Thursday, April 26, 2018

លោក ហេង សំរិន ទទួលស្វាគមន៍ទស្សនកិច្ចជាផ្លូវការរបស់អនុប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតអោយលោកស្រី តុង ធីហ្វុង អនុ​ប្រធាន​រដ្ឋសភា នៃ​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀតណាម ចូល​ជួប​សម្តែង​ការ​គួរសម និងធ្វើ​​សវនាការ​នៅ​វិមាន​រដ្ឋ​សភា​។

ទស្សនកិច្ចជាផ្លូវការរបស់លោកស្រី អនុប្រធានរដ្ឋសភាវៀតណាម ក៏បានភ្ជាប់មកជាមួយ នូវ​ការ​ផ្តល់​កិត្តិយស​ដល់​រដ្ឋសភា​កម្ពុជា តាមរយៈការ​ផ្ទេរអាណត្តិ​ជា​ប្រធាន​ដឹក​នាំ​សភាអាស៊ី-ប៉ាស៊ីហ្វិក (អេភីភីអែហ្វ​-​APPF) បន្ត​ពី​រដ្ឋសភា​វៀតណាម ដែល​ត្រូវ​ចប់​អាណត្តិ មក​អោយ​រដ្ឋ​សភា​កម្ពុជា​ទទួល​ធ្វើ​ជាប្រធានដឹកនាំសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់​កិច្ច​ប្រជុំ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើកទី២៧ ដែល​កម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ​ដែលនឹង​ប្រារព្ធធ្វើ​នៅ​ខេត្តសៀមរាប ក្នុង​ខែ​មករា ឆ្នាំ​២០១៩។

លោក​ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ជាមួយនឹងមោទកភាព​នៃទំនុកចិត្ត ពី​សភា​ប្រទេស​ជា​សមាជិក អេ-ភី-ភី-អែហ្វ រដ្ឋសភា​ព្រះ​រាជា​ណាចក្រ​កម្ពុជា រីក​រាយ​ទទួល​យកនូវ តួ​នាទី​ដ៏មានសារៈសំខាន់​នេះ ហើយសន្យាថានឹងខិតខំបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាព អេ-ភី-ភី-អែហ្វ ឲ្យកាន់តែមានភាពប្រសើរឡើង និងកិត្យានុភាពថែមទៀត នៅលើឆាកអន្តរជាតិ ដើម្បី​រួមចំណែកដល់ការកសាង ថែរក្សា​សុខ​សន្តិភាព និងស្ថិរ​ភាព ដែល​ជា​បុរេលក្ខខណ្ឌ​ចាំ​បាច់​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព។

លោក​ប្រធានរដ្ឋសភា បានចាត់ទុកវត្តមានរបស់លោកស្រី តុង ធីហ្វុង និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​វៀតណាម នៅពេលនេះ បាន​បន្ត​រួមចំណែក​ដ៏ធំធេង​ដល់​កិច្ចខិត ខំប្រឹង​ប្រែង​រួម​គ្នា សំដៅលើកកម្ពស់ទំនាក់ទំនង ចំណង មិត្តភាព សាមគ្គីភាពជាប្រពៃណី និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើគ្រប់​វិស័យ រវាង បក្ស រដ្ឋ រដ្ឋាភិបាល និង​រដ្ឋសភា នៃ​ប្រទេសយើង​ទំាង​ពីរ កម្ពុជា​-វៀតណាម ឲ្យ​កាន់​តែរឹង​មំាខ្លាំងក្លាឡើងថែមទៀត៕






No comments:

Post a Comment