាស៊ានអាចធ្វើឱ្យប្រសើរឡើងកាន់តែខ្លាំង។ ដូចគ្នាអញ្ចឹងដែរអ្នកនយោបាយកំពូលៗរបស់ចិនបានទទួលស្គាល់ថា ទំនាក់ទំនងចិនម៉ាឡេស៊ី គឺជាកម្លាំងស្រួចនាំមុខនៃទំនាក់ទំនងជាមួយចិន និងអាស៊ាន។ សម្រាប់ចិនវិញការកសាងឱ្យមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយម៉ាឡេស៊ី គឺជាមធ្យោបាយដ៏សំខាន់ដើម្បីពង្រីកផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិន ដ៏ធំធេង ក៏ដូចជាឥទ្ធិពលនៅក្នុងអាស៊ីអាគ្នេយ៍នេះ។

ជាការពិតម៉ាឡេស៊ីទំនងជាមិនអាចក្លាយទៅជាកម្ពុជាមួយទៀតទេ ដែលតាមរយៈនោះ ចិនអាចដាក់សម្ពាធឱ្យផ្លាស់ប្តូរនូវកិច្ចការតំបន់របស់ខ្លួនដើម្បីគាំទ្រខ្លួន។ ម៉ាឡេស៊ីបានស្វះស្វែងដើម្បីអនុវត្តនូវនយោបាយការបរទេសឯករាជ្យមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រិត្យ។ ម៉ាឡេស៊ីក៏បានស្វះស្វែងដើម្បីធ្វើជារបងរវាងអាមេរិក និងចិន តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចជា​មួយនឹង​ប្រទេសទាំងនេះ ក៏ដូចជាការរៀបចំផ្នែកសន្តិសុខ ដើម្បីកាត់បន្ថយហានិភ័យទាក់ទងទៅនឹងការងើបឡើងរបស់ចិន។

ការសន្និដ្ឋាន

នៅដំណាក់កាលនេះ ជាការប្រញាប់ពេកដើម្បីវាស់ស្ទង់នូវការប៉ះពាល់ពិតប្រាកដណាមួយដែលកើតចេញពីការបោះឆ្នោតនឹងមកដល់នេះ ហើយទុកឱ្យលទ្ធផលនៃការបោះឆ្នោតនៅអាណត្តិ ទី១៤ នេះ ជាអ្នកសម្រេចទៅលើកិច្ចការអាស៊ីអាគ្នេយ៍ទៅចុះ។ ទោះជាយ៉ាងណាក៏ដោយ ជាការពិតហើយដែលថា បញ្ហានយោបាយការបរទេសនឹងត្រូវបានអនុវត្តដោយភាគីទាំងសងខាង ស្តីពីការបែកបាក់នយោបាយ ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរិមាសម្រាប់ការបោះឆ្នោតនេះ។

នៅក្នុងស្ថានភាពដែលបក្សចម្រុះ PH នឹងឈ្នះឆ្នោតវិញនោះ វានឹងក្លាយទៅជាលើកទីដំបូងនៅក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី ដែលរដ្ឋាភិបាលមិនដឹកនាំដោយបក្ស BN ជាអ្នកកាច់ចង្កូតនៅក្នុងនយោបាយការបរទេសរបស់ម៉ាឡេស៊ី។ វានឹងជួយជំរុញផងដែរឱ្យមាននូវយុគសម័យថ្មីមួយ និងទិដ្ឋាភាពថ្មីមួយសម្រាប់ការវិវត្តរបស់ការទូតម៉ាឡេស៊ី។ ជាការពិតហើយ បើសិនជារដ្ឋាភិបាលដែលដឹកនាំដោយបក្ស BN បន្តនៅកាន់អំណាចវិញនោះ ខ្លួនមិនអាចសង្ឃឹមទៅ​លើសមិទ្ធផលរបស់ខ្លួនឡើយ ហើយគិតថា ខ្លួនអាចបន្តអនុវត្តគោលនយោបាយការបរទេសចេញផុតពីការរិះគន់របស់មហាជន និងបក្សប្រឆាំងនៅម៉ាឡេស៊ីបានទេ។

ព្រឹត្តការណ៍ដែលនាំទៅរកអាណត្តិទី១៤ នេះ បង្ហាញថា ការវិភាគនាពេលអនាគតក្រោយការបោះឆ្នោតនេះ ត្រូវតែគិតគូជាមួយនឹងតថភាពជាក់ស្តែងនៃការតវ៉ានៅក្នុងស្រុកកាន់តែខ្លាំងឡើងទៅលើគោលនយោបាយការបរទេស៕

ប្រភព៖ The Diplomat ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨


No comments:

Post a Comment