Thursday, April 26, 2018

ទស្សនៈពលរដ្ឋ៖ សម្តីសជាតិមារយាទសត្រកូល!

ថ្ងៃនេះ ខ្ញុំចង់សាកល្បងស្វែង​យល់អំពីទស្សនៈរបស់សុភាសិតបូរាណខ្មែរយើង ដែលយើង​គ្រប់​គ្នាចេះចាំរត់មាត់គ្រប់គ្នាគឺពាក្យថា «សម្តីសជាតិ មាយាទសត្រកូល» ដោយឆ្លុះ​បញ្ចាំង​ពី​ចរិត​របស់អ្នកនយោបាយ ដែលកំពុងដើរតួសម្តែងបោកប្រាស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។   ថ្មីៗនេះ លោក សម រង្ស៊ី ដែលអស់សង្ឃឹមថា​នឹងបានចូលរួមការបោះឆ្នោត​ បាននិយាយ​ដ៏គួរ​ឲ្យ​អស់​សំណើចតាមវិទ្យុអាស៊ីសេរីថា គាត់នឹងធ្វើយុទ្ធនាការ​ឲ្យអង្គការ​សហប្រជាជាតិ​ដកកៅ​អីពី​រាជរដ្ឋាភិបាលក្រោយការបោះឆ្នោតខែកក្កដា ខាងមុខ។

វាមិនចម្លែកទេដែលអ្នកនយោបាយរូបនេះ ប្រើសម្តីបន្ទាបបន្ថោកកិត្យានុភាពជាតិ​របស់ខ្លួន និងជាសម្តីឥតគ្រាប់ មាត់ឥតគម្រប ចេះតែបង្ហូរវាចារ​ខ្វះការទទួលខុសត្រូវ​ ដើម្បីបោក​ប្រាស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ឲ្យលង់ជឿ។ គ្រាន់តែលឺពាក្យនេះ រូប​ខ្ញុំក៏ដូចជា​ពលរដ្ឋខ្មែរជា​ច្រើន​ចង់សើច​ផង និង​ហួសចិត្តផង​ថា មិនគួរ លោក សម រង្ស៊ី ចេះនិយាយបែបនេះចេញមកកើត? ជាបឋម សំណួរមួយបានផុសឡើង​ជាស្វ័យប្រវត្តិថា តើចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ពេល​ដែលរបបខ្មែរក្រហមសម្លាប់ខ្មែរស្ទើរដាច់ពូជទៅហើយនោះ ម្តេចគេមិនបានឃើញ និង​មិន​បាន​លឺលោក សម រង្ស៊ី ចេញ​មុខ​ស្នើអង្គការ​សហប្រជាជាតិ​ឲ្យដក​កៅអី​កម្ពុជា​ពី​ពួក​ខ្មែរ​ក្រហម? ម្តេច​លោក សម រង្ស៊ី មិនចេញមុខទាមទារ​រកប្រជាធិបតេយ្យ និងការគោរព សិទ្ធិ​មនុស្ស​ផង?

