Monday, April 23, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឱ្យដកសិទ្ធិវិនិយោគលើកោះ ចំពោះក្រុមហ៊ុនណាដែលទទួលបានសិទ្ធិហើយទុកចោលមិនធ្វើការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅស្ថានភាពដែលផ្តល់សិទ្ធិវិនិយោគកោះទៅឱ្យវិនិយោគិនដើម្បីធ្វើការអភិវឌ្ឍ ប៉ុន្តែពួកគេមិនបានធ្វើអ្វីសោះ គឺទុកចោលយូរឆ្នាំចាំតែលក់គម្រោងថាជា «ស្ថានភាពដំរីផើម» ហើយលោកបានដាក់បទបញ្ជាឱ្យធ្វើការដកហូតត្រលប់មកវិញ ដែលមានក្រុមហ៊ុនចំនួន ៣០ ប្រឈមនឹងការដកហូតសិទ្ធិវិនិយោគ ដោយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «កោះមួយចំនួនដែលនៅក្នុងសមុទ្រ ដែលចុះហត្ថលេខារាប់ឆ្នាំហើយនោះ ហើយដែលមិនបានអនុវត្តន៍ ហើយគិតតែពីដើរលក់គម្រោង គឺអត់មានទេ ទោះជាលោកឯងលក់ ក៏ខ្ញុំមិនឱ្យដែរ លក់យកលុយគេអាហ្នឹងជាប់គុកខ្លួនឯងទេ ចាប់ដៃគូបាន ប៉ុន្តែមិនអនុញ្ញាតឱ្យលក់នោះទេ អាហ្នឹងស្ថានភាពពិតប្រាកដ ដែលយើងត្រូវសើរើពិនិត្យមើលព្រោះចុះហត្ថលេខាហើយមិនព្រមធ្វើ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ភារកិច្ចនេះជូន លោក សុខ ចិន្តាសោភា ប្រតិភូអមនាយករដ្ឋមន្រ្តី ធ្វើការពិនិត្យដើម្បីដកហូតកោះទាំងនោះត្រលប់មកវិញ ហើយរៀបចំការវិនិយោគសារជាថ្មី ដោយលោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «មិនអាចឱ្យកោះរបស់យើងដូចរបៀបសព្វថ្ងៃនេះ ដោយគ្មានការគ្រប់គ្រង ហើយអ្នកដែលបានទទួលសិទ្ធិធ្វើការវិនិយោគនោះចេះតែដើរលក់បន្ត បើចាប់ដៃគូគឺអនុញ្ញាត ប៉ុន្តែដៃគូគេលែងហ៊ានចូលមកជាមួយអ្នកទាំងនោះ ដូច្នេះតើរង់ចាំអ្វីទៀត?»។

លោកនាយករដ្ឋមន្ត្រីបានបន្តថា «ដូចកោះទន្សាយនៅតែទន្សាយ ដកមុនគេ ដកអាកោះទន្សាយហ្នឹងតែម្តង ខ្ញុំបញ្ជាឱ្យដកអាកោះទន្សាយ ទៅពិនិត្យមើលកោះទន្សាយ កោះទន្សាយដូចជា ៣ក្រុមហ៊ុន អត់ធ្វើទទេទាំងអស់»៕







No comments:

Post a Comment