បើគាត់បានធ្វើពេលនោះវិញមិនដឹងប្រជាពលរដ្ឋ​ត្រេកអរ​យ៉ាងណានោះទេ? តែស្ងាត់​ឈឹង ស្ងាត់ដូចចោរលួចសេះ។ ម្យ៉ាងទៀត ចេះតែឆ្ងល់ថា តើលោក សម រង្ស៊ី និយាយពាក្យបែបនេះទៅកើតយ៉ាងដូចម្តេច? អង្គការ​សហប្រជាជាតិ​ណាគេ​ទៅ​ទទួលស្គាល់​ចលនាឧទ្ទាមក្រៅច្បាប់ ហើយ​ផាត់​ចោល​រាជរដ្ឋា​ភិបាល​ដែល​កើតចេញពី​ការបោះឆ្នោតនោះ? រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតខែកក្កដា ខាងមុខនេះ គឺជារាជរដ្ឋាភិបាលដែល​កើត ចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ​អ្នកបោះឆ្នោតគាំទ្រ។ ការបោះ​ឆ្នោតទៀត​សោត រៀប​ចំ​ឡើង​ដោយគណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការបោះឆ្នោត (គ.ជ.ប) ដែល បង្កើត​ឡើង​ដោយ​ច្បាប់​កម្ពុជា និងដែលទទួលស្គាល់ដោយ សហគមន៍អន្តរជាតិ មានដូចជាប្រទេសជប៉ុន រុស្ស៊ី ចិន និង​ប្រទេសជាច្រើនទៀត​ជួយ​ជ្រោមជ្រែង។ រីឯការបោះឆ្នោតនេះក៏មាន​គណបក្សជា​ច្រើន​ចូល ប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យ។ តើអ្នកណា​គេយកលទ្ធិ​ប្រជាធិបតេយ្យ​ នៃប្រទេស​មួយទាំង​មូលទៅចងភ្ជាប់ជាមួយគណបក្ស​នយោបាយ​មួយនោះ? ខ្ញុំពិត​ជាមិន​ដែលបាន​លឺទាល់​តែ​សោះ​ហើយ ទើបតែលឺលោក សម រង្ស៊ី ម្នាក់​នេះគត់​ដែលហាក់ដូចជា​ចេះ​តែនិយាយ​ឲ្យតែរួចពីមាត់។ លោកសម រង្ស៊ី ប្រហែលនៅចាំបាន សូម្បី​ជំនាន់​ខ្មែរ​ក្រហម​ប្រល័យ​ពូជសាសន៍ឯង​យ៉ាងរង្គាលគង់អង្គការសហប្រជាជាតិ ទទួលស្គាល់។ នោះទើប​ជា​រឿង​គួរឲ្យឆ្ងល់។ ចុះទម្រាំបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងស្គាល់ការអភិវឌ្ឍយ៉ាងសម្បើម មាន​សុខ​សន្តិភាព ស្ថិរភាព នយោបាយ និងមានកំណើន​សេដ្ឋកិច្ចខ្ពស់ថែមទៀត តើលោក សម រង្ស៊ី ដេកស្រមៃយ៉ាងម៉េចទើបនិយាយពាក្យបែបនេះចេញ?

ប្រហែលជាលោក សម រង្ស៊ី មិនល្ងង់ដល់ម្លឹងទេ ប៉ុន្តែ សារជាតិ​ជាអ្នក​នយោបាយ​ដែល​មិន​ដែល​សប្បាយនឹងឃើញ ការរីកចម្រើន​របស់​ប្រទេសដែល​មិនមែន​ខ្លួនជាអ្នកដឹកនាំ ក៏ចេះ​តែ​ពោល​ពាក្យឥតប្រយោជន៍ ដើម្បីតែគោលដៅនយោបាយ តែភ្លេចគិត​ពីភាព​សមរម្យ​អស់​រលីង។ កាលពីពេលថ្មីៗនេះ ខណៈដែលលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បដិសេធ​មិន​ច​ចារ​​ជាមួយ​ដោយសារតែលោក សម រង្ស៊ី បានវាយប្រហារ និងប្រមាថ ធ្ងន់ធ្ងរបុគ្គលទៅលើគ្រួសារ លោកនាយករដ្ឋមន្ត្រី ហើយលោក សម រង្ស៊ី បែរជានិយាយថា អ្នកនយោបាយដែល​យក រឿង​បុគ្គល​ជាធំជាអ្នកនយោបាយគំនិតរាក់។ ពាក្យនេះធ្លាក់ទៅលើលោក សម រង្ស៊ី ខ្លួន​ឯង​ទាំង​ស្រុង ពីព្រោះ គឺលោក សម រង្ស៊ី នេះហើយដែលមួយជីវិត នយោបាយ​របស់​ខ្លួន​យក​តែរឿង​បុគ្គល​មកធ្វើជាបន្ទាត់​នយោបាយរបស់ខ្លួន។ លោក សម រង្ស៊ី វាយប្រហារ និងប្រមាថ​តែទៅ​លើបុគ្គល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនាយក រដ្ឋ​មន្ត្រី​ជា​រៀង​រហូតមក។

ក្នុងមួយជីវិត​នយោបាយរបស់ សម រង្ស៊ី ដែលដឹកនាំបក្សប្រឆាំងចាប់​ពី​គណបក្ស​ជាតិ​ខ្មែរ គណ​បក្ស​ដែល​មានឈ្មោះ​ខ្លួន​ឯង និង​រហូតដល់​គណ​បក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិន​ដែល​អង្គុយគិតពី​គោលនយោបាយ ដើម្បីយកមកប្រកួតជាមួយគណ​បក្ស​​កាន់អំណាចឡើយ គឺគិត​តែពីការ​វាយប្រហារ​បុគ្គល​តែប៉ុណ្ណោះ។ រហូតដល់​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះជាតិ​រលាយ ក៏គណបក្សនេះនៅតែមិនទាន់មាន​គោល​នយោ​បាយ​​ច្បាស់លាស់​នៅ​ឡើយ។ ទើបតែ​ចុង​ក្រោយ​នេះ មានពួកបរទេស​ជួយជ្រោមជ្រែង​ពី​ក្រោយ​​ទើប​បាន​ជជែកពី​គោលនយោបាយ​តែក៏មិនទាន់បាន​ចេញ​ជារូបរាង ពិតប្រា​កដ​ផង​ក៏ត្រូវតុលាការ​រំលាយចោលបាត់​។ នេះស​បញ្ជាក់​ថា លោក សម រង្ស៊ី ជាអ្នកនយោបាយគំនិត​រាក់កំ​ផែល​ដូច​គាត់​និយាយ​មែន​។ ដោយ​សារ​គំនិតរាក់កំផែល នេះហើយបានជា​បោះឆ្នោត​មិនដែលឈ្នះ​គណបក្ស​កាន់អំណាច ហើយ​ទី​បំផុតងាក ទៅ​រក​វិធីផ្តួលរំលំ​រាជរដ្ឋា​ភិបាល​តាមបែប​បដិវត្តន៍​ពណ៌​វិញ​នោះ​។

ប៉ុន្តែ ដោយសារតែគំនិតរាក់កំផែលនេះដដែល ទើបធ្វើឲ្យផែនការបដិវត្តន៍ពណ៌ត្រូវបរាជ័យ ហើយទីបំផុត គណបក្សក៏​រលាយថែម​ទៀត។ ទោះជារលាយហើយក៏ដោយ ក៏សារជាតិ​អ្នក​នយោបាយដែល​ពោរពេញដោយគំនិត​ឈ្នានិស នៅតែបន្ត​ឃោសនា​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ​ខ្លួនឯង និងបោកប្រាស់​សហគមន៍​អន្តរជាតិ មិនព្រម​ឈប់ឡើយ។ តែពាក្យ​ចាស់​បូរាណ​ពោលថា «ភូតច្រើនចាញ់អាត្មា» មានន័យថា ភូតញឹកពេកគ្មានអ្នកជឿ ហើយទី​បំផុត​​ក៏​កុន​ខ្លួន​ឯង។ ជាក់ស្តែង ពីដំបូងឡើយ សម រង្ស៊ី និងបក្ខពួក ខំអួតក្តែងៗថា បើហ៊ាន​រំលាយ​បក្ស​សង្គ្រោះជាតិ ពលរដ្ឋកន្លះនគរ​នឹងងើបបះបោរ តែពេល​គណបក្ស​នេះ​ត្រូវបា​ន​រំលាយ​ដោយ​តុលាការ​កំពូល គ្មានពលរដ្ឋណាម្នាក់តវ៉ា​សោះ​មាន​ន័យ​ថា ពួកគេ​មិនខ្វល់​ពីការរំលាយ​បក្ស​នយោបាយ​មួយនេះ​ទេ។ សម រង្ស៊ី បន្តភូតទៀតថា គាត់ នឹងធ្វើ​ចលនា​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធមក​លើរាជរដ្ឋាភិបាល​ក្រុងភ្នំពេញ ដល់​ពេល​គាត់ធ្វើចល​នា​អស់ចិត្ត សហគមន៍​អន្តរជាតិ​ក៏នៅស្ងៀម​ឈឹងគ្មានអ្នកណាធ្វើតាមសំណើរ​បស់គាត់ឡើយ​។ សម រង្ស៊ី អស់​​ក្រឡា​ក៏ស្រាប់​តែងា​ក​មអង្វរ​រកការចរចា​ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ដោយ​និយាយ​ថា មាន​តែខ្មែរ និងខ្មែរ ទេទើបអាចនិយាយគ្នាបាន។ សំណើរនេះ​​ក៏ត្រូវបាន​ទាត់ចោល​ដោយបក្សកាន់អំណាចទៀត។ សម រង្ស៊ី កាន់តែអស់ក្រឡា ទ័លច្រក​មែនទែន ក៏​បែរ​មកនិយាយភូត​ទៀត​ថា គាត់នឹងធ្វើយុទ្ធនាការ​ឲ្យអង្គការសហប្រជាជាតិ ដក​កៅ​អីកម្ពុជា​ពីរាជរដ្ឋាភិបាល​ក្រោយការបោះឆ្នោតខែកក្កដា ខាងមុខ។  មិនដឹងថា បោះ​ឆ្នោត​ហើយ ពេល​ដែល​គ្មាន​អ្នកណា​ជួយគាត់​សោះ អ្នកនយោបាយ​ត្រឡប់​ត្រឡិន បាយ​បិណ្ឌ​ជា​បាយបាត្រ​រូប​នេះ​មានក្បាច់អីមក​ភូតទៀតទេ។

ប៉ុន្តែ អ្វីដែលពលរដ្ឋខ្មែរ ស្គាល់ក្រយៅគាត់ច្បាស់គឺ ផែនការបដិវត្តន៍ពណ៌ដែលមាន បរទេស​នៅ​​ពី​ក្រោយ​ខ្នង និងមានបណ្តាញជាអង្គការ​សង្គមស៊ីវិល​ជាតិ អន្តរជាតិ មួយចំនួន និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​បរទេសដូចជា វិទ្យុអាស៊ីសេរីជាដើមនោះ ដែលជាផែនការ ចុងក្រោយ​​ត្រូវបរាជ័យ​ទាំងស្រុង​នៅកម្ពុជា។ អ្វីដែលគេស្គាល់​កាន់តែច្បាស់ទៀតនៅពេលនេះគឺ សម្តី​របស់ សម រង្ស៊ី ជា​សម្តីបំផ្លាញ​ជាតិ បំផ្លាញ​កិត្តិយសប្រទេស​ខ្លួនឯង ដើម្បី​តែ​ចង់​បាន​អំណាច​។ ចំណែកមារយាទ​របស់ សម រង្ស៊ី គឺបញ្ជាក់​ពីនយោបាយ​ក្បត់ជាតិត​ពូជរបស់​គ្រួសារ​ត្រកូល​គាត់​យ៉ាង​ពិតប្រាកដ សម ដូចជាសុភា​សិត​បូរាណខ្មែរថា «សម្តីសជាតិ មារ​យាទស​ត្រកូល»។ ជនក្បត់​ជាតិដែល​ប្រឆាំងនឹង​ផលប្រយោជន៍​ពលរដ្ឋខ្លួនឯង មិនដែលទទួល​​បានជោគជ័យ​ឡើយ។ សូម លោក សម រង្ស៊ី ឬអ្នកនយោបាយដទៃទៀត ចាំទុកចុះ៕
ដោយ កូនខ្មែរ


No comments:

Post a Comment